ក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ នៅថ្ងៃចុងសប្តាហ៍នេះ បានចេញសេចក្តីប្រកាសសម្រេចបិទទីតាំងអាជីវកម្មផលិតស្រានៅទូទាំងខេត្ត ជាបណ្តោះអាសន្នបន្ទាប់ពីបង្កឲ្យមានអ្នកភូមិជាច្រើននាក់ ដែលទទួលទានស្រា.ស ត្រូវរងការពុលស្លាប់ និងរងគ្រោះជាបន្តបន្ទាប់រួចមកនោះ។ ការសម្រេចបិទទីតាំងផលិតស្រា ដោយមានវិធានការតឹងរឹងពីសំណាក់អាជ្ញាធរ គឺបានធ្វើឡើងក្រោយពីពិនិត្យឃើញថា ការស្លាប់របស់អ្នកភូមិចំនួន១៦នាក់ ជាបន្តបន្ទាប់ចាប់ពីចុងខែវិច្ឆិកា មកទល់និងពាក់កណ្តាលខែធ្នូ ចុងឆ្នាំ២០១៥ នេះ គឺផ្តើមចេញដោយសារធាតុពុលរបស់ស្រា.ស។
របាយការណ៍មួយចំនួនបានឲ្យដឹងថា ការស្លាប់មនុស្សប្រុស-ស្រី យ៉ាងហោច ១៦នាក់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ និងរងគ្រោះចំនួនជាង១០០នាក់ នៅតាមបណ្តាស្រុកចំនួន៣ ក្នុងខេត្ត រួមាន ស្រុកសំបូរ ស្រុកស្នួល និងស្រុកចិត្របុរី គឺបង្កឡើងដោយសារតែពុលស្រា។
អាជ្ញាធរខេត្តបានបញ្ជាក់ថា កាលពីចុងខែវិច្ឆិកា កន្លងទៅមានអ្នកភូមិប្រុស-ស្រី ចំនួន៣នាក់ ក្នុងនោះស្រីម្នាក់ នៅក្នុងស្រុកសំបូរ ត្រូវបានស្លាប់ដោយសារតែពុលស្រា។ ក្រៅពីការស្លាប់របស់អ្នកភូមិ នៅស្រុកសំបូរ រួចមកនោះ ក៏មានបាតុភាពពុលស្រាថ្មីមួយទៀត បានកើតឡើងចាប់ពីថ្ងៃទី៨ ខែធ្នូ មកទល់និងថ្ងៃទី១៤ ខែធ្នូ ក៏មានអ្នកភូមិ ចំនួន១៣នាក់ផ្សេងទៀត ត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសង្ស័យថា បណ្តាលមកពីពុលស្រាដូចគ្នា។ អ្នកភូមិប្រុស-ស្រី ដែលជួបហេតុការណ៍ពុលស្រាស្លាប់ ជាលើកចុងក្រោយនេះ គឺបានកើតមាននៅក្នុងស្រុកស្នួល ចំនួន៩នាក់ ស្រី៦នាក់ ស្រុកចិត្របុរី ចំនួន៤នាក់ ស្រី២នាក់។
មន្ត្រីសាលាខេត្តក្រចេះ បានឲ្យដឹងថា បន្ទាប់ពីមានការទទួលរងដោយសារធាតុពុលរបស់ស្រា ដែលអ្នកភូមិបានទទួលទានបណ្តាលឲ្យស្លាប់ និងមួយចំនួនបានរងគ្រោះដល់សិរីរាង្គកាយរហូតពិការជាបន្តបន្ទាប់រួចមកនោះ។ មន្ត្រីជំនាញបាននាំយកសំណាកស្រា.ស ដែលមានការសង្ស័យមានសារធាតុពុលទាំងនោះ ទៅធ្វើកោសល្យវិច្ច័យបានរកឃើញថា មានសារធាតុ មេតាណុល រហូតចាប់ពី៩.៥០ដល់ទៅ១៧.៥០ ដែលសារធាតុនេះលើសពីកម្រិតនៃការអនុញ្ញាតឲ្យប្រើដែលបានកំណត់ត្រឹមតែ០.១៥ តែប៉ុណ្ណោះ ហើយការប្រើប្រាស់លើសសារធាតុមេតាណុលនេះអាចបណ្តាលឲ្យសារជាតិពុលកើនឡើងខ្លាំង។ នេះបើយោងតាមរបាយការណ៍ពិសោធន៍របស់មន្ទីរឧស្សាហកម្មខេត្ត។
ការរីករាលដាលនៃការពុលស្រាបង្កឲ្យមានមនុស្សស្លាប់ គឺត្រូវកើតឡើងសារជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១២ និង១៣ ខែធ្នូ នេះ ដោយមានអ្នកភូមិចំនួន៥នាក់ផ្សេងទៀត បានស្លាប់ ក្នុងឃុំបុសលាវ និងឃុំសំបុក ស្រុកចិត្របុរី ក្នុងនោះមាន២៥នាក់ផ្សេងទៀត កំពុងតែរងគ្រោះ។ ជាមួយនិងការផ្ទុះចេញនូវបាតុភាព អ្នកភូមិស្លាប់ ជាបន្តបន្ទាប់ក្រោមការសង្ស័យថា បណ្តាលមកពីពុលស្រា អភិបាលខេត្តស្តីទី ឯកឧត្តម ហឿ ស៊ីយ៉ែម នៅថ្ងៃទី១៣ ខែធ្នូ បានដឹកនាំមន្ត្រី នៃមន្ទីរជំនាញចុះបិទទីតាំងផលិតស្រាមួយចំនួន នៅក្នុងស្រុកចិត្របុរី និងដកហូតស្រា.ស ស្រាត្រាំថ្នាំ ដែលកំពុងតែដាក់លក់នៅតាមតៀមលក់គ្រឿងទេស។ អភិបាលខេត្តស្តីទី ឯកឧត្តម ហឿ ស៊ីយ៉ែម ក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បើកកិច្ចប្រជុំបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់បិទសប្បកម្មផលិតស្រាអនាធិប្បតេយ្យ និងទប់ស្កាត់ការលក់ដូរចែកចាយ ហើយស្រាវជ្រាវរកប្រភពនាំចូល។
ថ្លែងនៅក្នុងកិច្ចប្រជុំនារសៀលនោះ លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តបានលើកឡើង ដោយជម្រុញឲ្យកម្លាំងនគរបាលស្រុក-ក្រុង ត្រូវមានវិធានការឲ្យបានហ្មត់តចត់ជាមួយអាជ្ញាធរ ដើម្បីបិទអាជីវកម្មផលិតស្រា និងទប់ស្កាត់ការចែកចាយ នៅតាមភូមិ-ឃុំ ទូទាំងស្រុក ក្នុងខេត្ត ជាបណ្តោះអាសន្ន និងរង់ចាំការចុះត្រួតពិនិត្យរបស់មន្ត្រី នៃមន្ទីរជំនាញឲ្យបានត្រឹមត្រូវមុននឹងបន្តអាជីវកម្ម។
លោកឧត្តមសេនីយ៍ស្នងការបានអះអាងថា អាជ្ញាធរនឹងមានវិធានការចំពោះមុខច្បាប់ ជាធរមានលើម្ចាស់ទីតាំងផលិតស្រាណា ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដោយមិនអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរ ហើយកន្លងមកនគរបាលស្រុកស្នួល ក៏ធ្លាប់បានចាប់ឃាត់ខ្លួនអ្នកធ្វើអាជីវកម្មផលិតស្រាម្នាក់នៅក្នុងឃុំស្នួល បញ្ជូនមកឃុំខ្លួននៅពន្ធនាគារ ក្រោយពីរកឃើញថា ការធ្វើអាជីវកម្មផលិតស្រារបស់ជននេះ បានបង្កប៉ះពាល់សុខភាពពលរដ្ឋ នៅស្រុកស្នួល រហូតដល់ស្លាប់ ៕