កាលពីថ្ងៃចន្ទទី១៦ ខែវិច្ឆិកា ប្រធានាធិបតី Barack Obama បានសម្រេចមិនផ្លាស់ប្ដូរយុទ្ធសាស្ត្រ ក្នុងការវាយប្រហាររដ្ឋអ៊ីស្លាមឡើយ ទោះបីជាមានការវាយប្រហារយ៉ាងសាហាវឃោរឃៅក្នុងទីក្រុងប៉ារីសក៏ដោយ លោកបាននិយាយថា ការដាក់ពង្រាយកងទ័ពថ្មើរជើងអាមេរិកបន្ថែមទៀត តាមការទាមទារដោយក្រុមអ្នករិះគន់ផ្នែកនយោបាយ គឺជាកំហុស ។
និយាយក្រោយពីកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសទួគី លោក Obama បានពណ៌នាថា ការវាយប្រហារក្នុងប្រទេសបារាំង ដែលសម្លាប់មនុស្សចំនួន១២៩នាក់ គឺជាការដើរថយក្រោយគួរឲ្យភ័យខ្លាច និងឈឺចាប់បំផុត ដោយលោកបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីកម្ទេចរដ្ឋអ៊ីស្លាម នៅពេលដែលក្រុមនេះបានគំរាមវាយប្រហារ លើទីក្រុងវ៉ាស៊ីនតោន ។
ដោយគិតពីផលលំបាក ដែលកាលពីអាមេរិកបានត្រួតត្រា ក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយពីការឈ្លានពានរបស់អាមេរិកកាលពីឆ្នាំ២០០៣ លោក Obama មានការស្ទាក់ស្ទើរយ៉ាងខ្លាំង ក្នុងការតាំងចិត្តដាក់ពង្រាយកងកម្លាំងថ្មើរជើងអាមេរិក ក្នុងតំបន់សង្គ្រាមនៅមជ្ឈិមបូព៌ា ។
លោក Obama បានប្រាប់ទៅកាន់សន្និសីទកាសែតមួយថា ពួកយើងនឹងបន្តយុទ្ធសាស្ត្រ ដែលជាឱកាសដ៏ប្រសើរបំផុតក្នុងកិច្ចការនេះ ហើយលោកបានបន្ថែមទៀតថាគួរតែមានការបង្កើនកម្រិតនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងរដ្ឋអ៊ីស្លាម ។ លោក Obama ត្រូវបានរិះគន់ពីការដឹកនាំរបស់លោកដោយភាពចលាចលនៅពេលថ្មីៗនេះ ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក្រោមការអំពាវនាវរបស់សមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន ចំពោះវិធីសាស្ត្រឈ្លានពានបន្ថែមទៀតដោយរួមទាំងកងកម្លាំងថ្មើរជើងអាមេរិកក្នុងតំបន់នោះផងដែរ ៕