ស្វាយរៀង ៖ សមត្តកិច្ចចម្រុះបានឃាត់ខ្លូនកម្មករទំនើងចំនួន ៥៨នាក់ ដើរបង្កការអុកឡុតតាមរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត នាថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីយកមកអប់រំ។ ក្នុងការឃាត់ខ្លួនកម្មករទំនើងខាងលើ ត្រូវគេមើលឃើញថា មាននគរបាល និងអាវុធហត្ថចំនួន ៦៣៦នាក់ ដឹកនាំដោយ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ក្នុងនោះកម្មករប្រមាណ ៤៧៨២នាក់ នៅឈរប្រមូលផ្តុំកកកុញខាងមុខតំបន់តាយសេង (មិនមានទាមទារលក្ខខណ្ឌ័អ្វីទេ) ហើយបានស្រែកហ៊ោកញ្ជ្រៀវ និងគប់ដុំថ្មមកលើកម្លាំងសមត្ថកិច្ច តែមិនបណ្តាលឲ្យគ្រោះថ្នាក់អ្វីទេ។ ពេលនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់នគរបាល និងអាវុធហត្ថ បាញ់ទឹកបំបែកហ្វូងកម្មករហើយកម្មករមួយចំនួនក៏បានវិលត្រឡប់ទៅផ្ទះ ឯកម្មករជាង ១០០នាក់ បានដើរកាត់ព្រៃ លុយទឹក សំដៅទៅខាងក្រោយតំបន់មេធហាតធេន ដោយមានកាន់តំបង និងដុំថ្ម បំណងទៅបង្កអុកឡុកនៅទីនោះ តែត្រូវសមត្ថកិច្ចធ្វើការទប់ស្កាត់ទាន់ពេល និងចាប់បានចំនួន ៥៨នាក់ ស្រី ៣៦នាក់ បញ្ជួនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើកំណត់ហេតុ និងអប់រំឲ្យវិលទៅផ្ទះវិញ ៕