Thursday, July 20, 2017

ក្រសួងហិរញ្ញវត្ថុថៃ ចេញសេចក្តីប្រកាស ពីការធ្វើចរាចរប្រាក់បាតក្លែងក្លាយ


ប្រទេសថៃ ៖ ក្រសួងហិរញ្ញវត្ថុ នៅក្នុងប្រទេសថៃ បានចេញសេចក្តីប្រកាសយ៉ាងបន្ទាន់មួយ ដល់បណ្តាមន្ត្រីរាជការ អាជីវករនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើននូវការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការត្រួតពិនិត្យក្រដាសប្រាក់គ្រប់ប្រភេទ ដោយចាប់ពីក្រដាសប្រាក់ប្រភេទ ២០ បាត ដល់ ១ ០០០ បាតព្រោះមានជនទុច្ចរិតបាន និងកំពុងធ្វើចរាចរប្រាក់បាតក្លែងក្លាយ នៅលើទីផ្សារ តាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសថៃ ។
ជាក់ស្តែង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦ និង២០នាទី យប់លោក យីង ឧត្តម រស់នៅផ្ទះលេខ ១១២ ភូមិ១ ឃុំវ៉ាំងជំពូ ស្រុកមឿងភិតប៊ូន ខេត្តភិតប៊ូន ប្រទេសថៃ បានធ្វើដំណើរតាមបណ្តោយផ្លូវពីសារៈបុរី ទៅឡុំសាក់ បានប្រទះឃើញលុយបាតមួយដុំ ដែលក្នុងនោះគឺសុទ្ធតែក្រដាសប្រាក់ ប្រភេទ ១០០០ បាតទាំងអស់ ដោយសរុបមានចំនួន ២១ សន្លឹក ស្មើនឹង ២១ ០០០ បាត ។

ក្រោយពីប្រទះឃើញ និងដោយមានការសង្ស័យ ប្រជាពលរដ្ឋរូបនោះ បានយកលុយទាំងអស់នេះទៅប្រគល់អោយលោកមេភូមិ ដើម្បីអោយលោកជួយពិនិត្យ និងម៉្យាងទៀតក្នុងគោលបំណងស្វែងរកម្ចាស់លុយនោះផង ។ ផ្ទុយទៅវិញលោកមេភូមិបានបញ្ជាក់ថាលុយនេះគឺក្លែងក្លាយទាំងអស់ ប៉ុន្តែបើមើលដោយមិនបានចាប់អារម្មណ៍គឺអាចមានការភ័ន្តច្រឡំថាជាលុយពិត ។

ដោយសារបញ្ហានេះ ទើបនៅថ្ងៃទី១៣ ខែកក្កដា លោក ឆានឆៃ សនសិរីវិឆ័យ ចៅហ្វាយស្រុកមឿងភិតប៊ូន បានចេញសេចក្តីប្រកាសមួយ យ៉ាងបន្ទាន់ដល់អាជ្ញាធរ និងតម្រួតជំនាញ ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ដោយសារតែមានប្រាក់បាតក្លែងក្លាយ ចាប់ផ្តើមចេញធ្វើចរាចរនៅតាមទីផ្សារ ក្នុងប្រទេសថៃហើយ ។

ដោយឡែកនៅក្រសួងហិរញ្ញវត្ថុ ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប មុននឹងប្រគល់ ឬទទួលប្រាក់ ត្រូវពិនិត្យអោយបានច្បាស់លាស់ ព្រោះបច្ចុប្បន្នប្រាក់បាតក្លែងក្លាយមាននៅលើក្រដាសប្រាក់ ២០បាត ៥០បាត ១០០បាត ៥០០បាត និង ១ ០០០បាតព្រមទាំងបានបង្ហាត់ បង្ហាញ អោយប្រជាពលរដ្ឋទាំងអស់ចេះពិនិត្យមើលទៅលើចំណុចសំខាន់ៗនៅលើក្រដាសប្រាក់ ស្របពេលដែលជនទុច្ចរិតកំពុងបន្លំធ្វើចរាចរប្រាក់ក្លែងក្លាយទាំងនេះ ។

ដោយឡែកសមត្ថកិច្ចថៃ ក៏បានធ្វើការប្រកាសផងដែរ អោយប្រជាពលរដ្ឋទាំងអស់ត្រូវរាយការណ៍ជាបន្ទាន់ ខណៈដែលបានប្រទះឃើញមុខសញ្ញាកំពុងធ្វើចរាចរប្រាក់បាតក្លែងក្លាយទាំងនេះ ពិសេសគឺតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវប្រុងប្រយ័ត្ននិងពិនិត្យលើក្រដាសប្រាក់អោយបានម៉ត់ចត់ នៅពេលដែលមានអតិថិជនមកចាក់ប្រេង ៕