ភ្នំពេញ ៖ មានករណីទំនាស់បាញ់សម្លាប់ កើតឡើងនៅចំណុចផ្ទះលេខ២២ ផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុគ ឡាយ អាយុ ៦២ឆ្នាំ ជាមេភូមិ៤ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងកូនប្រុស ឈ្មោះ ឡាយ រិទ្ធី អាយុ ៣០ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ និងឈ្មោះ ប៊ុន លឿន អាយុ ១៨ឆ្នាំ របួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីពេទ្យរុស្សី និងជនសង្ស័យ ឈ្មោះ កែវ វណ្ណារិទ្ធ អាយុ២៧ឆ្នាំ កំពុងសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។
តាមការបំភ្លឺរបស់សាក្សី នៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះគឺផ្តើមចេញពីទំនាស់ ដោយខាងជនរងគ្រោះ នាំកូន និងចៅ ទៅរករឿងជនសង្ស័យដល់ផ្ទះ ដោយមានដៃកាន់ដាវ ចំនួន២ដើម មកជាមួយផង ហើយកាប់ទៅលើជនសង្ស័យជាច្រើនកាំបិត ទើបធ្វើឲ្យជនសង្ស័យរូបនេះ ដកកាំភ្លើងពីចង្កេះបាញ់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ពីរនាក់ និងរបួសធ្ងន់១នាក់ តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមួយនាក់ ឈ្មោះ កែវ សុវណ្ណារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ និងចាប់យកវត្ថុតាង មានដាវ ២ដើម និងកាំភ្លើងខ្លី ១ដើម ម៉ាក បេអាតា យកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕