Monday, December 14, 2015

ត្រី​ប្រហុក​ប្រមាណ​ជិត​២០០​តោន ត្រូវ​ក្នុង​ខ្នើត​នេះ នៅ​កំពង់ដរ​ឆ្នុក​ទ្រូ​

កំពង់ឆ្នាំង ៖ នៅ​រដូវ​នេះ ជា​រៀងរាល់ឆ្នាំ ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​មក​តាម​ទីជនបទ ចុះ​មក​តាម​ទី​កំពង់​ទឹក ដើម្បី​ធ្វើ​ជា​ប្រហុក​យកទៅ​ទុក ធ្វើ​ជា​ម្ហូប​អារ​ហារ​រយៈពេល​១​ឆ្នាំ​។ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូរ ឆ្នាំ​២០១៥​កន្លងមកនេះ លោក សោម ភិរុណ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​កំពង់ឆ្នាំង បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ត្រី​ប្រហុក ដែល​ប្រជា​នេសាទ​កំពុង​នេសាទ នៅ​ចំណុច​កំពង់ដរ​ឆ្នុកទ្រូ ក្នុង​ស្រុក​បរិបូណ៌ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ ត្រី​ប្រហុក​ប្រមាណ​ជិត​២០០​តោន ត្រូវបាន​គេ​ដឹក​មក​លក់​នៅ​មាត់​កំពង់ដរ​ឆ្នុកទ្រូ​។​

​លោក សោម ភិរុណ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​កំពង់ឆ្នាំង បានឲ្យដឹងថា​៖ នៅក្នុង​ខ្នើត​ខែ​នេះ គឺ​នៅ​ថ្ងៃទី​២ និង​ទី​៣​កើត ឃើញ​ថា​ត្រី​ប្រហុក​បាន​ចាប់ផ្តើម​ត្រូវ​នៅ​ខាង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​រហូតដល់​ជិត​២០០​តោន​។ ដោយឡែក​នៅ​ចំណុច​៣​ទៀត ដែល​ជា​ទីតាំង​ប្រជាកសិករ​ចុះមក​ធ្វើ​ត្រី​ប្រហុក​ដែរនោះ គឺ​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​កំពង់ឆ្នាំង​, ភូមិ​តា​ជេស និង​ភូមិ​កំពង់​ប្រសាទ ស្រុក​កំពង់ត្រឡាច មិន​ទាន់​ត្រូវ​ត្រី​ប្រហុក​ខ្លាំង​នៅ​ឡើយ​ទេ​។ លោក​បាន​បន្ថែមថា មកដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ខ័ណ្ឌ​រដ្ឋបាល​ជលផល នៅ​មិនទាន់​ប៉ាន់ប្រមាណ លើ​ការប្រមូល​ត្រី​ប្រហុក​នៅ​គ្រប់​ទីកន្លែង​បាន​នៅឡើយ​ទេ ព្រោះថា​ការ​ចរាចរណ៍​របស់​ត្រី គឺ​អាស្រ័យ​ទៅ​នឹង​កត្តា​អាកាសធាតុ​ផងដែរ​។​
​លោក សោម ភិរុណ បាន​អំពាវនាវ​ផងដែរ ដល់​ប្រជាកសិករ​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈ​ជាស្រេច ដើម្បី​ចុះ​មក​ធ្វើ​ប្រហុក​ទុក​ហូប​នៅ​តាម​ទីតាំង​មាត់កំពង់​ទាំង​៤ ព្រោះ​ត្រី​ប្រហុក​ត្រូវតែ​នៅក្នុង​ខ្នើត​តែប៉ុណ្ណោះ ហើយ​នៅ​មាត់​កំពង់ដរ​ឆ្នុកទ្រូ​វិញ ឃើញ​ថា​ប្រជាពលរដ្ឋ​ជាច្រើន បាន​ចុះមក​ធ្វើ​ប្រហុក​ហើយ​នៅ​ដើម​ខ្នើត​នេះ​ផង​ដែរ​៕