កាលពីថ្ងៃចន្ទ ប្រភពពីសហរដ្ឋអាមេរិក ដែលស្និទក្នុងបញ្ហានេះបាននិយាយថា ប្រព័ន្ធទំនាក់ទំនងរុស្ស៊ី ដែលលួចស្ដាប់ បានដោយភ្នាក់ងារចារកម្មអាមេរិក បានបង្ហាញថា រុស្ស៊ីបានជឿថា យន្តហោះដែលធ្លាក់ក្នុង Sinai ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី៣១ ខែតុលា គឺដោយសារគ្រាប់បែក ។
ប្រភពនេះបាននិយាយទៀតថា ការលួចស្ដាប់ព្រមទាំងភស្ដុតាងនានា នាំឲ្យក្រុមមន្ត្រីអាមេរិកសង្ស័យថា គ្រាប់បែកដែលដាក់នៅលើយន្តហោះ Metrojet 9268 ត្រូវបានបំផ្ទុះ ក្រោយពេលដែលយន្តហោះ Airbus A321 នេះហោះចេញបានបន្ដិចពីទីក្រុង Sharm al-Sheikh ។
ប្រទេសអេហ្សីប និងរុស្ស៊ីនៅមិនទាន់បានប្រកាសជាផ្លូវការ ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ។ ប្រទេសទាំងពីរបានច្រានចោលការវាយតម្លៃនៅពេលភ្លាមៗដោយអាមេរិក និងអង់គ្លេសកាលពីសប្ដាហ៍មុន ដែលថាជាការបំផ្ទុះដោយគ្រាប់បែក ។ ក្រុមហ៊ុនអាកាសចរណ៍បរទេសនានា បានលុបចោលការហោះហើរទាំងអស់ ទៅកាន់តំបន់ទេសចរណ៍សមុទ្រក្រហម នៃប្រទេសអេហ្ស៊ីប ក្រោយពីការធ្លាក់យន្ដហោះនេះ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការធ្លាក់នេះ ប្រភពពីរដ្ឋាភិបាលអាមេរិក និងអង់គ្លេស បានឲ្យដឹងថា ការលួចស្ដាប់ការសន្ទនានេះបានបង្ហាញថា យន្តហោះនោះធ្លាក់ដោយសារគ្រាប់បែក ។
ក្រុមពាក់ព័ន្ធនឹងរដ្ឋអ៊ីស្លាមក្នុងតំបន់នេះ ដែលបានចាត់ទុកខ្លួនឯងថាជាក្រុមរដ្ឋអ៊ីស្លាមក្នុងខេត្ត Sinai បានអះអាងទទួលខុសត្រូវ ចំពោះការធ្លាក់យន្តហោះនេះ ហើយបានបញ្ជាក់ថា ពួកគេសងសឹងចំពោះការអន្តរាគមន៍របស់យោធារុស្ស៊ី ក្នុងសង្គ្រាមស៊ីវិលប្រទេសស៊ីរី ៕
