Friday, December 18, 2015

ក្រសួង​យុត្តិធម៌​ជំរុញ​ឲ្យ​តុលាកា​រ រឹតបន្តឹង​ករណី​បទល្មើស​អំពើ​ប្លន់​ប្រដាប់អាវុធ​

​ភ្នំពេញ​៖ ឯកឧត្តម អង្គ​វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ស្នើ​ឲ្យ​បណ្តា​តុលាការ​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​រឹតបន្តឹង​សំណុំរឿង ករណី​បទល្មើស​អំពើ​លួច ឆក់ និង​ចោរប្លន់​ប្រដាប់អាវុធ និង​ត្រូវ​ចាត់ការ​ឲ្យបាន​ឆាប់រ​ហ័ស ខណៈ​កន្លងមកនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​បាន​ដាក់ចេញ​នូវ​បញ្ជា​ឲ្យ​អាជ្ញាធរ ស្ថាប័ន​តុលាការ  កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ប្រទេស បង្កើន​ការប្រុងប្រយ័ត្ន និង​បង្ក្រាប​ឲ្យបាន​នូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ និង​ក្រុម​ជួញដូរ​គ្រឿងញៀន ។​
​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ ជាមួយ​បណ្តា​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត នៅ​ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ នៅ​ទីស្តីការក្រសួង ឯកឧត្តម អង្គ​វង្ស វឌ្ឍនា ថា នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ គឺ​តម្រូវ​ឲ្យ​បណ្តា​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា និង​ពិនិត្យ​ចាត់ការ​ឲ្យ​ម៉ឺងម៉ាត់ ចំពោះ​ករណី​សំណុំរឿង​អំពើ​ចោរប្លន់ និង​គ្រឿងញៀន​ជាដើម ។ បន្ថែម​លើ​នេះ​បញ្ហា​ប្រមូល​ទិន្នន័យ​អំពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់ និង​ប្លន់ ព្រមទាំង​ទណ្ឌិត​ដែល​ត្រូវបាន​ដោះ​លែង​ចេញ ពី​ពន្ធនាគារ​ក៏​នឹង​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ ។​
​នៅក្រោយ​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ថ្លែងថា រាល់​លទ្ធផល​ដែល​ទទួលបាន​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ នឹង​យក​ទៅ​ពិនិត្យ ពិភាក្សា​រួម​គ្នា​ដោះស្រាយ​បញ្ហា នៅក្នុង​កិច្ចប្រជុំ​មួយទៀត​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ខាងមុខនេះ ដែល​នឹង​មាន​ការចូលរួម ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ដើម្បី​ពិភាក្សា​ពី​ការ​សហការ​អនុវត្ត​ច្បាប់ រវាង​តុលាការ​អយ្យការ​និង​នគរបាល​យុត្តិធម៌ ក្នុង​ការពង្រឹង​សន្តិសុខ​សាធារណៈ ការបង្ការ​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ។​
​ឯកឧត្តម កើត រិទ្ធ បន្តថា សម្រាប់​កិច្ចប្រជុំ​នេះ គឺ​គេ​បាន​ពិនិត្យ​ពិភាក្សា​ការងារ​របស់​ព្រះរាជអាជ្ញា​ច្រើនជាង ព្រោះ​ព្រះរាជអាជ្ញា​គឺជា​អ្នក​បង្កើត​បណ្តឹងអាជ្ញា ហើយ​ការងារ​នេះ​ព្រះរាជអាជ្ញា ក៏​ជា​តួអង្គ​មួយ​តំណាងឲ្យ​រាជរដ្ឋាភិបាល ត្រូវ​តាមដាន​រឿងក្តី​នោះ​តាំងពីដើម រហូត​សំណុំរឿង​ក្តី​នោះ​ចេញ​ជា​សាលក្រម​ស្ថាពរ ។​
​តាមរយៈ​កិច្ចប្រជុំ​នេះ ត្រូវបាន ឯកឧត្តម អង្គ​វង្ស វឌ្ឍនា រំពឹងទុក​ថា នឹង​មាន​កែប្រែ​ធំ​មួយ​នៅក្នុង​ស្ថាប័ន​តុលាការ បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រតិកម្ម និង​ដាក់​ចេញ​នូវ​បញ្ជា​បង្ក្រាប​ចោរប្លន់​ប្រដាប់អាវុធ និង​គ្រឿងញៀន ៕​