សៀមរាប ៖ សម្តេចក្រឡាហោម ស ខេង ស្នើឲ្យមន្ត្រីជាន់ខ្ពស់កម្ពុជា ចាប់ពីថ្នាក់ឧបនាយករដ្ឋមន្ត្រី ចុះមកក្រោមនៅពេលធ្វើដំណើរតាមដងផ្លូវ ត្រូវដោះសក្តិចេញធ្វើជាពលរដ្ឋធម្មតា ដើម្បីឲ្យមន្ត្រីនគរបាលដែលមានឋានៈតូចៗ ហានធ្វើការផាកពិន័យនៅពេលព្រឹត្តខុសនិងច្បាប់ចរាចរណ៍។ក្នុងពិធីសម្ពោធសមិទ្ធិផលនានា របស់នគរបាលអន្តោប្រវេសន៍ នៅច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ដើម្បីឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនិងដាក់ឲ្យអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ទទួលបានជោគជ័យ និងមានភាពស្មើគ្នា សម្តេចបានស្នើឲ្យមន្ត្រីជាន់ខ្ពស់កម្ពុជា ចាប់ពីថ្នាក់ឧបនាយករដ្ឋមន្ត្រីចុះ មកក្រោម នៅពេលធ្វើដំណើរតាមដងផ្លូវ ត្រូវដោះសក្តិចេញធ្វើជាពលរដ្ឋធម្មតា ដើម្បីឲ្យមន្ត្រីនគរបាលដែលមានឋានៈតូចៗ ដែលកំពុងប្រតិបត្តិការ នៅតាមដងផ្លូវហានធ្វើការផាកពិន័យ នៅពេលមន្ត្រីជាន់ខ្ពស់ណាម្នាក់ បានព្រឹត្តខុសនិងច្បាប់ចរាចរណ៍។
សម្តេចបានបញ្ជាក់ថា៖ ”កន្លងមកនៅពេលមានមន្ត្រីធំម្នាក់ បានធ្វើខុសនិងច្បាប់ចរាចរណ៍គ្មាននគរបាលចរាចរណ៍ណា ហានធ្វើការផាកពិន័យនោះទេ មិនតែប៉ុណ្ណោះក៏មានការចេញមុខ ធ្វើមកអន្តរាគមន៍ ដែលធ្វើឲ្យមន្ត្រីនគរបាលចរាចរណ៍ ពិបាកក្នុងការអនុវត្តច្បាប់ផងដែរ។
សម្តេចក្រឡាហោម ស ខេង សម្តេចបានបញ្ជាក់ទៀតថា៖ ”នៅពេលខាងមុខនេះ ក្រសួងមហាផ្ទៃ និងកោះហៅស្នងការនគរបាល និងអភិរាជធានីខេត្ត ដើម្បីបញ្ជាក់អំពីវិធានការ និងប្រតិបត្តិការរបស់កងកម្លាំង ក្នុងការអនុវត្តច្បាប់ចរាចរណ៍ ។ បញ្ហាមួយដែលយើងគ្រប់គ្នា ត្រូវគោរពច្បាប់ឲ្យបានល្អ ក្រោយពីការប្រកាសឲ្យអនុវត្តច្បាប់ចរាចរណ៍ថ្មី សមត្ថកិច្ចអនុវត្តច្បាប់ ត្រូវធ្វើការងាផាកពិន័យ លើជនគ្រប់រូបដែលបានប្រព្រឹត្តខុសនឹងច្បាប់ ដោយមិនប្រកាន់ថាអ្នកមានអំណាច បុណ្យយុស័ក្តិ ឬក៏ថ្នាក់ដឹកនាំណាមួយឡើយ ។ សម្តេចក្រឡាហោមក៏បានសង្កត់ធ្ងន់ ចំពោះជនណាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយ បានយកតួនាទី ឋានៈ បុណ្យសក្តិ យកមកគំរាមដល់មន្ត្រីអនុវត្តច្បាប់ ជនទាំងនោះនឹងត្រូវប្រឈមនឹងមុខច្បាប់ និងដកនូវតួនាទី មុខតំណែង ។ ដូច្នេះនៅពេលបើកបរ បញ្ជាយានយន្ត សូមបងប្អូន យកបុណ្យសក្តិ តួនាទី ឋានៈ ទៅទុកមួយកន្លែង ហើយត្រូវបញ្ឈប់ផងដែរនូវប្រពៃណីជួយអន្តរាគមន៍ ។ ក្នុងនោះដែរសម្តេចក្រឡាហោម ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដើម្បីរួមចំណែកក្នុងកិច្ចការពារសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សំដៅធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបន្តកិច្ចសហការអនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន ក្នុងការកសាងស្នាដៃជាបន្ត ដើម្បីក្រសួង និងរាជរដ្ឋាភិបាល មានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការអនុវត្តទៅអនាគត ៕