Monday, December 14, 2015

បង្ក្រាប​ទ​ល្មើស​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ឈូក ឃាត់​មនុស្ស​ ៤២​នាក់​

​ភ្នំពេញ ៖ ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ ដ៏​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​មកហើយ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ គឺ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដែល​សំបូរ​ទៅ​ដោយ​ក្មេង​ទំនើង​គ្រប់​ប្រភេទ បងតូច បងធំ តែងតែ​មក​ប្រមូលផ្តុំ​ជួបជុំគ្នា ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​ការិយាល័យ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​សែន​សុខ បន្ត​ចុះបង្ក្រាប នា​វេលា​ម៉ោង​១៣:០០​នាទី​សៀ​ល ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី ចំនួន ៤២​នាក់ ដកហូត​វត្ថុតាង​មួយចំនួន​។​

​សមត្ថកិច្ច​ប្រាប់ឲ្យដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ឈូក ក្រុមទី​១០ និង​ក្រុម​ទី​១១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នេះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ក្រោយពេល​ទទួលបាន​ប​ទ​បញ្ជា​ពី​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខន សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជ​អាជ្ញ​រងអម​សាលា​រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យដឹងថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ ឃាត់​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​គ្រឿងញៀន ចំនួន ៤២​នាក់ ក្នុងនោះ ស្រី ៤​នាក់ ដកហូត​វត្ថុតាង​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៤​កញ្ចប់ ដំបង កាំបិត និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត នាំ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​
​គួរ​បញ្ជាក់​ឲ្យដឹងថា តំបន់​ភូមិ​ត្រពាំង​ឈូក ក្រុមទី​១០ និង​ក្រុម​ទី​១១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នេះ គឺ​ប្រមូលផ្តុំ​ទៅ​ដោយ​ក្មេង​ទំនើ​ង បងតូច បងធំ​តែងតែ​មកជួបជុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ និង​ព្យាយាម​បង្ក្រាប​ជា​ច្រើន​លើ​ច្រើនសារ​យ៉ាងណាក៏ដោយ ក៏​មិន​ចេះ​អស់​ដែរ ហើយ​នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​នោះ​ដែរ ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​ជា​ទ្រុងទ្រាយ​ធំ​បែបនេះ ៕​