Friday, December 18, 2015

សមត្ថកិច្ចបើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់​ចោរ​មួយ​សំបុក ១១​នាក់​

ភ្នំពេញ​៖ កងកម្លាំង​នគរបាល ស្រាវជ្រាវ​បង្រា្ក​ប​មុខសញ្ញា​ចោរកម្ម និង​មុខសញ្ញា​ទទួលផល​ចោរកម្ម ហើយ​ឈាន​ដល់​បង្ក្រាប​ជាក់ស្តែង​នូវ​មុខសញ្ញា​ជួញដូរ ប្រើប្រាស់ ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ១១​នាក់ កាលពី​វេលា​ម៉ោង​៩:៤០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​
​លោក ទៀ ច័ន្ទ​សារ អធិការ​ខណ្ឌ​ឫស្សីកែវ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​អធិការដ្ឋាន និង​ប៉ុស្តិ៍​ឫស្សីកែវ បាន​បើក​ការស្រាវជ្រាវ​ឈាន​ដល់​កំនត់​បាន​នូវ​មុខសញ្ញា​ប្រព្រឹត្ត​សកម្មភាព លុះ​មកដល់​វេលា​ម៉ោង​២៣​យប់ ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ កម្លាំង​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​លើ​មុខសញ្ញា​ម្នាក់​ឈ្មោះ អែម អូន​តូច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។​
​លោក​បាន​បន្តថា ដោយយោង​តាម​ចម្លើយ របស់​ជនសង្ស័យ​បាន​សារភាពថា ក្រោយពី​ធ្វើ​សកម្មភាព​រួច ខ្លួន​បាន​យកទៅ​លក់​ឲ្យឈ្មោះ សុខ ធា​វិន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ដោយ​ឈ្មោះ​នេះ​គឺជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ សមត្ថកិច្ច​ក៏​បាន​ជំរុញ​ការស្រាវជ្រាវ​បន្ថែម ទើប​រំលេច​ឃើញ​នូវ​បទល្មើស​ថ្មី​បន្ថែម​ជួញដូរ ផ្តល់​ទីតាំង ប្រើប្រាស់​គ្រឿងញៀន ។​
​លោក​អធិការ​បាន​បន្តទៀតថា លុះ​មកដល់​វេលា​ម៉ោង​៩:៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​កំណត់​មុខសញ្ញា និង​ទី​តាំងធ្វើ​សកម្មភាព ពេលវេលា​ប្រមូលផ្តុំ សមត្ថកិច្ច​ក៏​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្នុងពេល​តែមួយ ស្ថិត​នៅ​ចំនុច​សំណង់​មិន​រៀបរយ ជួរ​មាត់ទន្លេ ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ ដោយ​ឃាត់​បាន​មុខសញ្ញា​ចំនួន ១១​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន គ្រឿងញៀន​ចំនួន ១២​កញ្ចប់​, ថង់ប្លាស្ទិក​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​, ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនូ​ន​, ម៉ូតូ ១​គ្រឿង​ម៉ាក​C១០០​កូរ៉េ ពណ៌​ក្រហម​, សម្ភារ និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​, ដាវ​ស​សំ​ម៉ូ​រៃ​ចំនួន ២​ដើម​, កាំបិត​សាំង​គីម​ចំនួន​២​ដើម​, ស្លាក​លេខ​ម៉ូតូ​ចំនួន​១ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ១១​នាក់ ត្រូវ​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​ឫស្សីកែវ កំពុង​កសាង​សំណុំរឿង ដើម្បី​អនុវត្តន៍​តាម​នីតិវីធី​ច្បាប់ ៕