Friday, December 18, 2015

សហភាព​អឺរ៉ុប ឈាន​ដល់​ការប្រើ​កងកម្លាំង​យោធា ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​

ប្រមុខ​ដឹកនាំ​សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​ឲ្យមាន​ការការប្រើ​កងកម្លាំង​យោធា ក្នុង​ការទប់ស្កាត់​លំហូ​រ​ជនអន្តោប្រវេសន៍​ខុសច្បាប់ មកពី​តំបន់​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក មាន​តំបន់​អាស៊ី ខាងត្បូង តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អា​ហ្រិ្វ​ក ដែល​បាន​ហូរ​ចូល​ទៅក្នុង​សហភាព​អឺរ៉ុប​ដូចជា​ទឹក​បាក់ ទំ​បន់ ចាប់តាំងពី​ដើមឆ្នាំ​២០១៥​នេះ ។​
​ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​តាម​ព្រំដែន​ខាងក្រៅ របស់​សហភាព​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប បានប្រកាស​ស្នើសុំ​ទៅ​សភា​អឺរ៉ុប នូវ​វិធានការ​មួយចំនួនធំ​ដូចជា​ការកែប្រែ​ច្បាប់ Schengen ដើម្បី​ត្រួត ពិនិត្យ​ជា​ស្វ័យប្រវត្តិ​ការធ្វើ​ដំណើរ​ឆ្លង​ព្រំដែន ចេញចូល​តំបន់​ចរាចរណ៍​សេរី​។ ប៉ុន្តែ​អ្វី​ដែល​ប្លែក និង​ពិសេស​ជាងគេ គឺ​ការបង្កើត​កងពល​ឆ្មាំ​ព្រំដែន​អឺរ៉ុ​ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ នៅក្នុង​ប្រទេស​ជា​សមាជិក​នៅ​ជាយ​ដែន​ទាំងអស់ ទោះបីជា​រដ្ឋ​នោះ​ប្រឆាំង​រឹងរូស​យ៉ាងណាក៏ដោយ​។​
​ព្រំដែន​អឺរ៉ុប​នឹង​បិទ​ជិត​ជាង​មុន​បន្តិច​។ អឺរ៉ុប​គ្រោង​នឹង​បង្កើត​កងកម្លាំង​ការពារ​ព្រំដែន ដែន​ទឹក​និង​ដី ដើម្បី​ប្រឈម​នឹង​វិបត្តិ​អន្តរ​ប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​។ កងកម្លាំង​ថ្មី​នេះ អាច​នឹង​ត្រូវ​ពង្រាយ​ដោយ​គ្មាន​ការយល់ព្រម​ពី​ប្រទេស​ពាក់ព័ន្ធ​។​
​កម្មវត្ថុ​ចំបង គឺ​ចង់​បញ្ចៀស​ភាពវឹកវរ តាម​ព្រំដែន​ខាងក្រៅ មក​រំខាន​ដល់​សេរីភាព នៃ​ការធ្វើ​ដំណើរ​ក្នុង​ផ្ទៃ​តំបន់ Schengen ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​បំផុត​មួយ​របស់​អឺរ៉ុប​។ បើ​តាម​គណៈកម្មការ​អឺរ៉ុប បានឲ្យដឹងថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០១៥​នេះ មាន​អន្តោប្រវេសន៍​ខុសច្បាប់ ១,៥​លាន​នាក់ បាន​ឆ្លង​ចូល​ព្រំដែន​អឺរ៉ុប​រួច និង​បន្តដំណើរ​ពេញ​ផ្ទៃ​អឺរ៉ុប​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ ដោយ​គ្មាន​កំណត់ត្រា ឬ​ចុះបញ្ជី​អ្វី​ទាំងអស់​។ ស្ថានភាព​នេះ បាន​ជំរុញ​ឲ្យ​ប្រទេស​ជាច្រើន ដូចជា អាល្លឺម៉ង់ អូទ្រីស ឬ ស៊ុយអែត ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ប្រទេស​ឡើងវិញ​។​
​ហេតុការណ៍​បែប​នេះ មិន​ត្រូវ​ឲ្យ​កើតមាន​ជា​ថ្មី​ម្តង​ទៀត​ទេ ! និង​ដើម្បី​កុំឲ្យ Schengen រង​ការគំរាមកំហែង​បាន ទើបបាន​ជា​អឺរ៉ុប បានស្នើ​បង្កើត​ភ្នាក់ងារ​ឆ្មាំ​ព្រំដែន ដែល​មាន​អំណាច​ឯករាជ្យ​ថ្នាក់​អឺរ៉ុប មាន​កងកម្លាំង ១៥០០​នាក់ អាច​ប្រមូលផ្តុំ​បាន​ភ្លាម ក្នុង​រយៈពេល​តិចជាង​បី​ថ្ងៃ ប្រសិនបើ​មាន​ស្ថានការណ៍​បន្ទាន់​។ ភ្នាក់ងារ​នេះ នឹង​ត្រូវ​ដឹកនាំ​ដោយ​គណៈកម្មការ​មួយ និង​មាន​ថវិកា​ប្រចាំឆ្នាំ ១១៤​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ​២០១៥ រួច​ដំឡើង​រហូតដល់ ៣២២​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០២០​។ ប្រទេស​ជា​សមាជិក ត្រូវ​បង់​វិភាគទាន​ទៅតាម​សម​មាត្រ​ប្រទេស​។​
     ​ឆ្មាំ​ព្រំដែន​ថ្មី​នេះ ត្រូវមាន​សមត្ថភាព​ចេញ​ធ្វើ​អន្តរាគមន៍ និង​ចេះ​ចាត់វិធានការ​ទៅតាម​ស្ថាន ភាពជាក់ស្តែង​នៅតាម​ព្រំដែន បើ​ទោះជា​នៅ​ព្រំដែន​នោះ​ប្រទេស​ជា​ម្ចាស់ផ្ទះ មិន​បាន​ស្នើសុំ​ជំនួយ ឬ​ក៏​ប្រទេស​ជា​សមាជិក​នោះ​យល់​ថា​មិន​ត្រូវការ​ជំនួយ​អន្តរាគមន៍​ក៏ដោយ​។ តាម​ការពិត ឆ្មាំ​ព្រំដែន​អឺរ៉ុប បើ​តាម​គោលការណ៍ មិន​អាច​ទៅ​ឈរជើង​បំពេញ​បេសកកម្ម​ទេ ប្រសិនបើ​គ្មាន​ការព្រមព្រៀង​ពី​ប្រទេស​ជា​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​មានន័យ​ថា​សហភាព​អឺរ៉ុប​នឹង​ចាប់បង្ខំ ដោយ​បន្ថែម​សម្ពាធ ហើយ​បន្ថែម​ទៀត លើ​រដ្ឋ​ពាក់ព័ន្ធ​ឱ្យ​ប្រឹង​ធ្វើ​អ្វី​ដែល​ចាំបាច់ និង​ដែល​ត្រូវ​ព្រម​ទទួល ដើម្បី​ប្រយោជន៍​រួម​។​
     ​តើ​នេះ​មិនមែន​ជា​ការរំលោភ ឬ​ដំណើរ​បាត់បង់​អធិបតេយ្យ​ភាព​របស់​រដ្ឋ​ជា សមាជិក​ទេ​ឬ ? ក្រុម​អ្នក​ប្រឆាំង​នឹង​អឺរ៉ុប បាន​ទាញ​សញ្ញា​ជួង​ស្រែក​ពេញអង្គ​សភា​អឺរ៉ុប​រួច​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​នេះ​ហើយ​ជា​ចំណុច​ថ្មីស្រឡាង​មួយ សម្រាប់​អឺរ៉ុប​។ ការបង្កើត​ភ្នាក់ងារ​ឆ្មាំ​ព្រំដែន ហាក់​កំពុង​នាំ​រដ្ឋ​ជា​សមាជិក​ឱ្យ​បោះបង់​ជា​បណ្តើរៗ​ពាក្យ​ថា អធិបតេយ្យភាព​ជាតិ តែ​ការបោះបង់​នេះ​គឺ​ដើម្បី​ការពារ​អឺរ៉ុប​។ ហើយ​អាច​ជា​ចំណុច​ល្អ ព្រោះ​ក្នុង​ករណី​ជាក់ស្តែង​ប្រទេសក្រិក កំពុង​ក្ស័យធន អសមត្ថភាព ក្នុង​ការគ្រប់គ្រង​ព្រំដែន តែ​អឺរ៉ុប​ពាំងមុខ​ជំនួស​បាន​។​
     ​ប៉ុន្តែ​នៅ​មាន​សំណួរ​មួយទៀត ថា​តើ​កងកម្លាំង​ឆ្មាំ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​ថ្មីស្រឡាង​នេះ មាន​កាតព្វកិច្ច​ការងា​រ​អ្វី​ឲ្យ​ច្បាស់​ទៅ ? នៅ​ថ្ងៃ​អនាគត ឆ្មាំ​ព្រំដែន​អាច​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តំបន់​មាន​សម្ពាធ​ខ្លាំង និង​មាន​ភារៈ​សំខាន់​មួយ​គឺ​ឱ្យ​មាន​ប្រសិទ្ធិភាព​ខ្លាំង ការបញ្ជូន​ញែក​អន្តោប្រវេសន៍​ដែលមាន​សិទ្ធិ​សុំ​ជ្រកកោន​។
​គម្រោង​បង្កើត​ឆ្មាំ​ព្រំដែន​អឺរ៉ុប គឺជា​ចំណែក​មួយ​នៃ​វិធានការ​ថ្មីៗ​ផ្សេងទៀត ដែល​គណៈ​កម្ម ការ​អឺរ៉ុប ដាក់​បង្ហាញជូន​សភា​អឺរ៉ុប ។ គម្រោង​ថ្មី​នេះ​ក៏​មាន​ដាក់បញ្ចូល​ការស្នើសុំ​កែប្រែ​ច្បាប់​Schengen តាម​សំណើ​ដ៏​ទទូច​របស់​បារាំង​ដែរ ។ ការកែប្រែ​នេះ​មិនមែន​តិចតួច​ធម្មតា​ទេ ! ដោយ​ចាប់ពី​អំណើះ​តទៅ​អឺរ៉ុប​ចង់​ពង្រីក​វិសាលភាព​នៃ​ការត្រួតពិនិត្យ​ដោយ​ស្វ័យប្រវត្តិ​និង​ដោយ​ស៊ីជម្រៅ លើ​រាល់​រូប​ពលរដ្ឋ​អឺរ៉ុប ពេល​ឆ្លង​ចូល​ព្រំដែន​អឺរ៉ុប​Schengen​។ វិធានការ​ចុងក្រោយ​នេះ ត្រូវ​បាន​សម្រេច​ឡើង ក្រោយពី​មាន​ការវាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស ពី​សំណាក់​ជន​ជី​ហាត​អ៊ីស្លាម​ជ្រុល និយម​ជាតិ​បន្លំ​ខ្លួន ត្រលប់​ចូល​អឺរ៉ុប តាម​ច្រក​ផ្លូវ​របស់​ជនភៀសខ្លួន ។​
​សូម​រំឭក​ជូន​បន្តិច​ថា ប្រមុខ​ដឹកនាំ​មកពី​ប្រទេស​ជាង​៥០​ក្នុង​តំបន់​អឺរ៉ុប​និង​អាហ្វ្រិក ជួបប្រជុំ គ្នា​នៅ​ប្រទេស​ម៉ា​ល់តា កាលពី​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​ទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ ដើម្បី​ស្វែងរក ដំណោះស្រាយ​ដ៏​ល្អ​មួយ ជុំ​វិ ញ​វិបត្តិ​ជន​អន្តោ​ប្រវេ​ស​ន៏​រាប់លាន​នាក់ ដែល​បាន​ហូរ​ចូល​ទៅ​កាន់ សហភាព​អឺរ៉ុប ចាប់តាំងពី​ដើម ឆ្នាំ​២០១៥​នេះ ។​
​    ​ប្រឈមមុខ​នឹង​ចរន្ត​អន្តោប្រវេសន៍​ដ៏​គំហុក​មិន​ធ្លាប់​មាន អឺរ៉ុប​នឹង​ស្នើសុំ​ទៅ​អាហ្វ្រិក ឱ្យជួយ​ទទួលយក​អន្តោប្រវេសន៍​ដែល​អឺរ៉ុប​បញ្ចូនទៅ​វិញ​ឱ្យ​បាន​ច្រើន​ជាង​មុន ជា​ថ្នូរ​នឹង​ការពង្រឹង​ជំនួយ​អភិវឌ្ឍន៍​ក្នុង​បណ្តា​ប្រទេស​មួយចំនួន​នៅ​អាហ្វ្រិក ។​
​គណៈកម្មការ អឺរ៉ុប​ចង់​បញ្ចេញ​សកម្មភាព​ជាមួយ​ប្រទេស​ដើម និង​ប្រទេស​ដែល​មាន​ជនអន្តោប្រវេសន៍​ឆ្លងកាត់ ដើម្បី​កុំឱ្យ​មាន​សោកនាដកម្ម​ស្លាប់​ក្នុង​សមុទ្ទ​ព្រោះ​តែ​ចង់​ឆ្លង​ទៅ​កាន់​អឺរ៉ុប កើតឡើង​មិន​ឈប់ឈរ​ទៀត​។ ថ្នាក់ដឹកនាំ​អឺរ៉ុប មាន​ពេល​២៤​ម៉ោង សម្រាប់​ស្វែងរក​ការព្រម​ព្រៀម​ពី​អាហ្វ្រិក ឱ្យ​ទទួលយក​អន្តោប្រវេសន៍​ត្រលប់​ទៅ​វិញ​ឱ្យបាន​ច្រើន​ជាង​មុខ​។ សំណុំ​ឯកសារ​លម្អិត​ផែនការ​ត្រូវ​បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ ។​
​អឺរ៉ុប​នឹង​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​អាហ្វ្រិក ដោយ​សន្យា​ធ្វើ​វិនិយោគ​ច្រើន​នៅក្នុង​ទ្វីប​នេះ ដើម្បី​ផ្តល់​ការងារ​ដល់​យុវវ័យ និង​លើកទឹកចិត្ត​យុវវ័យ​អាហ្វ្រិក​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​ខ្លួន​។ អឺរ៉ុប​នឹង​បើកផ្លូវ​ឲ្យមាន​ការសុំ​សិទ្ធិ​ធ្វើដំណើរ​មក​អឺរ៉ុប​បាន​ធូរ រលុង​ជាមុន សម្រាប់​និស្សិត អ្នកស្រាវជ្រាវ ឬ​ពលករ​ជំនាញ​ខ្លាំង​។ ការចូលរួម​ចំណែក​ជាមួយ​ប្រទេស​អាហ្វ្រិក​ដែល​បាន​ទទួលយក​អន្តោ​ប្រវេ​ស ន៍​ច្រើន​ហើយ​។ អឺរ៉ុប​ក៏​នឹង​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ហើយ​ជា​ចុង​ក្រោយ​អឺរ៉ុប នឹង​ដាក់​ឲ្យ​ដំណើរការ​ដោយ​ស្របច្បាប់ ការ​បញ្ចូនទៅ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ នៅពេល​ណា​សំណើសុំ​ជ្រកកោន​ត្រូវបដិសេធ ៕