Monday, December 21, 2015

​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ ទៅលើស្ត្រីម្នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ នៅពេលកំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅមុខ​ផ្ទះ​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ខណៈ​ដែល​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅមុខ​ផ្ទះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨:៣០​នាទី យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុង​បូរី ពិភពថ្មី ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជនរងគ្រោះ​ឈ្មោះ ចាន់ ដា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​    ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅមុខ​ផ្ទះ​របស់​ខ្លួន ខណៈនោះ​ស្រាប់តែ​ឃើញ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ សំដៅ​មករក​ជនរងគ្រោះ រួច​ក៏​បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ ពីរ​គ្រាប់ ចំ​កំពួនដៃ​ខាងឆ្វេង មួយ​គ្រាប់ និង​មួយ​គ្រាប់​ទៀត ចំ​កំពួនជើង ក្រោយ​មក​ជនសង្ស័យ ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​សូន្យឈឹង​តែម្ដង​។ ក្រោយពី​កើតហេតុ​បាន​ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕​