ក្រុមសិទ្ធិមនុស្ស បានចេញនូវរបាយការណ៍ថ្កោលទោសមួយ ចំពោះការព្រួតគ្នាទម្លាក់គ្រាប់បែកតាមយន្តហោះសម្លាប់មនុស្សរាប់ម៉ឺននាក់ នៅប្រទេសស៊ីរី ពីសំណាក់ប្រទេសមហាអំណាចខាង សព្វាវុធនៅជុំវិញពិភពលោក ។
នៅពេលបច្ចុប្បន្ននេះ មានប្រទេសមហាអំណាចខាងសព្វាវុធចំនួន៥ប្រទេស មានប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស បារាំង និងអ៊ីស្រាអែល កំពុងព្រួត រួមដៃគ្នាទម្លាក់គ្រាប់បែក តាមយន្តហោះ និងបាញ់គ្រាប់មីស៊ីលផងដែរ ទៅលើទីតាំងរាប់ពាន់កន្លែងនៅប្រទេសស៊ីរី ក្នុងគោលដៅវាយប្រហារកម្ទេចក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម ISIS ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ ការវាយប្រហាររបស់ប្រទេសមហាអំណាចខាងសព្វាវុធ គឺបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់រាប់ម៉ឺននាក់ ដែលជាប្រជាពលរដ្ឋគ្មានកំហុសអ្វីសោះ ។
រហូតមកដល់ដំណាច់ឆ្នាំ២០១៥នេះ ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមនៅប្រទេសស៊ីរី បានកើន ឡើងដល់ជាង២៥ម៉ឺននាក់ហើយ រួមទាំងមនុស្សប្រមាណជាង៦លាននាក់ផ្សេងទៀត បានរត់ភៀសខ្លួនចាកចោលទឹកដីកំណើតរបស់ខ្លួន ចូលទៅជ្រកកោនក្នុងជំរុំជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសទួគី លីបង់ និងប្រទេសហ្សកដានី ហើយជនភៀសខ្លួនមួយចំនួនទៀត បានចូលទៅក្នុងសហភាពអឺរ៉ុបដោយខុសច្បាប់ ដែលមួយចំនួនបានបាត់បង់ជីវិតតាមផ្លូវផងដែរ ។
ក្នុងពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី បានដណ្តើមកាន់កាប់មកវិញ នូវតំបន់ភាគខាងជើង នៃប្រទេសពីកណ្តាប់ដៃពួកភេរវនិយម អង្គការការពារសិទ្ធិមនុស្សHRW បានធ្វើការបរិហារការប្រើប្រាស់គ្រាប់បែក សម្លាប់មនុស្សកាន់តែច្រើនឡើងៗ ចាប់តាំងពីថ្ងៃទី៣០កញ្ញា ថ្ងៃដែលរុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលលោក បាស្ហារ អាល់អាសាដ ចាប់ដៃគ្នាបើកយុទ្ធនាការវាយប្រហារក្រុមឧទ្ទាម។
ភាគខាងជើង ខេត្តអាឡិប ដែលជាតំបន់យុទ្ធសាស្ត្ររបស់ស៊ីរី ត្រូវបានកងកម្លាំងរដ្ឋាភិបាល របស់បាស្ហារ អាល់អាសាដ ដណ្តើមយកមកគ្រប់គ្រងវិញ ហើយកាលពីថ្ងៃអាទិត្យទី២០ ខែធ្នូនេះ។ មុននឹងដណ្តើមគ្រប់គ្រងតំបន់អាឡិបបានមកវិញ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងស៊ីរី និងពួកឧទ្ទាម។ កងទ័ពអាកាសស៊ីរីនិងរុស្ស៊ី បានបាញ់រះពីលើមេឃប្រមាណ៤០ប្រាវ ព្រមទាំងទាំងការផ្លោងទម្លាក់គ្រាប់បែក សម្លាប់ពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយម រណសិរ្សអាល់ណូស្រា ១៦នាក់ ក្នុងនោះក៏មានជនស៊ីវិលខ្លះដែរ ព្រមទាំងជនរងរបួសជាង៥០នាក់។
ប៉ុន្តែទន្ទឹមនឹងជោគជ័យនេះ អង្គការការពារសិទ្ធិមនុស្ស HRW បានចេញរបាយការណ៍ក្នុងថ្ងៃតែមួយ បរិហាររបបលោក បាស្ហារ អាល់អាសាដ និងសម្ព័ន្ធមិត្តរុស្ស៊ីថា បានប្រើគ្រាប់បែកសម្លាប់មនុស្សកាន់តែច្រើនឡើងៗ។ គិតចាប់តាំងពីរុស្ស៊ី បានចូលដៃប្រើកម្លាំងកម្ចាត់ពួកភេរវនិយមនៅស៊ីរី ក្បែររដ្ឋាភិបាលមកអង្គការ ឃើញមានការរំលោភប្រើគ្រាប់បែកយ៉ាងហោច២០ដង ក្នុងការវាយប្រហារ៩កន្លែង សម្លាប់មនុស្សយ៉ាងហោច៣៥នាក់ ព្រមទាំងមានភស្តុតាងជារូបថតទៀត។ គ្រាប់បែកសម្លាប់មនុស្ស មិនមែនត្រឹមជាគ្រាប់កប់ក្នុងដីទេ តែអាចជាគ្រាប់បាញ់ចេញពីកាំភ្លើងធំ ឬទម្លាក់ពីយន្តហោះផង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសេចក្តីសម្រេចចិត្ត លេខ ២១៣៩ កាលពីថ្ងៃទី ២២កុម្ភៈ២០១៤ ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធនៅស៊ីរី ឈប់ប្រើគ្រាប់បែក និងអាវុធសម្លាប់មនុស្សទាំងងងឹតងងុល។ រដ្ឋាភិបាលស៊ីរីខ្លួនឯង ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីខែវិច្ឆិកា ២០១៥ ធានារ៉ាប់រងថា មិនប្រើអាវុធសម្លាប់មនុស្ស បែបមិនរើសមុខឡើយ។ ប៉ុន្តែជាសន្យាខ្យល់ ព្រោះគ្រាប់បែកនៅតែបន្តផ្ទុះសម្លាប់ជនស្លូតត្រង់។
តាំងពីថ្ងៃទី៣០ កញ្ញាមក រុស្ស៊ីបានចូលធ្វើអន្តរាគមន៍យោធា ជួយរដ្ឋាភិបាលស៊ីរី បើកយុទ្ធនាការកម្ចាត់ពួកភេរវនិយម នៃអង្គការរដ្ឋអ៊ីស្លាម និងអង្គការភេរវនិយមផ្សេងទៀត ប៉ុន្តែប្រទេសលោកខាងលិចបាននិងពួកឧទ្ទាមចោទថារុស្ស៊ី ផ្ទង់ការវាយប្រហារមកលើតែពួកឧទ្ទាមប្រឆាំងនឹងរបបក្រុងដាម៉ាសច្រើនជាងពួកជីហាត ។
ទាក់ទិនទៅនឹងសង្គ្រាមនេះដែរ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយដែរ ដោយចាត់ទុកសតវត្សរ៍ទី២១នេះ ជាពិសេសគឺឆ្នាំ២០១៥ គឺជាឆ្នាំដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ ។
សតវត្សរ៍ទី២១ គឺជាសតវត្សរ៍ដែលចំនួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនបានកើនឡើងខ្ពស់កប់ពពក។ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានឲ្យដឹងថា គិតមកដល់ពាក់កណ្តាលឆ្នាំ២០១៥ ចំនួនមនុស្សដែលត្រូវផ្លាស់ទីដោយបង្ខំ នឹងកើនឡើងជាង៦០លាននាក់។ មានន័យថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស១២២នាក់ នៅក្នុងពិភពលោក ត្រូវគេបានបង្ខំឲ្យបោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន។ ជារៀងរាល់ថ្ងៃ មានមនុស្ស៤៦០០ ក្នុងពិភពលោកដែលបានក្លាយខ្លួនជាជនភៀសខ្លួន។ របាយការណ៍របស់ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានបង្ហាញថា នៅ៦ខែ ដើមឆ្នាំ ២០១៥ មានមនុស្សយ៉ាងតិច ៥លាននាក់ ត្រូវរត់ផ្លាស់ទី។ ក្នុងចំណោមនោះ មាន៤លាន២សែននាក់ រត់ផ្លាស់ទី នៅក្នុងប្រទេស ចំណែកជាង ៨សែននាក់ផ្សេងទៀត បានឆ្លងព្រំដែនរត់ទៅជ្រក នៅជំរំជនភៀសខ្លួន នៅបរទេស។
ចំនួនមនុស្សផ្លាស់ទីនិងជនភៀសខ្លួន មានប្រមាណ៥៩លាន៥សែននាក់ នៅឆ្នាំ២០១៤។ តាមអង្គការសហប្រជាជាតិ បើមើលតួលេខកើនឡើងខ្ពស់ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ គេរំពឹងថា ចំនួនជនភៀសខ្លួនមនុស្សរត់គេចចេញពីផ្ទះសម្បែង នៅក្នុងពិភពលោកនឹងមានច្រើនជាង៦០លាននាក់។ ជាចំនួនដ៏ច្រើនលើសលប់ ដែលគេមិនធ្លាប់ឃើញមានតាំងពីសម័យសង្គ្រាមលោកលើកទី២។
ការកើនឡើងខ្ពស់នៃចំនួនជនភៀសខ្លួន និងមនុស្សផ្លាស់ទីដោយបង្ខំ គឺជាលទ្ធផលនៃសង្គ្រាមស៊ីវិល ជម្លោះប្រដាប់អាវុធ និងនយោបាយកាប់សម្លាប់ ដែលឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន រកឃើញ កើតមាននៅ១៤កន្លែង ក្នុងពិភពលោក ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
សង្គ្រាម៨កន្លែង នៅទ្វីបអាហ្វ្រិក៣កន្លែង នៅមជ្ឈិមបូព៌ា មានប្រទេសស៊ីរី អ៊ីរ៉ាក់ និងយេមែន មួយកន្លែង នៅអឺរ៉ុប គឺអ៊ុយក្រែន និងបីកន្លែងផ្សេងទៀត នៅអាស៊ី មានប្រទេស កៀហ្ស៊ីស៊ីស្ថាន តំបន់ខ្លះនៅសហភាពមីយ៉ានម៉ា និងប៉ាគីស្ថាន ។
មួយវិញទៀត ចំនួនជនភៀសខ្លួន បានកើនឡើងប្រមាណ៤៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១១។ នៅដើមឆ្នាំ២០១៥ មានមនុស្សជិត១លាននាក់ បានដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសជាង ១៥០ ពោលគឺកើនឡើងពីរដង បើគិតរយៈពេលដូចគ្នា នៅឆ្នាំ២០១៤។ តាមលោក Antonio Guterre ប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន វិបត្តិជនភៀសខ្លួននៅអឺរ៉ុប សព្វថ្ងៃនេះ មានពាក់ព័ន្ធតែមួយ ផ្នែកតូចនៃតួលេខជនភៀសខ្លួនសរុប ក្នុងពិភពលោកតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មិនមែនប្រទេសអ្នកមាន នៅអឺរ៉ុបទេ ដែលទទួលជនភៀសខ្លួនច្រើន គឺប្រទេសកំពុងអភិវឌ្ឍន៍ដែលស្ថិតនៅក្បែរប្រទេសមានសង្គ្រាមស៊ីវិល នៅអាហ្វ្រិក និងនៅដើមបូព៌ា ដែលទទួលជនភៀសខ្លួន ។
លោកAntonio Guterre បាននិយាយដែរថា ដោយសារតែសង្គ្រាមអូសបន្លាយ និងគ្មានសុវត្ថិ ភាព ចំនួនជនភៀសខ្លួនដែលស្ម័គ្រចិត្ត ត្រលប់ទៅប្រទេសកំណើតវិញ បានធ្លាក់ចុះគួរឲ្យកត់សំគាល់ ។ “បើសិនអ្នកក្លាយជាជនភៀសខ្លួន នៅពេលនេះ ឱកាសរបស់អ្នកក្នុងការត្រលប់ទៅផ្ទះវិញ គឺមានតិចជាង កាលពី៣០ឆ្នាំ” នេះជាការលើកឡើងរបស់ប្រធានឧត្តមស្នងការ ទទួលបន្ទុកជនភៀសខ្លួន៕