កំពង់ស្ពឺ ៖ ក្រោយក្រុមចោរប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មវាយកម្ទេចទូមាសប្លន់យកគ្រឿងអលង្ការ អស់ជាច្រើនតម្លឹង សមត្ថកិច្ចបានអះអាងថា ពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ ប៉ុន្តែក្នុងនោះក៏មានមនុស្សម្នាក់ ត្រូវគេបាញ់សម្លាប់ផងដែរ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពេលនេះយើងកំពុងតាមប្រម៉ាញ់ក្រុមចោរប្លន់ ដោយក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងប្រដាប់ដោយកាំភ្លើងAK ១ដើម ។ នៅក្នុងករណីប្លន់នោះ ក្រុមជនល្មើសបានប្រើកាំភ្លើងAK ភ្ជង់ទៅលើម្ចាស់ផ្ទះ និងវាយកម្ទេចទូមាស ប្រមូលយកគ្រឿងអលង្ការ អស់ប្រមាណជាង២០តម្លឹង។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ គឺក្រុមជនល្មើសបានបាញ់សម្លាប់ស្មៀនឃុំម្នាក់ ដោយនឹងស្មានថា ជាសមត្ថកិច្ច គ្រាដែលជនរងគ្រោះជាស្មៀនឃុំ បានដើរចូលមកដោយចៃដន្យ ខណ:ក្រុមចោរកំពុងធ្វើសកម្មភាពប្លន់ ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណ១០:៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ នៅផ្សារតាឡាត់ ស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមចោរ២នាក់ ពាក់អាវរងា ពណ៌ត្រេអី អាវុធ AK ១ដើម ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់មួក កន្សែងរុំមុខ បានចូលទៅប្លន់ អ្នកលក់មាស ជនរងគ្រោះឈ្មោះ ផាន ផានី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់មាស មានទីលំនៅភូមិកើតហេតុខាងលើ អស់សម្ភារ ផ្លាកទីនប្រហែល ជាង២០តម្លឹង ចំណែកជនរងគ្រោះពុំគ្រោះថ្នាក់ទេ ប៉ុន្តែស្មៀនឃុំមហាសាំង ម្នាក់ឈ្មោះ អិន ធឿន ហៅប៉ោ ត្រូវបានបាញ់សម្លាប់ ៕