កំពង់ស្ពឺ ៖ នៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ក្រុមប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ ប្រដាប់ដោយដំបង និងពូថៅបានធ្វើការផ្ទុះកំហឹង ដាក់ក្រុមហ៊ុនកាយខ្សាច់របស់ចិនឈ្មោះ ខេ ឃែ ភូថល អ៊ិនធើណាស់សេណល មួយកន្លែង ស្ថិតក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ការប្រតិកម្មយ៉ាងធ្ងន់ធ្ងរ រហូតដល់វាយរបងឃាំងផ្លូវចេញនេះ ដោយសារក្រុមហ៊ុនរកស៊ីកាយខ្សាច់ របស់ក្រុមហ៊ុនចិនខាងលើ បានធ្វើរបងបិទផ្លូវ របស់ប្រជាពលរដ្ឋមួយភូមិ គឺភូមិឫស្សីស្រុក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាហេតុធ្វើឲ្យពួកគាត់ផ្ទុះការក្តៅក្រហាយ ហើយបានប្រដាប់ដោយកាន់ពូថៅ ដំបង មកវាយរបងរបស់ក្រុមហ៊ុននោះ ធ្លាក់រាបដល់ដី ដែលទើបសាងសង់មិនបានមួយម៉ោងផង ។
ពាក់ព័ន្ធនឹងករណីនេះ សុរិយោដីស្រុក ក៏ដូចមន្ត្រីសាលាស្រុក ដែលធ្លាប់ធ្វើការសម្របសម្រួលកន្លងមក មិនមានវត្តមានទេ ។ មន្ត្រីម្នាក់ប្រចាំការនៅទីនោះ បានបញ្ជាក់ថា ក្រុមហ៊ុនចិន នោះ បានធ្វើរបងការបិទផ្លូវ១ចំណែកធំ ដែលប៉ៈពាល់ដល់របស់ប្រជាពលរដ្ឋមួយភូមិ គឺភូមិឫស្សីស្រុក ជាហេតុធ្វើឲ្យពួកគាត់ផ្ទុះកំហឹងតែម្ដងបែបនេះ។ ដោយឡែកភាគីតំណាងក្រុមហ៊ុនចិន មិននៅប្រឈមមុខជាមួយប្រជាពលរដ្ឋទេ គឺបានចូលទៅក្រុមហ៊ុនអស់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការដោះស្រាយ រវាងអាជ្ញាធរមូលដ្ឋានស្រុក និងសុរិយោដីស្រុក ពាក់ព័ន្ធនឹងដីចំណីស្ទឹង ចំនួន៣០ម៉ែត្រ ដែលកន្លងមកប្រជាពលរដ្ឋ តែងតែដើរកាត់ដីនោះ ហើយក៏ជាផ្លូវរបស់គាត់យូរឆ្នាំមកហើយដែរ៕