Wednesday, November 18, 2015

សម្លាប់​ស្ត្រី​ជនជាតិ​ចិន នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​៥​នាក់​

ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការ​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់ឲ្យដឹង​ថា ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​ការសាកសួរ​ទៅលើ​ជនសង្ស័យ​ប្រុស ស្រី ចំនួន ៥​នាក់ គឺជា​ជនជាតិ​ចិន​ដូចគ្នា ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថានទូត​ចិន​ផង​ដែរ​។​
​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់​បន្តថា មូលហេតុ​ដែល​នាំឲ្យ​មាន​ការយឺតយ៉ាវ នៃ​ការសាកសួរ​ពី​ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ដោយសារ​បញ្ហា​រឿង​ភាសារ ទើប​តែ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មាន​តំណាង​ស្ថានទូត​ចិន ចូលរួម​ការសួរនាំ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ មិនទាន់​ទទួលបាន​ចម្លើយ​អ្វី ដែល​ជា​ការកត់សម្គាល់​នោះទេ ប្រហែល​ជា​ថ្ងៃស្អែក ទើប​ដឹង​ពី​លទ្ធផល​ជាក់លាក់​។​
​ជនជាតិ​ចិន​សង្ស័យ​ទាំង​៥​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ ក្នុង​ករណី​ឃាតកម្ម​សម្លាប់​ទៅលើ​ស្ត្រី​ជនជាតិ​ចិន​ដូចគ្នានេះ ទី​១.​ឈ្មោះ Zeng Wenxuan ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​, ទី​២.​ឈ្មោះ Yang Peipei ភេទ​ស្រី អាយុ​២៤​ឆ្នាំ​, ទី​៣.​ឈ្មោះ Xu Fuju ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ទី​៤.​ឈ្មោះ Zao Chuan ភេទ​ស្រី អាយុ​៥០​ឆ្នាំ និង​ទី​៥.​ឈ្មោះ Luo Zaijun ភេទ ប្រុស​អាយុ​៤៣​ឆ្នាំ ទាំង​៥​នាក់ មាន​ស្រុកកំណើត នៅ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន​។ ចំណែក​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ ឈ្មោះ Chen Huaying ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន​ដូចគ្នា និង​មាន​ស្រុកកំណើត នៅ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន​ជាមួយគ្នា​។​
​សូម​បញ្ជាក់​ឲ្យដឹងថា កាលពី​វេលា​ម៉ោង​២០:១៥​នាទី យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​សម្លាប់​នៅ​ក្នុង​បន្ទប់​លេខ ២០៦ ជាន់​ទី​២ នៃ​អគារ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​សាងសង់ តំបន់​សេដ្ឋកិច្ច ចិន​-​កម្ពុជា គ្រុប ដែល​មាន​ទីតាំង នៅក្នុង បូរី ញូ​វ​ថោន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ករណី​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ស​ម​ត្ថ​កិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​ភា្ល​មៗ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស ស្រី​ចំនួន ៥​នាក់ (​ប្រុស ៣​នាក់ និង​ស្រី ២​នាក់​) នាំ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​សាកសួរ​។ ដោយឡែក​សព​ស្ត្រី​ជនជាតិ​ចិន​រងគ្រោះ ក្រោយ​ពី​កម្លាំង​ជំនាញ​នគរបាល​កោសល្យវិច្ច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យ​រួចរាល់​បាន​ដឹកបញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ ដើម្បី​ធ្វើ​បំពេញ​ឯកសារ​ដឹក​បញ្ជូន​បន្ត​ទៅកាន់​ប្រទេស​ដើម​កំណើត​វិញ​។​
​ពាក់ព័ន្ធ​ទៅ​ករណីនេះ​ផង​ដែរ​កន្លងមក លោក គឹម សារុន មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ធ្លាប់បាន​ប្រាប់ឲ្យដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៥​នាក់​នេះ គឺ​ជនសង្ស័យ ឈ្មោះ YANG PEIPEI ភេទ​ស្រី អាយុ ២៤​ឆ្នាំ ជាប់​សង្ស័យ​ជាងគេ ពីព្រោះ​ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ចូលទៅ​ក្នុង​បន្ទប់​ជនរងគ្រោះ​នោះ គេ​ឃើញ​ឈ្មោះ YANG PEIPEI នេះ កំពុងតែ​អង្គុយ​ក្នុង​សភាព​ញ័រញាក់​នៅក្បែរនោះ ព្រមទាំង​មាន​កាន់ដំបង​នៅ​នឹង​ដៃ​របស់​នាង ព្រមទាំង​មាន​ស្នាម​ឈាម​ប្រឡាក់​សក់ និង​ក្រចកជើង​របស់​នាង​ទៀតផង ៕