Monday, December 14, 2015

សង្គ្រាម​ប្រឆាំង​ភេរវកម្ម នៅ​ប្រទេស​ស៊ី​រី បង្ខំ​ឲ្យ​កងកម្លាំង​យោធា របស់​ប្រទេស​រុស្ស៊ី​និង​ទួ​គី ស្ទើរ​ប៉ះទង្គិច​គ្នា

សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ប្រទេស​ស៊ី​រី បាន​បង្ខំ​ឲ្យ​កងកម្លាំង​យោធា របស់​ប្រទេស​រុស្ស៊ី និង​ទួ​គី ស្ទើរ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​តាម​សមុទ្រ កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ និង​បាន​រុញច្រាន​ឲ្យមាន​ភាព​តានតឹង និង​ប្រឈម​ដាក់គ្នា​ខាង​សព្វាវុធ រវាង​ប្រទេស​ទាំង​ពីរ​យ៉ាង​ខ្លាំង នៅក្នុង​សមុទ្រ មេ​ឌី​ទែ​រ៉ាណេ ។​

​រុស្ស៊ី​និង​ទួ​គី មាន​គោលដៅ​វាយប្រហារ​ទៅលើ​សំបុក​លាក់ខ្លួន របស់​ក្រុម​ភេ​វរ​ករ ISIS នៅក្នុ ង​ប្រទេស​ស៊ី​រី​ដូចគ្នា ប៉ុន្តែ​កងកម្លាំង​យោធា​របស់​ប្រទេស​ទាំង​ពីរ ក៏​តែងតែ​ប៉ះទង្គិច​គ្នា​ផងដែរ ដោយ​ពាក្យ​សំដី​និង​សព្វាវុធ ជាពិសេស​គឺ​ក្រោយពី​កងកម្លាំង​យោធា​របស់​ប្រទេស​ទួ​គី បាន​បាញ់​ទម្លាក់ យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​ប្រទេស​រុស្ស៊ី ។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ភាព​តានតឹង​រវាង​រុស្ស៊ី​និង​ទួ​គី ហាក់ដូចជា​មិន​ថយ​ចុះ​សោះ គឺមាន​តែ​កាន់តែខ្លាំង​ឡើង នៅក្រោយទួ​គី​បាញ់ទម្លាក់​យន្តហោះ​ចម្បាំ​ង​រុស្ស៊ី​។ កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ធ្នូ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​កោះហៅ​ជាបន្ទាន់ មន្ត្រី​យោធា​ទួ​គី ប្រចាំ​ទីក្រុង​ម៉ូស្គូ បន្ទាប់​ពី​នាវាចម្បាំង​រុស្ស៊ី វិះ​តែ​នឹង​បើក​បុក​គ្នា​ជាមួយ​កប៉ាល់​នេសាទ ទួ​គី នៅ​សមុទ្រ Egée តំបន់​មេ​ឌី​ទែ​រ៉ាណេ ។​
​ឧប្បត្តិហេតុ​នេះ បាន​កើតឡើង​នៅពេល​ដែល​កប៉ាល់ចម្បាំង​រុស្ស៊ី បាន​បោះ​យុថ្កា​នៅក្បែរ​កូន កោះ​ក្រិក​ឈ្មោះ Lemnos  ក្នុង​សមុទ្រ Egée​។ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី បានឲ្យដឹងថា នាវិក​លើ​កប៉ាល់ចម្បាំង​រុស្ស៊ី Smetlivy កាលពី​ថ្ងៃអាទិត្យ បាន​សង្កេត​ឃើញ​កប៉ាល់​នេសាទ​ទួ​គី​មួយគ្រឿង ដែល​ស្ថិតនៅ​ប្រមាណ​មួយ​គីឡូម៉ែត្រ បាន​បើក​លឿន​ស្លេវ តម្រង់​ទៅ​កប៉ាល់​រុស្ស៊ី ។​
​តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី បានបង្ហាញ​ថា ដោយសារ​តែ​កប៉ាល់​នេសាទ​ទួ​គី មិន​ឆ្លើយ​អ្វី​ទាំងអស់​តាម​វិទ្យុទាក់ទង កប៉ាល់​រុស្ស៊ី បាន​ប្រើ​អាវុធ​ធុន​តូច​បាញ់​សំដៅ​ទូក​នេសាទ​ទួ​គី រហូត​ដល់​ទូក​ទួ​គី​ត្រូវ​ប្តូរ​ទិសដៅ បើក​បញ្ជៀ​ស​ចេញ​យ៉ាង​ប្រថុចញ៉ុក ពី​កប៉ាល់ចម្បាំង​រុស្ស៊ី ។ នៅ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃអាទិត្យ ក្រសួងការពារជាតិ​រុស្ស៊ី បាន​កោះហៅ​បន្ទាន់​មន្ត្រី​យោធា​ទួ​គី នៅ​ម៉ូស្គូ​ឲ្យចូល​ឆ្លើយបំភ្លឺ​។ រហូតមក​ដល់​ល្ងាច​ថ្ងៃអាទិត្យ រដ្ឋាភិបាល​ទួ​គី​នៅ​មិន​ទាន់​ចេញ​មុខ​និយាយ​ពី​ឧប្បត្តិហេតុ​នេះ​នៅឡើយ​ទេ​។​
​នៅលើ​សមុទ្រ កប៉ាល់ចម្បាំង​រុស្ស៊ី​និង​ទួ​គី បាន​ជៀសផុត​រួច​ពី​គ្រោះថ្នាក់​បើក​បុក​គ្នា​។ ប៉ុន្តែ គឺ​នៅ​លើ​អាកាស ដែល​ទួ​គី​និង​រុស្ស៊ី កំពុង​មាន​បញ្ហា​ជាមួយគ្នា​។ ទីក្រុង​ម៉ូស្គូ​និង​អង់កា​រ៉ា កំពុង​មាន​វិបត្តិ​ការទូត​ជាមួយ​គ្នា​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ទួ​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ដែល​បើ​តាមទួ​គីថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​បើក​រំលោភ​ចូល​ដែនអាកាស​តួ​ក​គី ។​
​ក្រៅតែពី​ប្រកាស​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច លើ​ទួ​គី លោកពូ​ទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី​ប្រុង​ជើងការ​ជានិច្ច ដើម្បី​វាយប្រហារ​លើ​កម្លាំង​នានា ដែល​អាច​គំរាមកំហែង​កងទ័ព​រុស្ស៊ី​ក្នុង​ទឹកដី​ស៊ី​រី​។ លោក​ប្រធានាធិបតី​ពូ​ទីន អាច​ចង់​និយាយ​សំដៅ​វត្ត​មាន​យន្តហោះ​ទួ​គី ដែល​រុស្ស៊ី​ចោទថា បាន​បើក​តាម​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី ក្នុង​ទឹកដី​ស៊ី​រី កាលពី​ចុង​ខែ​វិច្ឆិកា​។​
​នៅក្នុង​ពេល​ដែល​រុស្ស៊ី​និង​ទួ​គី កំពុង​ស្គាល់​ភាព​តានតឹង​នឹង​គ្នា​នេះ ក្រសួងការពារជាតិ​ទួ​គី កាល​ថ្ងៃអាទិត្យ ក៏​បាន​ប្រកាស​ហាម​ដាច់​ខាត មិនឲ្យ​បុគ្គលិក​នាយទាហានទួ​គី ធ្វើដំណើរ​ទៅ​ទឹកដី​រុស្ស៊ី ក្នុង​ហេតុផល​សន្តិសុខ ។​
​សូម​រំឭក​ជូន​បន្តិច​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ លោក​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ ពូ​ទីន ក្នុងឋានៈ​ជា​អគ្គមេបញ្ជាការ​កំពូល​នៃ​ប្រទេស បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ដ៏​សំខាន់ៗ ក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ នៃ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ និង​ក្រុម​នាយទាហានជាន់ខ្ពស់ ជា​មេបញ្ជាការ​កងទ័ព​ប្រភេទ​ប្លែកៗ​។ លោក ពូ​ទីន បាន​ចាប់ផ្តើម​ពី​ប្រតិបត្តិការ ដែល​កង​អាកាស​រុស្ស៊ី បំពេញ​នៅ​ស៊ី​រី តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា​កន្លងមក ដោយ​បាន​បំផ្លាញ​យ៉ាង​ក្រាស់ក្រែល​ទៅ​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ពួក​ភេ​វរជន នៃ​អង្គការ ”​រដ្ឋ​អ៊ីស្លាម​“ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​រុស្ស៊ី តែម្តង​។​
​តាម​ប្រសាសន៍​លោកពូ​ទីន តែ​ក្នុង​រយៈពេល​មិន​ដល់​២​ខែ​កន្លះ​ផង កង​អាកាស​រុស្ស៊ី​បានចេញ ប្រតិបត្តិ​ការប្រមាណ​៤០០០​លើក ដោយ​បាន​កម្ទេច​ទីតាំង ពួក​ភេ​វរជន នៃ “​អង្គការ​រដ្ឋ​អ៊ីស្លាម​” ISIL  អស់​ជាង​៨០០០​កន្លែង​នៅ​ស៊ី​រី លុះ​ទាល់តែ​ពួក​វា​ធ្លាក់ខ្លួន​គ្រាំគ្រា​ទៅហើយ​។ លោក​បាន​ពន្យល់​បំភ្លឺថា មូលហេតុ​ដែល​ញ៉ាំង​រុស្ស៊ី ឲ្យធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី ពី​ព្រោះ​ក្នុង​៤​ឆ្នាំ​កន្លង​ទៅ នៃ​ជម្លោះ​នៅ​ស៊ី​រី  ISIL ចេះ​ដណ្តើម​យក​បាន​២​ភាគ​៣ ដែនដី​ប្រទេស​នេះ ទៅ​ហើយ​មិនតែប៉ុណ្ណោះ លើ​ដែនដី​សហព័ន្ធរុស្ស៊ី​ឯ​ណេះ ដំណើរការ​ក៏​ទាំង ”​កោសិកា​” របស់​ក្រុម​ភេ​វរជន ប្លែកៗ បូក​ទាំង “​កោសិកា​” របស់ ISIL ទៅ​ផង ដែល​ស្ថាប័ន​សន្តិសុខ​ជាតិ​រុស្ស៊ី FSB រមែង​កំចាត់​ពី​មួយពេល​ទៅ​មួយពេល​។
​ក្នុង​សុន្ទរកថា​នោះ ចៅហ្វាយ​វិ​មានក្រេ​មឡាំង មិន​ភ្លេច​ឡើយ​ពី​យោធា​រុស្ស៊ី ដែល​បំពេញ​កាតព្វកិច្ច​ខ្លួន ក្នុង​ប្រតិបត្តិការ​នោះ​ស្រាប់តែ​អភ័ព្វ​ស្លាប់ទៅ​។ ដោយ​បញ្ឆិតបញ្ឆៀង​ទៅ​ទួ​គី កុំ​ឲ្យ​ចាត់ចែង​ឡើងជា​អំពើ​បង្ក​ហេតុ​អ្វី​ណា ប្រឆាំង​នឹង​យោធា​រុស្ស៊ី​ទៀតឡើយ លោកពូ​ទីន ឆ្លៀត​ព្រមាន​ថា រុស្ស៊ី​បាន​ចាត់វិធានការ​បន្ថែម​យ៉ាង​ដិត​ដល់​ទៅ​ហើយ ខាង​ធានា​ដល់​សន្តិសុខ ទាំង​យោធា​ខ្លួន ទាំង​មូលដ្ឋាន​យោធា​ខ្លួន​នៅ​ស៊ី​រី ដែល​ឥឡូវ​ពង្រឹង​ទៅដោយ​ក្រុម​យន្តហោះ​ប្រមាញ់ និង​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ប្រសិទ្ធិភាព​ខ្ពស់​។​
​លោកពូ​ទីន បាន​សង្កត់ធ្ងន់ថា ចាប់ពី​ពេលនេះ​តទៅ យន្តហោះ​រុស្ស៊ី​ណាក៏ដោយ ដែល​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់ ISIL គឺ​តែង​ហោះ​អមដោយ​យន្តហោះ​ប្រមាញ់​ជានិច្ច​។ លោក​បាន​បញ្ជា​ឲ្យ​យោធា​រុស្ស៊ី​ប្រតិកម្ម “​យ៉ាង​ម៉ឺងម៉ាត់​បំផុត​” គឺថា​កម្ទេចចោល ដោយ​គ្មាន​ប្រណី និង​ឥត​បង្អែបង្អង់​ឡើយ រាល់​តែ​ទីដៅ​ណា ដែល​ពាំនាំ​ជា​គ្រោះថ្នាក់ ដល់​ក្រុម​យន្តហោះ​រុស្ស៊ី ឬ ដល់​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​រុស្ស៊ី​នៅលើ​ដី​។​
​ចំណែក​លោក​រដ្ឋមន្ត្រី​ការបរទេស​ទួ​គី Mevlut Cavusoglu អំពាវនាវ​រុស្ស៊ី ដែល​គាត់​ចាត់ទុកថា ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ របស់​ទួ​គី​ឲ្យ ”​ស្ងប់ចិត្ត​” ទៅ​ទាំង​ចង្អុល​ឲ្យឃើញថា សេចក្តី​អំណត់​អត់ធ្មត់​របស់​ទួ​គី មិនមែន​គ្មាន​ព្រំដែន​ទេ​។ តាម​សម្តី​គាត់ បើ​ទួ​គី​គ្មាន​ចេតនា​សងសឹក​ទល់នឹង​រុស្ស៊ី ចំពោះ​អ្វីៗ​ដែល​រុស្ស៊ី បាន​ធ្វើ​មកលើ​ខ្លួន គឺ​មិនមែន​មានន័យថា ទួ​គី​ភ័យខ្លាច ឬ​ក៏​យល់​ក្នុង​ចិត្ត​ថា ខ្លួន​ជាប់​ពិរុទ្ធ​អ្វី​ណា​នៅ​ពីមុខ​រុស្ស៊ី​ឡើយ ។​
​ភាព​តានតឹង​និង​សង្គ្រាមពាក្យសំដី នៅតែ​បន្ត​មាន​រវាង​រុស្ស៊ី​និង​ទួ​គី គិត​ចាប់តាំងពី​ទួ​គី បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់​រុស្ស៊ី កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​។ ប្រធានាធិបតី​តួ​ក​គី លោក​រេ​ស៊ី​ប អ៊ែរ​ដូ​ហ្កាន បាន​និយាយថា ទួ​គី​កំពុង​រក​ប្រទេស​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ក្រៅពី​រុស្ស៊ី​។​
​នៅ​ផ្នែក​ការទូត រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទួ​គី ទើបតែ​បាន​អំពាវនាវ​ឲ្យមាន​ការពិភាក្សា ជាមួយ​រុស្ស៊ី ដើម្បី​បន្ថយ​ភាព​តានតឹង ប៉ុន្តែ​នៅ​ផ្នែក​នយោបាយ​វិញ ប្រមុខ​រដ្ឋទួគី បានប្រកាស​ដំណឹង​មួយ ដែល​នឹង​ធ្វើឲ្យ​ទីក្រុង​ម៉ូស្គូ មិន​សប្បាយចិត្ត ៕