Tuesday, December 15, 2015

ព្រះរាជអាជ្ញា នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​នៅ​ចុង​សប្តាហ៍​នេះ ទាក់ទង​សំណុំរឿង​ប្លន់​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្តម អង្គ វង្ស​វ​ឌ្ឈ​នា បាន​កោះអញ្ជើញ​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ប្រជុំ​បន្ទាន់ដោយ​ស្នើ​ឲ្យមាន​ការប្រមូល​ទិន្នន័យ អំពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់​និង​ប្លន់ ព្រមទាំង​ទណ្ឌិត​ដែល​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។​
​យោងតាម​លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្តម អង្គ វង្ស​វ​ឌ្ឈ​នា បានបញ្ជាក់​ថា យោង​តាម​សំណូមពរ​ចាំបាច់​ចំពោះ​មុខ​ក្រសួង សូម​អញ្ជើញ​លោក លោកស្រី ជា​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ចូលរួម​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌ នា​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​៣០​នាទី ដើម្បី​ពិនិត្យ​និង​ពិភាក្សា​ការងារ​របស់​ស្ថាប័ន​អយ្យការ ជាពិសេស​លើ​គោលការណ៍​ក្នុង​ការដឹកនាំ និង​សម្របសម្រួល​នយោបាយ​ព្រហ្មទណ្ឌ ។​
​ក្នុង​លិខិត​ដដែល​បន្តថា ក្នុង​គោលបំណង​ឲ្យ​កិច្ចដំណើរការ នៃ​កិច្ចប្រជុំ​នេះ ទៅ​បាន​ដោយ​រលូន  និង​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​ល្អ​ប្រសើរ ក្រសួង​សូម​លោក លោកស្រី ជា​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ប្រមូល​នូវ​ទិន្នន័យ និង​រាយការណ៍​ជូន​អង្គប្រជុំ អំពី​ចំនួន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់​និង​ប្លន់ ដែល​កំពុង​ស្ថិត​នៅក្នុង​ចំណាត់ការ​អយ្យការ និង​តុលាការ ដែល​បាន​ចាត់ការ​រួច និង​ដែល​ទណ្ឌិត​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។​
​ការកោះប្រជុំ​បន្ទាន់ របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នាពេលនេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​បញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យឡើងវិញ នូវ​ការស្នើ​ឈ្មោះ​ទណ្ឌិត​មួយចំនួន សម្រាប់​ការលើកលែងទោស ដោយ​សម្តេច​ថា​ករណី​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​ថ្មីៗ​នេះ គឺជា​មុខសញ្ញា​នៃ​ទណ្ឌិត ដែល​ទើប​ចេញពី​ពន្ធនាគារ​។​
     ​សម្តេច​តេជោ មានប្រសាសន៍ថា អំពើ​ប្លន់​ប្រដាប់អាវុធ​បាន​កក្រើក​ឡើង នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ប្រទេស បង្កើន​ការប្រុងប្រយ័ត្ន និង​វាយ​កម្ចាត់​ក្រុម​ប្លន់​ប្រដាប់អាវុធ និង​ក្រុម​ជួញដូរ​គ្រឿងញៀន​។ សម្តេច​តេជោ​បន្តថា តាម​របាយការណ៍​ខ្លះ ឲ្យដឹង​ថា​មុខសញ្ញា​នៃ​ការ​ប្លន់​ជា​មនុស្ស​ដដែលៗ ដែល​ទើប​ចេញពី​ពន្ធនាគារ​។​
​សម្តេច​តេជោ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ពិនិត្យ​មើល​ករណី​លើកលែងទោស​នេះ មុន​នឹង​ដាក់​ឈ្មោះ​ឲ្យ​សម្តេច​ចុះ​ហត្ថលេខា ស្នើ​ទៅ​ព្រះមហាក្សត្រ​សម្រាប់​ការលើកលែងទោស​៕