មណ្ឌលគិរី ៖ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៣០៣ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៊ូស្រា និងយោធាការពារព្រំដែនលេខ ១០៣ បានធ្វើការបង្ក្រាបរថយន្តដឹកឈើប្រណិតចំនួន ២គ្រឿង កាលពីវេលាម៉ោង ២:០០ទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ២០១៥ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកឧត្តមសេនិយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្តទាំង២គ្រឿង ដែលសមត្ថកិច្ចបង្ក្រាបបានមានរថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ស គ្មានស្លាកលេខ និងរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីស្វិត ពណ៌ខ្មៅ គ្មានស្លាកលេខ។
លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន បានបញ្ជាក់ថា រថយន្តទាំង២គ្រឿងនេះ ផ្ទុកឈើប្រណិតចំនួន ៩០ដុំ ក្នុងនោះ ធ្នង់ ៣៩ដុំ និងនាងនួន ៥១ដុំ ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានធ្វើកំណត់ហេតុ និងប្រគល់វត្ថុតាងជូនកម្លាំងជំនាញបរិស្ថាន ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕