SEOUL៖ កាលពីថ្ងៃចន្ទទី១៦ ខែវិច្ឆិកា បណ្ដាញសារព័ត៌មាន Yonhap កូរ៉េខាងត្បូងបាននិយាយដោយដកស្រង់ពីប្រភពអង្គការសហប្រជាជាតិថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Pyongyang នៃកូរ៉េខាងជើងក្នុងសប្ដាហ៍នេះ ដែលជាការបើកចំហផ្លូវការទូតដ៏កម្រមួយ របស់រដ្ឋឯកោរមួយនេះ ។
លោក Ban ជាប្រជាជនកូរ៉េខាងត្បូងម្នាក់ កាលពីដើមឆ្នាំនេះមានគម្រោងទស្សនកិច្ចនៅកូរ៉េខាងជើងម្ដងរួមមកហើយ ប៉ុន្តែត្រូវទីក្រុងព្យុងយ៉ាងមិនឯកភាពចំពោះដំណើរទស្សនកិច្ចនោះ នៅពេលខិតជិតមកដល់ ដោយគ្មានការពន្យល់ពីមូលហេតុ ។
ប្រភពនេះបានប្រាប់ Yonhap ថា ជារឿងមិនអាចទៅរួចឡើយដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងមិនជួបជាមួយមេដឹកនាំកូរ៉េខាងជើង ខណៈពេលដែលលោកធ្វើដំណើរទស្សនកិច្ចនៅកាន់ប្រទេសនេះ ដោយបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះគឺជាការជម្រុញក្នុងការដោះស្រាយវិបត្តិនៃឧទ្វីបកូរ៉េ ។
ប្រទេសកូរ៉េខាងជើងដ៏សម្ងាត់នេះ មានឈ្មោះជាផ្លូវការថា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាជនកូរ៉េ (DPRK) ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់អង្គការសហប្រជាជាតិ អឺរ៉ុប និងសហរដ្ឋអាមេរិក ចំពោះការធ្វើតេស្តគ្រាប់មីស៊ីល និងនុយក្លេអ៊ែរ ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនអាចសុំការបំភ្លឺចំពោះសេចក្ដីរាយការណ៍នេះបានឡើយនៅពេលភ្លាមៗនេះ ហើយបណ្ដាញសារព័ត៌មានមិនបានផ្សព្វផ្សាយលំអិតអំពីដំណើរទស្សនកិច្ចនេះឡើយ ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិក៏ទាន់អាចផ្ដល់ព័ត៌មានបានដែរ ៕