Monday, December 14, 2015

មេ​តុងទីន​ម្នាក់ ប្រមូល​លុយ​ពី​កូនៗ ជាង​២​លាន​ដុល្លារ រត់គេចខ្លួន​បាត់​

​ភ្នំពេញ ៖ ទឹកប្រាក់​ប្រមាណ​ជាង​២​លាន​ដុល្លារ ត្រូវបាន​មេ​តុងទីន​ប្រមូល​ពី​កូនៗ​ដែល​បាន​លេង​ជាមួយ​គ្នា​ប្រមាណ​ជាង​២០០​នាក់​នោះ ត្រូវ​មេ​តុងទីន​ប្រមូលបាន​ហើយ​រត់​គេចខ្លួន​បាត់​ស្រមោល បង្ក​ការភ្ញាក់ផ្អើល​ដល់​កូនៗ​តុងទីន​មក​ចោមរោម​នៅមុខ​ផ្ទះ​មេ​តុងទីន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្រុម​៧ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​មេ​តុងទីន​ដែល​រត់​បាត់​នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ុយ ហួ​ច (​ហៅ​ម៉ែ​អា​ចិន​) អាយុ​៥៧​ឆ្នាំ ប្រកប​មុខរបរ​ធ្វើ​ជា​មេ​តុងទីន និង​ចង​ការប្រាក់ ដែល​មាន​ប្តី​ឈ្មោះ លឹម ស៊ី​ណាត (​ហៅ​ជាង​) ជា​ប្រធាន​ក្រុម​ទៀត​ផង និង​មានកូន​ក្នុងបន្ទុក​៥​នាក់ (​ស្រី​៣)​។​
​ប្រភព​ពី​កូន​តុងទីន​ម្នាក់​បានឲ្យដឹងថា ការ​ដែល​ពួកគាត់​មក​ប្រមូលផ្តុំ​នៅ​មុខ​ផ្ទះ​មេ​តុងទីន​ជាច្រើន​នាក់​បែបនេះ គឺ​ព្រោះតែ​មេ​តុងទីន​បាន​ប្រមូល​លុយ​ពី​ពួកគាត់​សរុប​ប្រមាណ​ជាង​២​លាន​ដុល្លារ ក្រោយ​ពី​ប្រមូល​លុយ​បាន​ហើយ​មេ​បាន​រត់គេចខ្លួន​បាត់​ស្រមោល​។​
​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា តុងទីន​ដែល​ពួកគាត់​លេង​នោះ​មាន​ច្រើន​វាក់ និង​ច្រើន​ក្បាល ដោយ​ក្នុង​១​ក្បាលៗ មាន​ពី​១០០​ដុល្លារ ៦០​ដុល្លារ ៥០​ដុល្លារ ៣០​ដុល្លារ ក្នុង​១​ខែ​។ គ្រាន់​តែ​លុយ​អ្នកលេង​តុងទីន ដែល​មេ​ប្រមូលបាន​នោះ​ក្នុង​ម្នាក់ៗ​អស់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ​។ ក្នុងនោះ​ក៏​មាន​អ្នកខ្លះ​បាន​ចាញ់បោក​ដោយសារតែ​ប្រាក់​ចងការ ដាក់​ប្លង់ដី​ទៅឲ្យ​មេ​តុង​ទីននោះ​ដើម្បី​បាន​ការប្រាក់ និង​អ្នកខ្លះ​ទៀត​បាន​ឲ្យ​លុយ​ទៅ​មេ​តុងទីន​យកប្រាក់​ទៅ​ដាក់​ចងការ​ឲ្យគេ ព្រោះ​ចង់បាន​ការប្រាក់​ស៊ី​នោះ ក៏​អស់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ​ដែរ​។​
​ប្រភព​ពី​កូន​តុងទីន​ខ្លះ​បាន​និយាយថា មូលហេតុ​ដែល​ពួកគាត់​ជឿ​ទុកចិត្ត​ហើយ​បាន​លេង​តុងទីន​ជាមួយ​មេ​តុងទីន​ដែល​រត់​នោះ ព្រោះ​គាត់​ជា​មនុស្ស​រស់​នៅក្នុង​ភូមិ​ជាមួយគ្នា ហើយ​ប្តី​របស់​មេ​តុង​ទីន គឺជា​ប្រធាន​ក្រុម​ទៀត​។ ពួកគាត់​ប្រាប់​បន្តថា ការលេង​តុងទីន និង​ដាក់​ប្រាក់​ចងការ​ជាមួយ​មេ​តុងទីន គឺ​ជាង​១០​ឆ្នាំ​មកហើយ​ពុំដែល​មាន​បញ្ហា​អី​កើតឡើង​ទេ​។ ពួកគាត់​បាន​បន្ត​ទៀត​ថា មុន​ថ្ងៃ​ដែល​មេ​តុងទីន​រត់​នោះ គឺ​កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ មេ​តុងទីន​នោះ​បាន​ដើរ​ប្រមូល​លុយ​ពី​កូនៗ​បាន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​បន្ថែមទៀត ទើប​រត់គេចខ្លួន​បាត់​។​
​ក្រោយ​ពី​ដឹង​ថា មេ​រត់​បាត់​ពួកគាត់​ទាំ​អស់​ជាង​២០០​នាក់ បាន​មក​ប្រមូលផ្តុំ​នៅមុខ​ផ្ទះ​មេ​កកកុញ និង​ថា​ថ្ងៃ​ច័ន្ទ​នឹង​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​រឿងនេះ ៕​