YANGON: ក្រុមអ្នកអង្កេតការណ៍សហគមន៍អឺរ៉ុបបាននិយាយថា គណៈកម្មាការបោះឆ្នោតក្នុងប្រទេសភូមា ធ្វើបានល្អទាំងអស់ ។ ចំនួន៩៥ភាគរយ នៃស្ថានីយបោះឆ្នោតជាង៥០០កន្លែង ត្រូវបានដាក់ពិន្ទុល្អ និងល្អណាស់ ។
ក្រុមមន្ត្រីរបស់សហគមន៍អឺរ៉ុបមួយក្រុម នៅក្នុងប្រទេសភូមា ដើម្បីអង្កេតការណ៍លើការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានចាត់ទុកការបោះឆ្នោតនេះថា ជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់មួយ ដែលល្អជាងការរពឹងទុក ទោះបីជាត្រូវមានការកែប្រែមួយចំនួនក៏ដោយ នៅពេលបោះឆ្នោតនាពេលអនាគត ។
ប្រធានក្រុមអ្នកអង្កេតការណ៍ លោក Alexander Graf Lambsdorff បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងសន្និសីទកាសែតនៅទីក្រុង Yangon នៅពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះថា ការរាប់សន្លឹកឆ្នោត ដែលកំពុងចាប់ផ្ដើម ហើយអាចប្រើពេលច្រើនសប្ដាហ៍ ដើម្បីបញ្ចប់ គឺមានតម្លាភាព ។ ក្រុមនេះបាននិយាយទៀតថា ក្រុមពួកគេនឹងនៅបន្តរហូតដល់ថ្ងៃទី២ ខែធ្នូ ដើម្បីអង្កេតការណ៍ចំពោះការរាប់សន្លឹកឆ្នោត ដំណោះស្រាយជម្លោះ និងយន្តការបណ្ដឹង ៕