Tuesday, November 10, 2015

សេត​វិមាន ជំរុញ​ឲ្យ​គណបក្ស​នានា ក្នុង​ប្រទេស​ភូមា ចាំ​មើលលទ្ធផលជាផ្លូវការ​

WASHINGTON: កាលពី​ថ្ងៃ​ចន្ទ​ទី​៩ ខែវិច្ឆិកា សេត​វិមាន​បាន​អបអរសាទរ​ចំពោះ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ ក្នុង​ប្រទេស​ភូមា ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំងអស់​រង់ចាំ​លទ្ធផល​បោះឆ្នោត​ចុងក្រោយ មុននឹង​ប្រកាស​ពី​ជោគជ័យ ឬ​ធ្វើ​ការវាយតម្លៃ​អំពី​ភាពត្រឹមត្រូវ ។

ទោះជា​មាន​ការ​ពិពណ៌នា​ថា នេះ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ និង​មាន​សន្តិភាព ក៏ដោយ អ្នកនាំពាក្យ​សេត​វិមាន លោក Josh Earnest បាន​ជំរុញ​ឲ្យមាន​ការប្រុង​ប្រយ័ត្ន ។
​លោក​បាន​និយាយថា ពួក​យើង​បានឃើញ​សេចក្ដីរាយការណ៍​បឋម នៃ​លទ្ធផល​បោះឆ្នោត​ដែល​បង្ហោះ​ដោយ​ក្រុម​អ្នកគាំទ្រ របប​ប្រជាធិបតេយ្យ របស់​លោកស្រី Aung San Suu Kyi ប្រឆាំង​របប​យោធា​ផ្ដាច់ការ ដែល​ពួកគេ​បាន​អបអរសាទរ​នៅ​តាម​ដង​វិថី ។
សេត​វិមាន​បាន​និយាយថា នៅពេល​ភ្លាមៗ​ពេក​ពិបាក​នឹង​និយាយបានថា តើ​ការបោះឆ្នោត​នេះ​នឹង​អាច​ឲ្យមាន​ការដក​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ឬ​ជា​ការត្រួសត្រាយ​ផ្លូវ​ទៅរក​ទំនាក់ទំនង​ផ្នែក​យោធា​នោះទេ ៕