Friday, December 18, 2015

មន្ទីរ​សាធារណ​ការចេញលិខិត​ជូនដំណឹង ដល់​ពលរដ្ឋ​ដែល​យក​ចិញ្ចើម​ផ្លូវ​មកប្រើប្រាស់

កំពង់ឆ្នាំង​៖ ដោយ​មើលឃើញ​នូវ​ភាពអនាធិបតេយ្យ នៃ​ការយក​ចិញ្ចើម​ផ្លូវ​គម្រោង​ចៃ​កា​ជប៉ុន​ដែល​បាន​សាងសង់​រួច​ហើយ​ទៅ​តាំង​លក់ដូរ និង​ដាក់​របស់របរ​ផ្សេងៗ​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​នោះ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ច្បាប់ ដើម្បី​ឲ្យ​ម្ចាស់​គេហដ្ឋាន​ដែល​នៅ​ជាប់​ផ្លូវ​គម្រោង​ចៃ​កា​ជប៉ុន​ទាំងអស់​រុះរើ​ចេញ​ជាបន្ទាន់​មុន​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​​    ​នៅ​ក្នុង​ខ្លឹមសារ​នៃ​លិខិត​ជូនដំណឹង​នោះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បាន​ចែង​ថា​៖ យោង​មតិ​ណែនាំ​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង សូម​ជម្រាប​ជូន​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ ដែល​មាន​អគារ និង​លំនៅឋាន​តាម​ដងផ្លូវ​គម្រោង​ចៃ​កា​ទាំងអស់​ជ្រាបថា ដើម្បី​រក្សាបាន​នូវ​សោភ័ណភាព​ផ្លូវ​ឲ្យបាន​ស្អាត​ជា​ប្រចាំ ម្យ៉ាង​ជា​សំណូមពរ​របស់​ម្ចាស់​ជំនួយ​ផង​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្នើសុំ​ឲ្យ​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ស្ថិតនៅ​តាម​ដងផ្លូវ​ដូច​បាន​ជម្រាបជូន​ខាងលើ ត្រូវ​រុះរើ​ចេញ​ជា​បន្ទាន់​នូវ​សម្ភារ​ទាំងឡាយ​ដែល​មាន​នៅ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​គម្រោង​ចៃ​កាជ​ប៉ុន​ដូចជា កំណល់​កល់​រថយន្ត សម្ភារ​សំណង់ និង​សម្ភារ​លក់ដូរ​ផ្សេងៗ​ទៀត​ឲ្យបាន​មុន​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ។ បើ​មិន​រុះរើ​តាម​កាល​កំណត់​នៃ​លិខិត​ជូនដំណឹង​ខាងលើ មន្ទីរ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​សម្ភារ​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ​នោះឡើយ ។​
​    ​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ភ្នាក់ងារ​ចៃ​កាជ​ប៉ុន បាន​សាងសង់​ប្រព័ន្ធ​លូ ផ្លូវ និង​ការ​រៀប​ការ៉ូឡា​លើ​ចិញ្ចើម​ផ្លូវ​ខ្វាត់ខ្វែង​បាន​យ៉ាង​ស្អាត​ដើម្បី​បញ្ជៀ​ស​ទឹកជំនន់ ការធ្វើ​ចរាចរណ៍​បាន​ងាយស្រួល ក៍​ដូចជា​សោភ័ណភាព​ក្រុង​រួចមក​នោះ គេ​ឃើញ​បងប្អូន​ពលរដ្ឋ​មួយចំនួន​នៅ​តាម​ដងផ្លូវ​គម្រោង​ចៃ​កាជ​ប៉ុន បាន​រំលោភ​យក​ចិញ្ចើម​ផ្លូវ​មក​ដាក់​តាំង​សម្ភារៈ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង​ក្រុង​កំពង់ឆ្នាំង​ទៅវិញ​។ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​មន្ទីរ​សាធារណការ និង​ជញ្ជូន​សង្ឃឹមថា ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ក្នុង​ការរៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ​៕​