ប៉ៃលិន ៖ មន្ត្រីកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានចុះទៅពង្រឹង និងត្រួតពិនិត្យកន្លែងលក់ស្រាសស្រាថ្នាំចំនួន១៦តូប នៅក្នុងភូមិសួនពៅ និងភូមិតាង៉ែន សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីថ្ងៃចុងសប្តាហ៍កន្លទៅថ្មីៗនេះ ក្រោយពីកើតមានករណីពុលស្រាសបណ្តាលឲ្យពលរដ្ឋនៅខេត្តក្រចេះ ជាច្រើននាក់ស្លាប់។ ការចុះត្រួតពិនិត្យកន្លែងលក់ស្រាសស្រាថ្នាំពីសំណាក់មន្ត្រីជំនាញនៅខេត្តប៉ៃលិន គឺដើម្បីបង្ការទប់ស្កាត់ និងបញ្ចៀសកុំឲ្យកើតមានឡើងបញ្ហាករណីពុលស្រាសដូចនៅខេត្តក្រចេះ។
ការពុលស្រាសបណ្តាលឲ្យមានអ្នកស្លាប់នោះត្រូវបានលោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប្រាប់ឲ្យដឹងថា ដោយសារគេរកឃើញថាមានការលាយជាតិមេតាណុលកម្រិតខ្ពស់រហូតដល់ជាង១០ភាគ បង្កឲ្យពុលនៅពេលណាមានអ្នកទិញស្រាសនោះយកទៅផឹក។
លោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប្រាប់ឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញទៅលើអ្នកលក់ស្រាសស្រាថ្នាំ១៦តូប នៅចំណុចខាងលើ គឺមន្ត្រីជំនាញក៏បានណែនាំឲ្យប្រជាពលរដ្ឋលក់ស្រាសស្រាថ្នាំ ត្រូវទៅទិញស្រាសកន្លែងដែលគេផលិតស្រាសឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយបិទលេខទូរស័ព្ទនៅលើពីដុងឬកាទិនស្រា ដើម្បីងាយស្រួលរកម្ចាស់អ្នកលក់ស្រាបើសិនមានបញ្ហាអ្វីកើតឡើង។
ទន្ទឹមនិងការចុះត្រួតពិនិត្យតូបលក់ស្រាស មន្ត្រីជំនាញក៏បានចុះទៅត្រួតពិនិត្យតុបលក់អីវ៉ាន់មួយចំនួននៅក្នុងខេត្តប៉ៃលិន ហើយមន្ត្រីជំនាញក៏បានរកឃើញដកហូតបានទំនិញជាគ្រឿងម្ហូបអាហារហាមឃាត់ខុសច្បាប់មួយចំនួនធំ ដើម្បីយកទៅរក្សាទុកនៅសាខាកាំកុត្រូលខេត្តប៉ៃលិន រង់ចាំដុតកម្ទេចចោលនាពេលក្រោយ ៕