បាត់ដំបង ៖ ចោរប្លន់ចំនួន៥នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយអាវុធវែងខ្លីចំនួន៣ដើម បានបាញ់គំរាមអ្នកលក់មាស២នាក់ប្តីប្រពន្ធ ហើយប្លន់យកគ្រឿងអលង្ការ និងមាស ប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់បានសម្រេច ខណៈជនរងគ្រោះបានបើករថយន្តចេញពីកន្លែងលក់មាសនៅផ្សារណាត់មកដល់ខាងមុខផ្ទះឈប់បម្រុងចូលផ្ទះ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៥ នៅចម្ងាយពីអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ករណីប្លន់អ្នកលក់មាសនេះ ចោរប្លន់មិនបានបង្កការគ្រោះថ្នាក់អាយុជីវិតដល់ជនរងគ្រោះនោះឡើយ គ្រាន់តែប្លន់យកទ្រព្យសម្បត្តិប៉ុណ្ណោះ។
អាជីករលក់មាសដែលជាជនរងគ្រោះប្តីឈ្មោះ ហេង ជីឃាង អាយុ៣៦ឆ្នាំ ចំណែកប្រពន្ធគេមិនទាន់ស្គាល់ឈ្មោះនោះទេ ជនរងគ្រោះរស់នៅចំណុចកើតហេតុខាងលើ។ ក្រោយពីកើតហេតុនោះភ្លាមគេឃើញកម្លាំងនគរបាល និងអាវុធហត្ថខេត្ត បានចុះមកដល់កន្លែងកើតហេតុហើយពង្រាយកម្លាំងធ្វើការហ៊ុមព័ន្ធគ្រប់ច្រកល្អកនៅក្នុងក្រុងបាត់ដំបង ហើយឈានដល់ការឆែកឆេរផ្ទះសំណាក់ សណ្ឋាគាររួមនិងហាងលក់សម្លៀកបំពាក់រហូតដល់៣កន្លែង សមត្ថកិច្ចធ្វើការត្រួតពិនិត្យរកឃើញជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន៤នាក់ ដេកក្នុងផ្ទះសំណាក់សមត្ថកិច្ចក៏បាននាំខ្លួនយកមកសាកសួរតាមនីតិវិធី ក៏ប៉ុន្តែក្រោយពីការសាកសួរតាមជំនាញជនសង្ស័យទាំង៤នាក់ មិនជាប់ពាក់ព័ន្ធនិងអំពើប្លន់នោះឡើយ។ ការតាមក្រុមចោរប្លន់ទាំងនោះនៅយប់ថ្ងៃដដែលគេឃើញសមត្ថកិច្ចខិតខំប្រឹងប្រែងដេញប្រម៉ាញ់ចំណាយពេលពេញមួយយប់ មិនតែប៉ុណ្ណោះបានដាក់កម្លាំងឆែកឆេរតាមផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅភ្នំពេញទៀតផង។ លុះការប្រម៉ាញ់របស់សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បិទស្កត់ខ្មៅហើយយកថង់ផ្លាស់ស្ទិកបិទស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ស្រុកមោងឫស្សី សមត្ថកិច្ចមានការសង្ស័យដេញតាមអ្នកជិះម៉ូតូទាំង២នាក់ ពួកវាមានការភ័យខ្លាច ក៏ផ្តួលម៉ូតូរត់គេចខ្លួនចូលព្រៃបាត់ សមត្ថកិច្ចក៏បានប្រទះឃើញកាំភ្លើងខ្លីកា៥៩មួយដើម មានគ្រាប់៧គ្រាប់ ដែលធ្លាក់នៅកន្លែងនោះ សមត្ថកិច្ចក៏បានយកកាំភ្លើង និងម៉ូតូ១គ្រឿង មករក្សាទុក។ បន្ទាប់មកនៅវេលាម៉ោងជាង១យប់អាធ្រាត្រ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ក៏មានបុរសម្នាក់បានជិះកង់ម្នាក់ឯង នៅលើផ្លូវជាតិលេខ៥ បម្រុងចូលក្រុងបាត់ដំបង ដើម្បីបន្លំខ្លួន ហើយប៉ះជាមួយនិងកម្លាំងអាវុធហត្ថកំពុងល្បាត នៅពេលនោះកម្លាំងអាវុធហត្ថមានការសង្ស័យក៏បានហៅបុរសនោះឲ្យឈប់ធ្វើការឆែកឆេរស្រាប់តែរកឃើញចិញ្ចៀនចំនួន២៩វង់ ក្រវិលចំនួន១៦គូ និងកូនកាបូបដាក់លុយមួយ ក្នុងនោះមានលុយចំនួន២ម៉ឺនរៀល ដែលបានដាក់ក្នុងថង់។ កម្លាំងអាវុធហត្ថក៏បានឃាត់ខ្លួនដើម្បីយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជននោះក៏បានឆ្លើយសារភាពថារូបគេជាសមាជិកក្រុមចោរប្លន់នោះមែន។ លុះនៅថ្ងៃទី១៣ដដែលនោះដែរនៅវេលាម៉ោង១០:២០នាទីព្រឹកកម្លាំងនគរបាលខេត្តបាត់ដំបង និងនគរបាលស្រុកមោងឫស្សីសហការគ្នាបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនផ្តួលម៉ូតូចោលកាលពីយប់ នៅក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ហើយចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកមកសាកសួរបន្ថែមទៀត។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ យ៉ាន់ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិស្តៅអែម ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ ជននេះត្រូវអាវុធហត្ថឃាត់ខ្លួន, ទី២.ឆ្មោះ នៅ រស់ ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង បច្ចុប្បន្នគ្មានទីលំនៅពិតប្រាកដ ជននេះត្រូវកម្លាំងនគរបាលជាអ្នកបង្ក្រាបបាន។ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនត្រូវបានគេទូរស័ព្ទឲ្យឡើងមកបាត់ដំបងដើម្បីធ្វើសកម្មភាពប្លន់ ហើយនៅពេលមកដល់ គឺពួកគេទាំង៥នាក់ ស្នាក់នៅក្នុងផ្ទះសំណាក់ រហូតដល់ថ្ងៃធ្វើសកម្មភាពតែម្តង។ លុះក្រោយពេលធ្វើសកម្មភាពបានសម្រេចរួចមក ពួកគេទាំងពីរនាក់ត្រូវបានបក្ខពួកចែកឲ្យនូវគ្រឿងអលង្ការដាក់កេសមួយ ដើម្បីចែកគ្នា បន្ទាប់មកក៏បែកផ្លូវគ្នារៀងៗខ្លួន។ ជនសង្ស័យបានប្រាប់ទៀតថា សម្រាប់ជនបក្ខពួក៣នាក់ទៀត គឺពួកខ្លួនមិនស្គាល់ច្បាស់នោះទេ ដោយគ្រាន់តែដឹងថា ពួកគេគឺរស់នៅក្នុងខេត្តបាត់ដំបង។
បច្ចុន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នរង់ចាំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកនៅសេសសល់៣នាក់ទៀត សមត្ថកិច្ចកំពុងតែបន្តតាមប្រម៉ាញ់ស្វែងរកចាប់ឃាត់ខ្លួនបន្ថែមទៀត។
សូមបញ្ចាក់ថា គ្រឿងអលង្ការដែលក្រុមចោរប្លន់យកទៅរួមមាន ប្រាក់ខ្មែរ ៨លានរៀល ប្រាក់អាមេរិច៩០០ដុល្លារ ប្រាក់ថៃ៤ពាន់បាត និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ៕