Saturday, December 19, 2015

ផ្ទៃដី​ស្រូវប្រាំង ១៧០០​ហិកតា ជួប​កង្វះខាត​ទឹក ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ពេល

 ​បន្ទាយមានជ័យ ៖ ផ្ទៃដី​ស្រូវប្រាំង​ជួប​កង្វះខាត​ទឹក​ប្រមាណ ១៧០០​ហិកតា ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ត្រូវបាន​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​។​
​លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ ២០១៥ នេះ​ថា មកដល់ពេលនេះ ប្រជាកសិករ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អនុវត្ត​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវប្រាំង បាន​ចំនួន ២១.១០០ ហិកតា ស្មើ​នឹង​ប្រមាណ ១៧៦​ភាគរយ នៃ​ផែនការ​ដែល​បានដាក់ចុះ និង​កំពុង​ដាំ​ដុះ​បន្ត​។​
​លោក​ប្រធាន​មន្ទីរ បាន​បន្តថា ការអនុវត្ត​លើសពី​ផែនការ​នេះ បាន​ធ្វើឲ្យ​តំបន់​មួយចំនួន ប្រឈម​នឹង​ការខ្វះខាត​ទឹក​។ ជាក់ស្តែង​ផ្ទៃដី​ចំនួន ១.៧៣៤ ហិកតា ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​ឃុំ​ឫស្សី​ក្រោក ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ដែល​យើង​បាន និង​កំពុង​អន្តរាគមន៍​នៅពេលនេះ ។​
​លោក យឹម ប៊ុនរ៉ុម បន្តថា ក្នុង​ការងារ​អន្តរាគមន៍​នេះ យើង​ប្រើប្រាស់​ម៉ាស៊ីន​ខ្នាត​មធ្យម (៦៥​សេះ​) សរុប ចំនួន ៥​គ្រឿង បូម​យក​ទឹក​ពី​ស្ទឹង​សិរីសោភ័ណ បញ្ជូន​តាម​ប្រឡាយ​មេ ១​ខ្សែ ដែល​មាន​ប្រវែង​ជាង ១០​គីឡូម៉ែត្រ ទៅ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​នៅ​តំបន់​ទាំងនោះ ៕