Monday, December 14, 2015

បង្ហាញ​មុខ​ក្រុម​ប្លន់​កក្រើក ក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​មុខ​ក្រុមចោរប្លន់​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការដឹកនាំ​បញ្ជា​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ​, ឯកឧត្តម អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ស្នងការរង ប្រធានការិយាល័យ​កណ្តា​ល​នគរបាល​ព្រហ្មទណ្ឌ ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់ ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ អេង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ខណ្ឌចំការមន និង ខណ្ឌមានជ័យ បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​

​លោក​វរសេនីយ៍ទោ អេង សុភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ប្រាប់​កាសែត​នគរបាល​ជាតិ​ថា ជនសង្ស័យ​ចំនួន ៤​នាក់​នេះ ទី​១-​ឈ្មោះ ឆែម សុខ​រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​និង​មុខរបរ ពុំ​ពិតប្រាកដ​, ទី​២-​ឈ្មោះ ណេ​ត វណ្ណី ហៅ ប៊​យ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែកប្រា សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរប​រពុំ​ពិតប្រាកដ​, ទី​៣-​ឈ្មោះ ហង្ស និមល ភេទ ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ សង្កាត់​បឹងទំពុន ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ហាង​ម៉ាស្សា ដូ​រ៉េមី​ស្ប៉ា និង​ទី​៤-​ឈ្មោះ សាន សុធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់នៅ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ហាង​ម៉ាស្សា ដូ​រ៉េមី​ស្ប៉ា ។​
​សមត្ថកិច្ច​បាន​បន្តថា ក្នុង​ការឃាត់ខ្លួន​អ្នក​ទាំង​បួន​នាក់​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាម​រួមមាន អាវុធ​ខ្លី​មួយ​ដើម ម៉ាក ឡុក CS៩៨ លេខ ០០៥៦៤៧​មាន​បង់ ០១ និង​គ្រាប់​១៣, ម៉ូតូ​ចំនួន ០៣​គ្រឿង ម៉ា​កឌូក ពណ៌​ស ខ្មៅ លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១FB-៧៤៨៨, ម៉ាក និច ពណ៌​ស (​បិទ​ស្កុត​ខ្មៅ​) មាន​ស្លាក​លេខ ភ្នំពេញ ១CE-២២៩៩ និង​ម៉ាក​ហុងដា​សេ​១២៥ (​ឈូស​លេខ​តួ និង​លេខ​ម៉ាស៊ីន​) ពាក់​ស្លាក​លេខ កណ្តាល ១Q-២៧៦១, ស្លាក​លេខ​ម៉ូតូ ចំនួន ០៦ (​ភ្នំពេញ ១AU-២១៥៨, ភ្នំពេញ ១P-៣៩៥២, ភ្នំពេញ ១FH-១៧៧៩, ភ្នំពេញ ១FL-4336,  ភ្នំពេញ ១Q-២៧៦១ និង​លេខ​រដ្ឋ ២១-១-១១៦៨ ), ដាវ ០១ កាំបិត ០១ និង ដែក​ចុង​ស្រួច​ចំនួន ០២, ដង្កាប់​ចំនួន ០២ រួម​ទាំង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។ គួរបញ្ជាក់​ដែល​ថា​ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ តែងតែ​ធ្វើ​សកម្មភាព​ប្លន់​បាញ់​ទៅលើ​ជនរងគ្រោះ​ឲ្យមាន​របួស នៅពេល​យប់ ។​
​បច្ចុប្បន្ន វត្ថុតាង​ដកហូត និង​ជនសង្ស័យ​ទាំង​បួន​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​បក្ខពួក​សេសសល់ មាន​ទី​១​ឈ្មោះ សាន សុភាព ហៅ ឡា​តូច​, ទី​២​ឈ្មោះ រ័ត្ន​, ទី​៣​ឈ្មោះ​ទូច​, ទី​៤​ឈ្មោះ តួរ​, ទី​៥​ឈ្មោះ រិទ្ធ​, ទី​៦​ឈ្មោះ អ៊ីវ និង​ទី​៧​ឈ្មោះ រ៉ា​ម កំពុង​គេចខ្លួន សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ និង​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ជនសង្ស័យ ដែល​មានឈ្មោះ​ដូច​ខាងលើ ហើយ​កំពុង​គេចខ្លួន សូម​រាយការណ៍​បន្ទាន់​មក​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕