ក្រុមសកម្មប្រយុទ្ធដែលត្រូវតាមចាប់ខ្លួន លាក់ខ្លួន នៅភាគខាងត្បូងប្រទេសហ្វីលីពីន កំពុងមានផែនការបង្កើតក្រុមជាផ្លូវការមួយ របស់ក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី (ISIS) នៅតំបន់អាស៊ីអាគ្នេយ៍ ដោយរួមគ្នាជាក្រុមភេរវកម្មមួយ ក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន រួមមានសកម្មប្រយុទ្ធឈ្មោះ Jemaah Islamiah និង Abu Sayya ។
អតីតសាស្ត្រាចារ្យសកលវិទ្យាល័យ Malaya ឈ្មោះ Mahmud Ahmad និងមិត្តរបស់ខ្លួន ឈ្មោះ Mohd Najib Husen ដែលជាម្ចាស់ហាងទំនិញមួយកន្លែង រួមទាំងអតីតបុគ្គលិកនៃគណៈកម្មការក្នុងតំបន់ម្នាក់ឈ្មោះ Muhammad Joraimee Awang Raime ដែលស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ប្រទេសម៉ាឡេស៊ី តាំងពីខែឧសភាឆ្នាំមុន ត្រូវកំណត់មុខសញ្ញាបាន ថាជាបុគ្គលសំខាន់ក្នុងផែនការរៀបចំរួបរួមគ្នា ។
ប្រធាននាយកដ្ឋានប្រឆាំងភេវរកម្មម៉ាឡេស៊ី បានប្រាប់ទៅកាន់អ្នកយកព័ត៌មានក្នុងកិច្ចសម្ភាសន៍មួយថា ឈ្មោះ Mahmud ជាជនល្មើសនៅក្នុងបញ្ជីតាមចាប់ខ្លួនដ៏សំខាន់បំផុត មិនត្រឹមតែចង់ចូលរួមជាមួយ Abu Sayyaf ប៉ុណ្ណោះទេ គឺពួកគេចង់បង្កើតបក្សពួកនៅតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមឧទ្ទាម ISIS ទៀតផង ។
អគ្គស្នងការរង លោក Ayob Khan Mydin Pitchay បាននិយាយ ដោយប្រើឈ្មោះផ្សេងជំនួសក្រុម ISIS ថា ជនម្នាក់នេះបានថតនៅក្នុងវីដេអូមួយពីការសច្ចាប្រណិធាន ដើម្បីបង្កើតក្រុម IS នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ Mahmud បានធ្វើដំណើរទៅប្រទេសស៊ីរី និងស្បថបង្ហាញភក្ដីភាពចំពោះមុខមេដឹកនាំកំពូលរបស់ IS ឈ្មោះ Abu Bakr al-Baghdadi ។
លោក Ayob បាននិយាយទៀតថា ពួកយើងរកឃើញវីដេអូនេះតាមរយៈភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលបានឲ្យដឹងថា ដំណើរទៅកាន់ប្រទេសស៊ីរីគឺជាភាពចាំបាច់បំផុតរបស់ Mahmud នាពេលបច្ចុប្បន្ន ដោយបន្ថែមទៀតថា សកម្មប្រយុទ្ធជើងចាស់រូបនេះ បានហ្វឹកហាត់ជាមួយក្រុមអាល់កៃដា ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងទសវត្សន៍ទី៩០ ហើយបានប្រើតួនាទីរបស់ខ្លួនជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដើម្បីជ្រើសរើសនិស្សិតចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ ៕