ពោធិ៍សាត់ ៖ ជនរងគ្រោះម្នាក់ឈ្មោះ ខាន់ ចន្ទីម ភេទស្រី អាយុ៣១ឆ្នាំ មានមុខរបរលក់គ្រឿងសំណង់ និងបើកវីងវេរលុយមួយកន្លែងត្រូវក្រុមចោរប្លន់បាញ់សម្លាប់នៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួន នៅចំណុចខាងលិចផ្សារថ្លុកដថ្កោល ស្ថិតក្នុងភូមិថ្លុកដង្កោល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ករណីនេះកើតឡើងនៅវេលាម៉ោង៦:៤០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី៨ ខែធ្នូ ក្រុមចោរបានចូលមកកាត់សោរបងផ្ទះជនរងគ្រោះម្តងរួចមកហើយ លុះម្ចាស់ផ្ទះដឹងទាន់ក្រុមចោរក៏រត់គេចខ្លួនបាត់អស់ទៅ។ លុះដល់ថ្ងៃកើតក្រុមចោរបានចូលផ្ទះជនរងគ្រោះម្តងទៀត ដោយចាប់ប្តីជនរងគ្រោះឈ្មោះ ជ័យ ភា ចងជាប់នៅក្នុងផ្ទះដោយមិនឲ្យរើសរួច ហើយគំរាមយកសោទូរដែកពីម្ចាស់ផ្ទះ តែឈ្មោះ ជ័យ ភា ជាប្តីឆ្លើយប្រាប់ក្រុមចោរថា ខ្លួនមិនមែនជាអ្នកទុកសោទូរស្អីនោះទេ គឺនៅលើប្រពន្ធខ្លួនជាអ្នកគ្រប់គ្រងទាំងអស់ ខណៈនោះជនរងគ្រោះឈ្មោះ ខាន់ ចន្ទីម បានចេញពីផ្ទះទៅពិសារការកូនអ្នកស្រុក លុះត្រឡប់មកដល់ផ្ទះវិញស្រាប់ក្រុមចោរមានគ្នា៣នាក់ទៅ៤នាក់ មានពាក់ម៉ាស់មុខ ប្រដាប់ដោយអាវុធខ្លី១ដើម និងអាវុធវែង៣ដើម គំរាមឲ្យជនរងគ្រោះយកសោទូរមកឲ្យ ហើយឲ្យដោះគ្រឿងអល័ង្កការមាននៅក្នុងខ្លួនជនរងគ្រោះ តែជនរងគ្រោះរងគ្រោះប្រកែកមិនព្រមដោះគ្រឿងអល័ង្កការក្រុមចោរប្លន់ក៏បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ចំគល់ដោះ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួន។
ប្រភពដដែលបានបន្តថា ខណៈនោះឈ្មោះ ជ័យ សុខា មានអាយុ៣៧ឆ្នាំ ត្រូវជាបងបង្កើតរបស់ឈ្មោះ ជ័យ ភា ត្រូវជាប្តីជនរងគ្រោះក៏បានរត់ទៅជួយតែត្រូវក្រុមចោរប្លន់បាញ់ចំឈ្មោះ ជ័យ សុខា តែត្រូវឈើខ្ទាតមកត្រូវចង្អុលដៃខាងឆ្វេង បណ្តាលឲ្យរបួសស្រាល ក្នុងពេលធ្វើសកម្មភាពក្រុមចោរដោះយកគ្រឿងអល័ង្កការពីខ្លួនជនរងគ្រោះមាន ខ្សែកមាស១ខ្សែ ទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែ ទម្ងន់១តម្លឹង ខ្សែកផ្លទីន១ខ្សែ ទម្ងន់៣ជី មានបន្តោងដាំត្បូង ពណ៌ស ជញ្ជៀនមានដាំត្បូង១វង លុយរៀល៨លានរៀល លុយដុល្លារ៥ពាន់ដុល្លារ។
បើតាមការឲ្យដឹងពី លោកវរសេនីយ៍ទោ អ៊ឹត ប៊ុនណា ប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានប្រាប់ថា ក្នុងករណីរឿងនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត បានចាត់បញ្ជាកម្លាំងចុះការពារកន្លែងកើតហេតុ ដើម្បីងាយស្រួលសមត្ថកិច្ចធ្វើការពិនិត្យ និងប្រមូលវត្ថុតាង។ ក្នុងការត្រួតពិនិត្យសមត្ថកិច្ចរកឃើញសំបកគ្រាប់អាកា៣គ្រាប់ និងសំបកគ្រាប់អាវុធខ្លីធុនឡុក២គ្រាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្រុមចោរប្លន់ប្រាកដជាជនរងគ្រោះស្គាល់មុខ ទើបគេបាញ់ឲ្យជនរងគ្រោះស្លាប់បែបបនេះ រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ សមត្ថកិច្ចនៅតែធ្វើការស្រាវជ្រាវបន្តដើម្បីកំណត់បានអត្តសញ្ញាណមុខសញ្ញា ហើយឈានទៅធ្វើការចាប់ខ្លួនពួកក្រុមប្លន់ប្រដាប់អាវុធទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ៕