ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ នឹងប្រកាសបើកដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យសុវត្ថិភាពអ្នកធ្វើដំណើរនៅតាមដងផ្លូវនៅទូទាំងរាជធានីភ្នំពេញ និងកន្លែងទទួលពាក្យបណ្តឹងបទល្មើសចរាចរណ៍នៅទូទាំងប្រទេស ។
ឯកឧត្តមឧត្តមសេនីយ៍ទោ មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែធ្នូនេះថា នេះគឺជាជំហានដំបូងដែលក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានផ្តល់ជំនួយមកក្រសួងមហាផ្ទៃកម្ពុជា នូវការបំពាក់សំភារៈការ៉ាម៉ានៅតាមដងផ្លូវចំនួនជាង ២០០កាមារ៉ាដើម្បីបញ្ជូនរូបភាព ស្នាក់ការកណ្តាល ។
សម្រាប់ការប្រកាសបើកដំណើរការផ្លូវការនូវកាម៉ារ៉ាត្រូតពិនិត្យសន្តិសុខ ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ និងកន្លែងទទួលពាក្យបណ្តឹងនៅទូទាំងប្រទេសតាមប្រព័ន្ធទូរសព្ទដៃលេខ ១១៧ ឬ១១៨ នឹងមានអញ្ជើញចូលរួមពីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនតំណាងដោយ ឯកឧត្តម អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការទំនាក់ទំនងទំនងអន្តរជាតិ ចិន និងប្រតិភូនគរបាលចិនជាច្រើនរូបទៀត និងភាគីកម្ពុជា តំណាងឯកឧត្តមឧត្តមសេនីយឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា នេះគឺផ្នែកមួយនៃសម្ភារនគរបាលដែលក្រសួងសន្តិសុខសាធារណៈចិន បានផ្តល់មកក្រសួងមហាផ្ទៃកម្ពុជា ។
បន្ទាប់ពីប្រកាសបើកដំណើរការ នូវកាមារ៉ាគ្រប់គ្រងសន្តិសុខចរាចរណ៍ និងសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញ នគរបាលនឹងអាចគ្រប់គ្រងបាននូវបទល្មើសនានានៅតាមដងផ្លូវបានប្រសិទ្ធភាព ហើយឯកឧត្តម ក៏បានស្នើឲ្យបណ្តាអ្នកធ្វើដំណើរទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយបទល្មើសនានានៅតាមដងផ្លូវ ៕