WASHINGTON៖ កាលពីថ្ងៃចន្ទទី១៤ ខែធ្នូ ប្រភពពីសភាអាមេរិកបាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា រំពឹងថានៅពេលឆាប់ៗក្នុងសប្ដាហ៍នេះ នឹងទទួលបានការអនុម័តលើការលក់នាវាចម្បាំងបាញ់គ្រាប់មីស៊ីលនាំផ្លូវទៅឲ្យតៃវ៉ាន់ចំនួន២គ្រឿង ទោះបីជាប្រទេសចិនប្រឆាំងនឹងការជូញដូរនេះក៏ដោយ ។
សមាជិកក្រុមប្រឹក្សាសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា ពួកយើងកំពុងរំពឹងថា ការអនុម័តនឹងធ្វើឡើងនៅដើមសប្ដាហ៍នេះ ។ សមាជិកម្នាក់ទៀតបាននិយាយថា សេចក្ដីជូនដំណឹងផ្លូវការរបស់រដ្ឋបាលគ្រប់គ្រងអាចកើតឡើងគ្រប់ពេលទាំងអស់ នៅពេលនេះ ។ ការដោះដូរនេះ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំនេះ ដែលជាគម្លាតដ៏វែងជាងគេក្នុងការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកទៅតៃវ៉ាន់ នៃការជួញដូរអាវុធរយៈជិត៤ទសវត្សន៍មកនេះ ។ វាមានរយៈពេលមួយឆ្នាំហើយ ក្រោយពីសភាអាមេរិកបានអនុម័តច្បាប់ស្តីពីការលក់នាវា ដោយអនុញ្ញាតឲ្យលក់នាវាចម្បាំងប្រភេទ Perry-class រហូតដល់ទៅ៤គ្រឿងកាលខែធ្នូឆ្នាំ២០១៤ ។
តៃវ៉ាន់រំពឹងថា នឹងចំណាយថវិកាប្រហែល១៧៦លានដុល្លារ សម្រាប់នាវាទាំងពីរគ្រឿងនេះ ហើយនឹងត្រួតពិនិត្យឡើងវិញ លើតម្រូវការថវិកាបន្ថែម មុននឹងសម្រេចទិញពីរគ្រឿងទៀត ៕