Monday, December 14, 2015

ឃាត់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន ៥​នាក់

​សៀមរាប​៖ ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហកា​រណ៍​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ និង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ៥​នាក់ ភ្លាមៗ​ក្រោយពេល ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅក្នុង​ភូមិ ឃុំ របស់គាត់ ។​

​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា ជនសង្ស័យ​ទាំង ៥​នាក់ និង​ជា​មុខសញ្ញា​ដែល​ធ្លាប់ធ្វើ​សកម្មភាព​នៅក្នុង​ភូមិ​ក្នុង​រយៈកាល​កន្លងមក​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១:៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​
​លោកនាយ​ការិយាល័យ​បាន​បន្ត​ឲ្យដឹងទៀតថា ជនសង្ស័យ​ទាំង​៥ នាក់​ដែល​ឃាត់ខ្លួន​ក្នុង​កិច្ច​ប្រតិ​បត្ដិការណ៍​នេះមាន ទី​១-​ឈ្មោះ តឹក បូ​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម  ក្រុង​សៀមរាប​, ទី​២-​ឈ្មោះ ស៊ុន វណ្ណ​សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​, ទី​៣-​ឈ្មោះ នី ហ៊ាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​, ទី​៤-​ឈ្មោះ រិន មន្នី​សា​រ៉ា ហៅ​តឿ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​ទី​៥-​ឈ្មោះ សា​រៈ សុភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ សម្ភារ​ដែល​ដកហូត​បា​ន​រួមមាន ម្ស៉ៅ​មេតំ​ហ្វេ​តា​មីន​ចំនួន ២៧​កញ្ចប់​តូច ទម្ងន់​៤​ក្រាម​, ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ២​ដើម​, ពូថៅ​ចំនួន ២​ដើម​, ទូរស័ព្ទ​ចំនួន ៥​គ្រឿង និង​ម៉ូតូ​ចំនួន ២​គ្រឿង ។​
​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង ៥​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ៕