ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសច្បាប់ចរាចរណ៍ថ្មី និងត្រូវចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១ មករា ២០១៦ ខាងមុខនេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុក ទៅធ្វើបណ្ណ័បើកបរយានយន្តគ្រប់ប្រភេទ យ៉ាងច្រើនកុះករ ខុសប្លែកពីធម្មតា ជាពិសេសចាប់ពីថ្ងៃទី១ ធ្នូ រហូតមកដល់ពេលនេះ ដែលចំនួននេះ មានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងថ្ងៃធម្មតានាពេលមុនៗ ។
លោក មាស ចន្ថា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុកទៅធ្វើបណ្ណ័បើកបរទោចក្រយានយន្ត និងប័ណ្ណបើកបរយានយន្តយ៉ាងច្រើនកុះករ ខុសប្លែកពីធម្មតា ដោយពីមុនមានត្រឹមតែជាង ១០០នាក់ ប៉ុន្តែឥឡូវមានរហូតដល់ទៅជិត ៣០០នាក់ ក្នុងមួយថ្ងៃ នេះជាចំនួនមួយ ដែលមិនធ្លាប់មានពីមុនមក ។ លោកបានបន្តថា បន្ទាប់ពីអគ្គស្នងការនគបាលជាតិ បានដាក់បទបញ្ជាតឹងរឹង ដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥ ដែលនឹងអនុវត្តន៍ចាប់ពីថ្ងៃទី១ មករា ខាងមុខនេះ។
លោក មាស ចន្ថា បានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥នេះ អ្នកដែលបានទៅធ្វើប័ណ្ណបើកបរនៅទូទាំងរាជធានីភ្នំពេញ សម្រាប់ប័ណ្ណបើកបរ ម៉ូតូមានចំនួន៦៩០២០ និងប័ណ្ណបើកបរ រថយន្តមានចំនួន១១២០៨៧ ។ចំពោះអ្នកដែលចុះឈ្មោះក្នុងការប្រឡង យកប័ណ្ណបើកបរបានត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសំបុត្រកំណើត ហើយមានការបញ្ជាក់ពីសាលាបង្រៀនបើកបរផងដែរ ។
គួររំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ ក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដល់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៅទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាទៅកាន់កម្លាំងនគរបាលទូទាំងប្រទេសថា សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ថ្មីឆ្នាំ២០១៦ ខាងមុខនេះ កម្លាំងនគរបាលទាំងអស់ ត្រូវកែលម្អឥរិយាបទនៅពេលចុះប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់ នូវសីលធម៌ វិន័យ ហើយត្រូវដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវបញ្ឈប់ការផាកពិន័យ នៅតាមដងផ្លូវ មកធ្វើការពិន័យនៅតាមអង្គភាពតែម្តង ៕