រហូតមកដល់ចុងឆ្នាំ២០១៥នេះ សហរដ្ឋអាមេរិក នៅតែបន្តលូកលាន់ ឬញុះញង់ឲ្យមានអំពើហិង្សានៅលើដែនដីចិនដដែល តាមរយៈការបញ្ជូននាវាចម្បាំងចូលទៅក្នុងដែនទឹករបស់ចិន ដោយមិនបានសុំការអនុញ្ញាតិពីចិន និងការលក់គ្រឿងសព្វាវុធ ឲ្យទៅកោះតៃវ៉ាន់ ដែលជាដែនដីរបស់ចិន ទោះបីជាប្រទេសចិន បានព្រមាន៩លើករួចហើយក៏ដោយ ។
ទង្វើគឃ្លើនរបស់សហរដ្ឋអាមេរិកខាងលើ បានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសចិន និងសហរដ្ឋអាមេរិក មានភាពល្អក់កករសារជាថ្មី ដោយសារតែការញុះញង់ និងជ្រៀតជ្រែកមិនចេះចប់ ពីសំណាក់សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងប៉េកាំង ប្រឆាំងដាច់ខាត រាល់ការលក់អាវុធអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដែលពាក្យសម្តីរបស់អ្នកនាំពាក្យចិនរូបនេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋបាល របស់លោក អូបាម៉ា ត្រូវបានសម្រេចនៅសប្តាហ៍នេះ នូវការលក់នាវាចម្បាំង សម្រាប់ប្រឆាំងមីស៊ីលពីរគ្រឿង ទៅឲ្យកោះតៃវ៉ាន់ ។
ទីក្រុងវ៉ាស៊ីនតោន នឹងបើកភ្លើងខៀវ ឲ្យលក់នាវាចម្បាំងពីរគ្រឿង ទៅឲ្យតៃវ៉ាន់ បើទោះជាមានការប្រឆាំង ពីទីក្រុងប៉េកាំងក៏ដោយ។ តាមទីប្រឹក្សាសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ បានឲ្យដឹងថា សេតវិមាន ត្រូវប្រកាសដំណឹងលក់អាវុធ ទៅឲ្យតៃវ៉ាន់យ៉ាងយូរបំផុត នៅសប្តាហ៍នេះ។ លោក អូបាម៉ា បានឃើញអត្ថបទច្បាប់របស់សភារួចហើយ ប៉ុន្តែលោកនៅមិនទាន់ឆ្លើយតបទៅសភានៅឡើយទេ ។
កាលពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅ សភាអាមេរិកធ្លាប់បានអនុម័តទៅលើអត្ថបទច្បាប់ ដែលនឹងអនុញ្ញាតឲ្យអាមេរិក លក់នាវាចម្បាំង៤គ្រឿង ទៅឲ្យកោះតៃវ៉ាន់ នៅក្នុងក្របខ័ណ្ឌកិច្ចសន្យារបស់អាមេរិក ដែលចង់ជួយពង្រឹងកងទ័ពកោះតៃវ៉ាន់ សម្រាប់ប្រឆាំងនឹងការវាយប្រហារពីខាងក្រៅ។ រដ្ឋាភិបាលតៃវ៉ាន់ចង់បានដំបូង នាវាចម្បាំងពីរគ្រឿង ក្នុងតម្លៃ១៧៦លានដុល្លារ សម្រាប់យកទៅបំពាក់ឲ្យកងទ័ពរបស់ខ្លួន។ បន្ទាប់មកទៀត តៃវ៉ាន់នឹងអាចបញ្ជាទិញនាវាចម្បាំង២គ្រឿងទៀត បើសិនជាចាំបាច់ ។
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ នេះគឺជាលើកទី១ហើយ ដែលអាមេរិកសម្រេចលក់សព្វាវុធជាថ្មីទៅឲ្យកោះតៃវ៉ាន់។ តាមអ្នកវិភាគជាច្រើនបានឲ្យដឹងថា អាមេរិកបានព្យួរ ផ្អាក លែងលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ដើម្បីធានាលំនឹងទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង។ កាលពីឆ្នាំ២០១០ ទីក្រុងប៉េកាំងបានប្រកាសផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិក ដើម្បីសងសឹកនឹងអាមេរិក ដែលបានលក់សព្វាវុធទំនើបៗទៅឲ្យតៃវ៉ាន់។ តាមកិច្ចសន្យា ដែលមានតម្លៃសរុប១២ពាន់លានដុល្លារអាមេរិក បានលក់បញ្ជូន មីស៊ីល១១៤ដើម ឧទ្ធម្ភាគចក្រ៦០គ្រឿង សម្ភារសម្រាប់យន្តហោះចម្បាំងF16 និងនាវាសម្រាប់កម្ទេចមីន ក្នុងទឹក។ តៃវ៉ាន់បានបញ្ជាទិញ សព្វាវុធពីអាមេរិក បន្ទាប់ពីតៃវ៉ាន់រកឃើញថា ចិនដីគោក បានតាំងទី មីស៊ីលប្រមាណ១៥០០គ្រឿង រួចហើយ បែរសំដៅដាក់កោះតៃវ៉ាន់ ។
ដូចរាល់លើក ទីក្រុងប៉េកាំង ខឹងសម្បារ និងប្រកាសថ្កោលទោសការលក់សព្វាវុធអាមេរិក ទៅឲ្យតៃវ៉ាន់ ដែលចិន ចាត់ទុកជាដីកោះមួយផ្នែករបស់ទឹកដីចិន។ តាមអ្នកនាំពាក្យរបស់ស្ថានទូតចិន នៅវ៉ាស៊ីនតោន រដ្ឋាភិបាលចិនទាមទារឲ្យអាមេរិកឈប់ជាបន្ទាន់ ការលក់អាវុធ ទៅឲ្យតៃវ៉ាន់ ដើម្បីទីមួយ បញ្ជៀសកុំឲ្យមានភាពល្អក់កករ ក្នុងទំនាក់ទំនងចិន និងអាមេរិក ហើយនិងទី២ ដើម្បីបង្កបញ្ហា រាំងស្ទះ ដល់ដំណើរការសន្តិភាពរវាងចិន និងតៃវ៉ាន់ដែលកំពុងមាននឹងគ្នាសព្វថ្ងៃនេះ។
ដំណឹងលក់អាវុធអាមេរិកទៅឲ្យតៃវ៉ាន់ កើតឡើងនៅចំពេលដែលអាមេរិក និងចិន មើលមុខគ្នាមិនសូវចំ បន្ទាប់ពីអាមេរិកបានចោទប្រកាន់ចិនថា កំពុងប្រើអំណាចវាតទីទឹកដី ក្នុងសមុទ្រចិនខាងត្បូង។ មួយវិញទៀត វាកើតឡើងនៅតែមួយខែមុន ដែលកោះតៃវ៉ាន់ ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ គណបក្សប្រឆាំង ដែលទាមទារចង់បានឯករាជ្យ ប្រឆាំងក្រុងប៉េកាំង ត្រូវបានគេវាយតម្លៃ ជាអ្នកទទួលជ័យជំនះឈ្នះលើគណបក្សកាន់អំណាចគួកមីនតាង របស់លោក ម៉ា យ៉ីងចូវ ដែលនៅប៉ុន្មានឆ្នាំនេះបានកសាងទំនាក់ទំនងល្អ ជាពិសេសសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង។
លោកប្រធានាធិបតីរបស់ប្រទេសចិន ស៊ី ជិនពីង បានព្រមានសហរដ្ឋអាមេរិក ដោយប្រយោលថា នៅលើពិភពលោកនេះ មិនមានកម្លាំងណាមួយដែលអាចបំបែក កោះតៃវ៉ាន់ ឲ្យចេញពីប្រទេសចិនបានទេ ទោះបីជាកម្លាំងនោះជាអ្វីក៏ដោយ ។
ក្រុមអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិ បានប៉ាន់ប្រមាណថា ការព្រមានរបស់លោក ស៊ី ជីនពីង ខាងលើ គឺជាការព្រមានដោយប្រយោលដល់សហរដ្ឋអាមេរិក ដែលតែងតែគាំទ្រកោះតៃវ៉ាន់ ដោយការញុះញុងឲ្យមានការប្រឆាំងជាមួយប្រទេសចិន កាន់តែខ្លាំង ពីសំណាក់កោះតៃវ៉ាន់ ដែលកើតមានអស់រយៈពេល ៦៦ឆ្នាំ កន្លងមកហើយនោះ ។
ការព្រមានដោយប្រយោលរបស់ប្រមុខដឹកនាំកំពូលចិន ត្រូវបានធ្វើឡើង នៅប្រទេសសិង្ហបូរី កាលពីថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកានេះ នៅក្នុងជំនួបរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង ជាមួយនឹងប្រមុខដឹកនាំកំពូលរបស់កោះតៃវ៉ាន់ លោក ម៉ា យីងចូវ ។
សូមបញ្ជាក់ជូនបន្តិចថា ជំនួបរវាងប្រមុខដឹកនាំកំពូល របស់ចិននិងកោះតៃវ៉ាន់ មិនដែលធ្លាប់មានអស់រយៈពេល៦៦ឆ្នាំ កន្លងមកហើយ គឺចាប់តាំងពីឆ្នាំ១៩៤៩កន្លងទៅហើយនេះ គឺជាលើកទី១ ហើយដែលប្រមុខដឹកនាំកំពូល បានជួបគ្នា នៅប្រទេសសិង្ហបូរី ដែលជាទឹកដីអព្យាក្រឹត្យ ។
ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រមុខដឹកនាំកំពូលតៃវ៉ាន់ ម៉ា យីងចូវ បានចាប់ដៃ និងញញឹមមួយភ្លែត ទៅរកអ្នកកាសែត មុននឹងចូលជួបពិភាក្សាទ្វេភាគី ក្នុងបន្ទប់បិទជិត ក្នុងសណ្ឋាគារមួយ ក្នុងប្រទេសសិង្ហបុរី។ ជំនួបកំពូល របស់បងប្អូនសត្រូវទាំងពីរ ត្រូវបានអបអរដោយភាគីចិន ប៉ុន្តែរិះគន់ខ្លាំងពីខាងប្រជាជនតៃវ៉ាន់។
គ្រប់គ្នាកំពុងផ្តោតក្រសែភ្នែកលើជំនួបកំពូល ចិន តៃវ៉ាន់ ដែលកំពុងបើកធ្វើនៅសិង្ហបុរី ដែលគេចាត់ទុកជាទឹកដីអព្យាក្រឹត។ ជាព្រឹត្តិការណ៍មិនធ្លាប់មាន ក្នុងប្រវត្តិទំនាក់ទំនងចិននិងតៃវ៉ាន់ លោក ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រមុខដឹកនាំកំពូលតៃវ៉ាន់ ម៉ា យីងចូវ បានចាប់ដៃគ្នាជាលើកទី១ នៅមុនបើកជំនួបកំពូលចិនតៃវ៉ាន់នៅសិង្ហបុរី។
នៅមុនពេលលោក ម៉ា យីងចូវ ត្រូវឡើងយន្តហោះ ទៅសិង្ហបុរី បាតុកម្មប្រឆាំងជំនួបកំពូលចិន តៃវ៉ាន់ បានធ្វើឡើងនៅព្រលានយន្តហោះក្នុងក្រុងតៃប៉ិ។ មនុស្សជិត ៣០នាក់ ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីពួកគេ បានដុតរូបថតប្រធានាធិបតីទាំងពីរ និងស្រែកចាត់ទុក លោក ស៊ី ជីនពីង ជាមេផ្តាច់ការ ចំណែកលោក ម៉ា យីងចូវ ជាជនក្បត់ជាតិ។
ក្នុងរយៈពេល ៦៦ឆ្នាំ ចុងក្រោយនេះ ជំនួបកំពូលចិន តៃវ៉ាន់ ទើបមានជាលើកទី១ បន្ទាប់ពីបងប្អូនសត្រូវទាំងពីរ បានបែកបាក់គ្នា ដោយសារសង្គ្រាមស៊ីវិលនៅឆ្នាំ ១៩៤៩។ ក្រុមជាតិនិយម របស់គណបក្សគួកមីនតាង ដែលប្រយុទ្ធចាញ់ក្រុមកុម្មុយនិស្តដឹកនាំដោយម៉ៅ សេទុង បានរត់ភៀសខ្លួន តាំងទីនៅលើកោះមួយ ដែលមានមុខបែរទៅរកប្រទេសចិន។ មេដឹកនាំរបស់ក្រុមជាតិនិយម លោក ចាង កាយជៀក ដែលបានដឹកនាំក្រុមជាតិនិយម បានដាក់ឈ្មោះកោះនោះថា តៃវ៉ាន់ និងបានប្រកាសបង្កើតរបបនយោបាយមួយ សេរី ខុសប្លែកពីរបបចិន ៕