Tuesday, December 15, 2015

បង្ហាញមុខ​ជនសង្ស័យ​៤០​នាក់ ពាក់​ពន្ធ័នឹង​ករណី​​គ្រឿងញៀន​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ៤០​នាក់ ស្រី​៣​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម ក្នុង​រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច​បាន​ធ្វើ​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​១៣ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ​។​
​លោក​វរសេនីយ៍ឯក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ដើម្បី​ចូលរួម​កាត់បន្ថយ​សកម្មភាព​ចែកចាយ ដែល​ជា​បញ្ហា​ស្មុគ្រស្មាញ និង​មាន​គ្រោះថ្នាក់​បំផុត​នោះ លោក​បាន​ដឹកនាំ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ បាន​៤០​នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន ចំនួន​៣០​កញ្ចាប់ ទូរស័ព្ទ​ម៉ាក​ណូគា ១២៨០ មួយចំនួន និង​សម្ភារ​សម្រាប់​ជក់​មួយចំនួន​។​
​លោក​បាន​បន្ត​ឲ្យដឹង​ទៀតថា ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​កន្លងមក​នេះ កម្លាំង​របស់លោក បាន​ចុះ​ទៅ​បង្ក្រាប​ត្រូវ​ចំណុច​នៅ​តំបន់​បឹង​ឈូក លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៣ ឃាត់ខ្លួន​សុ​រប​បាន​ជាង​១០០​នាក់​។ ដូច្នេះ​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា មាន​ភាពស្ងប់ស្ងាត់​មិនសូវ​មាន​ក្មេងៗ​ពពា​ក់ព​ពួន​គ្នា​ដូច​មុនៗ​ទៀត​ប៉ុន្មាន​ឡើយ​។​
​ក្រោយ​ពី​បញ្ចាប់ការ​បង្ហាញមុខ​ជនសង្ស័យ​ទាំងនេះ កម្លាំង​សមត្ថកិច្ច​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១៥​នេះ​តែម្ដង ៕