Friday, December 18, 2015

​ម៉ូតូ​បុក​រថយន្ត​ឆ្លងផ្លូវ ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត បុក​ស្លាប់

​កណ្តាល ៖ ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ បោះពួយ​បុក​រថយន្ត​កំពុង​បត់​ឆ្លងផ្លូវ បណ្តាលឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ ស្របពេលនោះ​ក៏​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​បើក​មកដល់​បុក និង​កិន​ពី​លើ​ជនរងគ្រោះ​បន្ថែម​រហូត​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​២០:៣៥​នាទី ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ស្ថិតក្នុង​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល​។​
​    ​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​អង្គស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឈុន ម៉េង​ឈាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្ម​រោងចក្រ មាន​ទីលំនៅ​ក្នុង​ភូមិ​តាំង​ក្រ​ទួត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក Yamaha Jupiter ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ ដោយឡែក​រថយន្ត​កាម​រី ស៊េរី​២០០៧ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-0537 បើកបរ​ដោយ​ឈ្មោះ ថុង លៀង​ឃាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​ថៅកែ​ដេប៉ូ​ប្រេង​តេលា មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រ​ពាំង​រាំង ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល​។​
​    ​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​សាក្សី​បាន​ឃើញ​ម្ចាស់​ដេប៉ូ​ប្រេង​តេលា បើក​រថយន្ត​កាមរី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ហើយ​បាន​បត់​ចង្កូត​ចូលទៅក្នុង​ដេប៉ូ​របស់ខ្លួន ខណៈនោះ​ស្រាប់តែ​ជនរងគ្រោះ​ខាងលើ​នេះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ទៅ​ដៅ​បញ្ច្រាស់ទិស​គ្នា​ទៅ​បុក​ចំ​គូថ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត បណ្តាលឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ​។ ភ្លាម​នោះ​ដែរ​ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​បើក​មកដល់​បុក និង​កិន​ពី​លើ​ជនរងគ្រោះ​បន្ថែម​ទៀត​អូស​ជាង​២០​ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ​។​
​    ​ក្រោយពី​មាន​ហេតុការណ៍​រថយន្ត​ធុន​ធំ​ដែល​បុក និង​កិន​ពី​លើ​ជនរងគ្រោះ​នោះ​បាន​បើក​គេច​ទៅ​ទិស​ខាងកើត​បាត់ស្រមោល​។ ដោយឡែក​រថយន្ត​កាម​រី និង​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​បញ្ចូនទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់​។ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ ដោយ​៖ ជឺ គឹមហុង​