Monday, December 14, 2015

ប្រមុខ​រាជរដ្ឋាភិបាល ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ធ្វើ​សកម្មភាព​ព្រមៗ​គ្នា វាយ​បង្ក្រាប​ពួកឧក្រិដ្ឋជន ប្លន់​ប្រដាប់អាវុធ និង​គ្រឿងញៀន​

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ដាក់​បញ្ជា​ផ្ទាល់មាត់​ជាថ្មីទៀត ឲ្យ​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ជាន់ថ្នាក់ នៅ​ទូទាំង​ប្រទេស ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​បើក​ប្រតិបត្តិ​ការព្រមៗ​គ្នា វាយ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចោរប្លន់​ប្រដាប់អាវុធ និង​គ្រឿងញៀន នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។​

​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នេះ បាន​ធ្វើឡើង​ដោយ​យោង​លើ​សភាពការណ៍​សន្តិសុខ នៅ​ទូទាំង​ប្រទេស ជាពិសេស​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​អំពើ​ប្លន់​ទ្រព្យសម្បត្តិ​ប្លន់​ម៉ូតូ បាន​កើតឡើង​យ៉ាង​ខ្លាំង នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដូចជា នៅ​បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កណ្តាល ជាដើម​។​
​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ «​ការបញ្ជ្រាប​ទស្សនទាន​សីលធម៌​សាសនា ដើម្បី​សុខដុម​នីយកម្ម​នៅ​កម្ពុជា​» ក្នុងឱកាស​ឧទ្ទិស​ចំពោះ​ទិវា​បួងសួង និង​សកម្មភាព​សាសនា ដើម្បី​កុមារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ត្រូវធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​របស់​យើង បាន​មិន​ត្រឹមតែ​សន្តិភាព​ទាំងមូល​នោះ​ទេ ក៏ប៉ុន្តែ​សន្តិភាព​ខាង​ផ្លូវចិត្ត វៀរចាក​ផុតពី​អំពើ​ប្លន់​នៃ​ពួក​ទុច្ចរិត​។​
​តាមរ​បា​ការណ៍​បានឲ្យដឹងថា ក្រុម​ឧក្រិដ្ឋជន​ដែល​ជា​ចោរប្លន់​នោះ មុខ​ដដែលៗ ហើយ​ដែល​ក្រុម​មួយ​នោះ បាន​បាញ់​តដៃ​ជាមួយ​កងរាជអាវុធហត្ថ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដែល​ត្រូវ​អាវុធហត្ថ ប្រើ​សិទ្ធ​ការពារ​ខ្លួន ក្នុងពេល​ប្រតិបត្តិការ គឺ​មុខសញ្ញា​ដែល​ស្លាប់​ពីរ​នាក់​នោះ ទើប​ដោះលែង​ចេញពី​គុក​។ ទាក់ទង​បញ្ហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ សូម​ឲ្យ​ឯកឧត្ដម រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ពិនិត្យពិច័យ អ្នក​ដែល​ជាប់គុក ដោយសារ​ប្លន់ និង​គ្រឿងញៀន ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់ កុំ​សូវ​ដោះលែង​ពេក ឲ្យតែ​ចេញ​មក​វា​ប្លន់​ដដែលៗ គឺ​មាន​របាយការណ៍​ករណី​នេះ​ច្រើន​កន្លែង​ណាស់​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ធ្វើការ​ជាមួយ​ខាង​ពន្ធនាគារ​អំពី​បញ្ហា​នេះ ដោយហេតុ​ថា របាយការណ៍​របស់​អាវុធហត្ថ និង​នគរបាល​ឲ្យដឹងថា មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ហ្នឹង គឺជា​មុខសញ្ញា​ដែល​ត្រូវបាន​លើកលែងទោស ហើយ​ពេល​ចេញ​មក គឺ​ធ្វើ​សកម្មភាព​ប្លន់​ទៀត លួច​ទៀត ជួញដូរ​គ្រឿងញៀន​ទៀត ។​
​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា សម្តេច​ក៏​បានដាក់​បញ្ជា​បន្ថែម​រួច​មក​ហើយ សកម្មភាព​ក៏​ត្រូវតែ​បាន​ធ្វើ​ដោយ​ព្រមៗ​គ្នា គ្រប់​កម្លាំង ហើយ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន ដើម្បី​វាយ​បំបែកសំបុក​ពួក​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ទាំងនេះ​។ ដូច្នេះ​ចំណុច​នេះ សូម​ឲ្យ​ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ជាមួយនឹង​ការសហការ​របស់​ប្រជាពលរដ្ឋ​របស់​យើង​៕