BEIJING៖ កាលពីថ្ងៃពុធ វិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងសន្តិសុខចិន នៅក្នុងតំបន់ចលាចលនៃខេត្ត Xinjiang ភាគខាងលិចប្រទេសចិន បានសម្លាប់មនុស្ស១៧នាក់ រួមទាំងស្ត្រី និងកូនក្មេងផងដែរ ដោយចោទប្រកាន់ពួកគេ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅអណ្ដូងរ៉ែធ្យូងថ្ម ដែលបានសម្លាប់មនុស្ស៥០នាក់ ។
មានមនុស្សរាប់រយនាក់ស្លាប់នៅក្នុងខេត្ត Xinjiang ដែលមានភាពចលាចលឥតឈប់ឈរ ជាទីតាំងរបស់ជនជាតិមូស្លីម Uighur ភាគច្រើនរស់នៅទីនោះ និងតំបន់មួយចំនួនទៀតក្នុងប្រទេសចិន កាលពីបីឆ្នាំមុន ឬលើសពីនេះ ។ ប្រទេសចិនបានចោទប្រកាន់លើក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ចំពោះអំពើហិង្សាទាំងនេះ ។ ចិនបានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្ដល់ជំនួយបន្ថែមទៀត ចំពោះយុទ្ធនាការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ នៅក្នុងខេត្ត Xinjiang ក្រោយពីមានការវាយប្រហារក្នុងទីក្រុងប៉ារីស ដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវ ។
វិទ្យុអាស៊ីសេរីដកស្រង់សម្ដីរបស់នគរបាលខេត្ត Xinjiang ថា មនុស្សទាំង១៧នាក់ ដែលត្រូវបានសម្លាប់ គឺជាជនសង្ស័យក្នុងការវាយប្រហារនៅអណ្ដូងរ៉ែ រួមទាំងបុរសបីនាក់ដែលត្រូវបានជឿថា គឺជាក្រុមមេដឹកនាំដ៏សំខាន់ និងសមាជិកគ្រួសាររបស់ពួកគេ ៕