Friday, December 18, 2015

រកឃើញ​គ្រឿងអលង្ការ​មួយចំនួនទៀត ក្រោយពី​ការចង្អុលបង្ហាញ​របស់​ចោរប្លន់ លាក់ទុកក្នុង​ប្រឡាយទឹក​

បាត់ដំបង​៖ គ្រឿងអលង្ការ​មួយចំនួនធំ ត្រូវបាន​នគរបាល​ខេត្ត​បាត់ដំបង បាន​រកឃើញ​បន្ថែមទៀត នៅក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង នៅ​កណ្តាល​វាលស្រែ ក្នុង​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី នៅ​ចម្ងាយ​ពី​ថ្នល់ជាតិ​លេខ ៥​ជិត​១០​គីឡូម៉ែត្រ បន្ទាប់​ពី​នគរបាល​បាន​នាំ​ខ្លួន​បក្ខពួក​ម្នាក់​ក្រុម ចោរប្លន់​ម្នាក់ ទៅ​ចង្អុលបង្ហាញ ដែល​គេ​បាន​យក​គ្រឿងអលង្ការ ទៅ​បោះ​ចូលក្នុង​ប្រឡាយ​ទឹក ដោយ​ខ្ចប់​ក្នុង​ខោជើងវែង​មួយ នៅ​ពេល​រត់​គេចខ្លួន ពី​ការ​តាម​ប្រម៉ា​ញ់​របស់​សមត្ថកិច្ច ។ ក្រោយពី​ក្រុម​ចោ្លរ​ប្លន់​មួយក្រុម ប្រដាប់​ដោយ​អាវុធ​បាន​ប្លន់​ទ្រព្យសម្បត្តិ បាន​សម្រេច​ទៅលើ​អាជីវករ​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ នៅក្នុង​ក្រុង​បាត់ដំបង កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​។
ការរកឃើញ​នូវ​គ្រឿងអលង្ការ ក្រោយ​ពី​អំពើ​ប្លន់​របស់​កងកម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ដោយ​គេ​មើលឃើញថា​មាន​ការខិតខំ របស់​កងកម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​វាលស្រែ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ទួល​ព្រំ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ។​
​សូមបញ្ជាក់​ថា​ពាក់ព័ន្ធ នឹង​អំពើ​ប្លន់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយ​កាលពី​កន្លង​ទៅ​ថ្មីៗ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រមាន​បកសក្តិ និង​ដក​តំណែង​លោកស្នងការ​ចំនួន ៣​ខេត្ត បើសិនជា​បង្ក្រាប​ក្រុមចោរប្លន់​មិន​បាន​ទេ​នោះ ។​
​គ្រឿងអលង្ការ​ដែល​រក​ឃើញ រួម​មាន​ចិញ្ចៀន​ចំនួន​៤៤​វង់ ក្រវិល​១៦​គូ និង​ក្រវិល​១៦​ចំហៀង និង​ប្រាក់​ខ្មែរ​ចំនួន ២​ម៉ឺន​រៀល ។ គ្រឿងអលង្ការ​ទាំងនោះ​នៅ​ថ្ងៃ​ដដែល ក៏​ត្រូវបាន​នគរបាល​ខេត្ត​បាត់ដំបង ធ្វើការ​ប្រគល់​ទៅឲ្យ​ម្ចាស់​ដើម​វិញ​ផង​ដែរ ។​
​សូម​រំឭកថា កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​វែង​ខ្លី​ចំនួន​២​ដើម ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ប្លន់​អាជីវករ​អ្នក​លក់​មាស​២​នាក់ ប្តី​ប្រពន្ធ ដោយ​បាញ់​គំរាម​បី​គ្រាប់ ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹហសន្ធាប់​បានសម្រេ​ច ខណៈ​ដែល​អាជីវករ​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​រថយន្ត​ចេញពី​កន្លែង​លក់​មាស​នៅ​ផ្សារ​ណាត់ មកដល់​ចំណុច​ខាងមុខ​ផ្ទះ​របស់​ជនរ​ង​គ្រោះ ។ ក្រោយ​ពី​ប្លន់​រួចហើយ ក្រុមចោរប្លន់​ទាំងនោះ​បាន​រត់គេចខ្លួន​បាត់ ។ នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​បាន​ដាក់ពង្រាយ និង​ធ្វើ​ការត្រួតពិនិត្យ​គ្រប់ ច្រកល្ហក​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុមចោរប្លន់​ទាំងនោះ ។ លុះ​បន្ទាប់​មក​សមាជិក​ក្រុម​ចោរ​ប្លន់​ពីរ​នាក់ ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​បង្ក្រាប ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ។ ជនសង្ស័យ​ពីរ​នាក់​ជា​ចោរប្លន់​នោះ មាន​ទី​១-​ឈ្មោះ យ៉ាន់ ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​អែម ឃុំ​ចំបក់​ស្រុក​បាទី ខេត្តតាកែវ និង​ទី​២-​ឈ្មោះ នៅ រស់ អាយុ​៥៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កោះកុង បច្ចុប្បន្ន​គ្មាន​ទីលំនៅ​ពិតប្រាកដ ជនសង្ស័យ​ទាំង​ពីរ​នាក់​សុទ្ធតែ​មុខសញ្ញា ទើប​ចេញពី​ពន្ធនាគារ ។ នៅពេលនោះ​សមត្ថកិច្ច​រកឃើញ​ដកហូត​បាន​ចិញ្ចៀន ចំនួន​២៩​វង់ ក្រវិល​ចំនួន​១៦​គូ ម៉ូតូ​១​គ្រឿង និង​កាំភ្លើងខ្លី​កា​៥៩ មួ​យ​ដើម ។
​ជនសង្ស័យ​ទាំង​២​នាក់​នោះ មកដល់ពេលនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ ហើយ​ត្រូវបាន​តុលាការ​បញ្ជា​ឲ្យ​យក​ទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​នោះ​ហើយ ៕