អំពើភេរវកម្មនៅទីក្រុងប៉ារីស ជាបទពិសោធន៍ភេរវកម្មដ៏ល្វីងជូចត់ របស់ប្រទេសបារាំង ដែលអាចរុញច្រានប្រមុខដឹកនាំរបស់ប្រទេសនេះ អោយចេញមុខកាន់តែច្បាស់ថែមទៀត ក្នុងយុទ្ធនាការវាយប្រហារទៅលើក្រុមភេវរករ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលជាប្រភពសំខាន់ នៃក្រុមភេវរករអន្តរជាតិ ។
ការវាយប្រហាររបស់ក្រុមភេវរករ ISIS ទៅលើទីក្រុងប៉ារីស ក៏បានធ្វើឲ្យប្រមុខដឹកនាំ របស់ ប្រទេសបារាំងក្តៅស្លឹកត្រចៀកផងដែរ ដោយបារាំង បានបញ្ជូនកងកម្លាំងយោធារបស់ខ្លួន ទៅកាន់ ប្រទេសទួគី និងបើកការវាយប្រហារតាមផ្លូវអាកាស ក្នុងរយៈពេលមិនដល់១០ម៉ោងផង ក្រោយពីមានអំពើភេរវកម្មនៅទីក្រុងប៉ារីស ។
ចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ គឺមានរយៈពេលមួយខែគត់ ដែលទីក្រុងប៉ារីសរងការវាយប្រហារភេរវកម្ម ដែលបានសម្លាប់មនុស្ស១៣០នាក់។ ភេរវកម្មដ៏សាហាវ ដែលបានសម្លាប់មនុស្សមកពី ១៩ប្រទេស ជាស្នាដៃរបស់ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម ដែលមានវត្តមាន នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នៅក្រោយភេរវកម្ម ការស៊ើបអង្កេត និងយុទ្ធនាការប្រយុទ្ធប្រឆាំងក្រុមភេរវកម្មរបស់នគរបាលបារាំង បានឈានទៅដល់ការបើកការស៊ើបអង្កេត ស្វែងរកក្រុមជីហាត នៅថ្នាក់អន្តរជាតិ។
ព្រឹត្តិការណ៍នៅយប់ថ្ងៃសុក្រទី១៣ វិច្ឆិកា នឹងនៅចារជាប់ក្នុងខួរក្បាលរបស់ប្រជាជន នៅក្នុងប្រទេសបារាំង។ នៅយប់នោះ ក្នុងរយៈពេលតែ៣៣នាទី ក្រុមភេវរជនអត្តឃាត បានបាញ់រះ និងចុចបំផ្ទុះខ្សែក្រវ៉ាត់ គ្រាប់បែក សម្លាប់មនុស្ស ១៣០នាក់ នៅ៧កន្លែងផ្សេងគ្នា នៅសង្កាត់ប្រជុំជន ក្នុងក្រុងប៉ារីស។
ជាសរុបទៅភេវរជន ៩នាក់ បានស្លាប់ ប៉ុន្តែនគរបាលអាចកំណត់អត្តសញ្ញាណបានតែ៦នាក់ ប៉ុណ្ណោះ ដោយសារតែឧក្រិដ្ឋជនភាគច្រើន ធ្វើភេរវកម្មអត្តឃាត ដែលបំផ្លាញខ្ទេចរូបរាងកាយ និងធ្វើឲ្យគេពិបាកកំណត់អត្តសញ្ញាណ។ ក្នុងចំណោមភេវរជនដែលនគរបាលកំណត់អត្តសញ្ញាណ មាន៥នាក់ ជាជនជាតិបារាំង និងម្នាក់ ជាជនជាតិប៊ែលហ្ស៊ិក ដើមកំណើតម៉ារ៉ុក ដែលភាគច្រើនបានចេញទៅប្រយុទ្ធជាមួយក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម។ នគរបាលបារាំងកំពុងស៊ើបអង្កេត បន្តលើអត្តសញ្ញាណរបស់ ភេវរជន និងតាមរកភេវរជនម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនបាត់ស្រមោលនៅឡើយ។
ភេរវកម្មនៅកណ្តាលក្រុងប៉ារីស បានប៉ះពាល់មិនថាផ្នែកផ្លូវចិត្តប្រជាជន ប៉ុន្តែវាប៉ះពាល់ផងដែរ នយោបាយសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសបារាំង។ នៅមួយថ្ងៃក្រោយភេរវកម្ម ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងភាពអាសន្ន ដែលក្រោយមកត្រូវបានពន្យារពេលសម្រាប់រយៈពេល៣ខែ។ នគរបាលទាហានរាប់ម៉ឺននាក់ត្រូវបានពង្រាយ ការពារសន្តិសុខនៅតាមកន្លែងសាធារណៈ។ វិធានការពង្រឹងសន្តិសុខ នៅក្រោយភេរវកម្ម នឹងធ្វើឲ្យរដ្ឋបារាំង ចំណាយលុយ៨៥០លានអឺរ៉ូ នៅឆ្នាំ២០១៦។ នៅទិដ្ឋភាពសេដ្ឋកិច្ច ភេរវកម្មកណ្តាលក្រុងប៉ារីស ធ្វើឲ្យសកម្មភាពទេសចរណ៍ថយចុះ ២៤ភាគរយ ក្នុងរយៈពេល១ខែនេះ ដោយសារតែក្រុមទេសចរបរទេសបានប្តូរទិសដៅ ពីប៉ារីស ដោយសារខ្លាចការវាយប្រហារភេរវកម្ម ។
មួយវិញទៀត ភេរវកម្មកណ្តាលក្រុងប៉ារីស ដែលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ចេញមុខប្រកាសទទួលខុសត្រូវ បានជំរុញឲ្យប្រធានាធិបតីបារាំង បើកប្រតិបត្តិការតាមផ្លូវអាកាស វាយប្រហារទៅលើទីតាំងរបស់ក្រុមជីហាត នៅប្រទេសស៊ីរី។ ភេរវកម្មនៅយប់ថ្ងៃទី១៣ វិច្ឆិកា បានធ្វើឲ្យបារាំងធ្វើយុទ្ធនាការការទូត បញ្ចុះបញ្ចូលឲ្យប្រទេសនៅ អឺរ៉ុប អាមេរិក អារ៉ាប់ និងរុស្ស៊ី រួមគ្នា ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម ដែលជាក្រុមភេរវនិយម គ្រោះថ្នាក់បំផុត សម្រាប់ពិភពលោក ។
សូមរំឭកជូនបន្តិចថា កាលពីថ្ងៃពុធទី១៨ ខែវិច្ឆិកា ក្រុមនគរបាលពិសេស១១០នាក់ ចូលរួមក្នុងប្រតិបត្តិការវាយសម្រុកចូលផ្ទះ នៅជាយក្រុងប៉ារីស ដែលគេសង្ស័យថា មេក្លោងភេរវកម្មប៉ារីស សំងំលាក់ខ្លួន ។
វិមានប្រធានាធិបតីបារាំង បានបង្ហាញថា គេបានកំណត់អត្តសញ្ញាណរាល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនិងរងរបួស នៅក្នុងការវាយប្រហារភេរវកម្ម ។ នៅក្រោយភេរវកម្មសម្លាប់មនុស្ស១៣០នាក់ រដ្ឋាភិបាលបារាំង បានបើកចាត់វិធានការសំខាន់ៗ ប្រឆាំងក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ទាំងនៅប្រទេសស៊ីរី និងក្នុងស្រុកបារាំង ជាទីដែលនគរបាលបារាំងកំពុងតាមប្រមាញ់ និងបំបែកសំបុកក្រុមជីហាត ជ្រុលនិយម។ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបារាំងក៏នឹងត្រូវពិភាក្សាផង ដែរលើសំណើរបស់រដ្ឋាភិបាល បារាំងដែលចង់ពន្យារពេល ដាក់ប្រទេសបារាំងឲ្យស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នរយៈពេល៣ខែ ។
ក្រឹត្យរបស់ប្រធានាធិបតីបារាំង ដែលប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន បានបើកផ្លូវឲ្យអាជ្ញាធរបារាំងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។ ជារួមនៅទូទាំងប្រទេស នគរបាលបារាំង បានចូលទៅឆែកឆេររដ្ឋបាល ប្រមាណ៤១៤កន្លែង ចាប់ឃាត់ខ្លួនមនុស្ស៦០នាក់ និងរឹបអូសបាន អាវុធ៧៥ដើម ដែលមាន១១ដើមជាអាវុធធ្វើសង្គ្រាម ។
តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Bernard Cazeneuve បានអោយដឹងថា ប្រតិបត្តិការតាមប្រមាញ់ក្រុមភេវរជននៅមានបន្តទៀតនៅប្រទេសបារាំង។ នៅមុខសភាបារាំង រដ្ឋមន្ត្រីបារាំង នៅបានលើកឡើងថា ប្រតិបត្តិការសម្រុកចូលផ្ទះនៅជាយក្រុងប៉ារីស ដែលនៅក្នុងនោះភេរវជនពីរនាក់ បានស្លាប់បាត់បង់ជីវិត បានធ្វើឲ្យគេរកឃើញថា ក្រុមភេរវជនកំពុងមានផែនការចង់ធ្វើភេរវកម្ម នៅកន្លែងមួយទៀត នៅប្រទេសបារាំង។
តាមប្រភពស្និទ្ធនឹងក្រុមស៊ើបអង្កេតបារាំង បានឲ្យដឹងថា នគរបាលបានរកឃើញដោយចៃដន្យ នូវក្រុមភេវរជនមួយក្រុមផ្សេងទៀត ដែលគ្មានពាក់ព័ន្ធនឹងក្រុមធ្វើភេរវកម្មនៅប៉ារីស ប៉ុន្តែក្រុមថ្មីនេះកំពុងតែត្រៀមរៀបចំគម្រោងធ្វើភេរវកម្ម នៅ La Défense ជាយក្រុងប៉ារីស។ ទាំងភេវរជនដែលបានស្លាប់ និងជនសង្ស័យដែលនគរបាលចាប់ខ្លួន នៅក្នុងប្រតិបត្តិការឡោមព័ទ្ធនៅភាគខាងជើងក្រុងប៉ារីស សុទ្ធសឹងជាមុខក្រុមភេវរជនដែលកំពុងត្រៀមធ្វើភេរវកម្មនៅ La défense សង្កាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុតរបស់អឺរ៉ុប ដែលមានក្រុមហ៊ុនប្រមាណ ២៥០០ក្រុមហ៊ុន។
នៅក្នុងវេទិការជំនុំជាមួយចៅហ្វាយក្រុង ក្នុងស្រុកបារាំង លោកប្រធានាធិបតី បានប្រកាសបំពាក់អាវុធដល់នគរបាលក្រុង ដែលនៅមួយរយៈចុងក្រោយនេះ បានបញ្ចេញស្នាដៃល្អ រួមសហការជាមួយនគរបាលថ្នាក់ជាតិ ដើម្បីតាមប្រមាញ់ក្រុមភេរវនិយម។
វិមានប្រធានាធិបតី បារាំងបានប្រកាសឲ្យដឹងពីអត្តសញ្ញាណរបស់ជនរងគ្រោះ ដែលបានស្លាប់ និងរងរបួស ក្នុងអំពើភេរវកម្ម។ ជារួមមាន មនុស្សចម្រុះជាតិសាសន៍ចំនួន ១៩ ដែលរងគ្រោះក្នុងភេរវកម្មកណ្តាលក្រុងប៉ារីស។ ការិយាល័យអន្តរក្រសួង ដែលស្ថិតនៅក្រោមការដឹកនាំ របស់ក្រសួងការបរទេស នឹងទទួលបន្ទុកផ្តល់ជំនួយដល់ក្រុមគ្រួសារ សម្រាប់ធ្វើពិធីបុណ្យសព ៕