Wednesday, November 18, 2015

មេខ្លោង​បញ្ជា​ឲ្យ​ជះទឹក​អាស៊ីត ត្រូវ​ដោះលែង

​តាកែវ ៖ ឪពុក​ម្តាយ​ពីរ​នាក់ ជា​មេខ្លោង​បញ្ជា​ឲ្យ​ជះទឹក​អាស៊ីត ត្រូវបាន​នគរបាល​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ដីកា​របស់​តុលាការ​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មាន​ការធានា​អះអាង ពី​មេធាវី​អម​ដោយ​ដីកា របស់​សាលាឧទ្ធរណ៍​មួយ​សន្លឹក​។​
​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ​មាន​ករណី​ជះ​ទឹក​អាស៊ីត​មួយ​បាន​កើតឡើង នៅ​ផ្សារ​ទម្លាប់ ស្រុក​គីរីវង់ ខេត្តតាកែវ បង្កឡើង​ដោយ​ជនដៃដល់ ៤​នាក់ ឪពុកម្តាយ និង​កូន​២​នាក់ បណ្តាល​ឲ្យ​ស្រី្ត​មាន​ផ្ទៃពោះ​២​ខែ​ម្នាក់ រងរបួស​ធ្ងន់ និង​កូនស្រី​អាយុ​២​ឆ្នាំ ម្នាក់​ទៀត​រងរបួស​ផងដែរ​។ បន្ទាប់ពី​កើតហេតុ ជនដៃដល់​២​នាក់​បងប្អូន បាន​រត់គេចខ្លួន ហើយ​តុលាការ បាន​កោះហៅ​ឪពុក​ម្តាយ​ជា​អ្នកបញ្ជា​ឲ្យ​កូន​ជា​អ្នក​ជះ​ទឹក​អាស៊ីត​ចូល​បំភ្លឺ​។ ប៉ុន្តែ​ក្រោយមក​អ្នក​ទាំង​ពីរ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ទិន សុចិ​ត្រា ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​។​
​លោក លុយ សុ​វណ្ណា​រ័ត្ន ប្តី​ស្ត្រី​រងគ្រោះ​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា នគរបាល​ខេត្តតាកែវ បាន​ចាប់ខ្លួន​ឪពុក​ម្តាយ​ពីរ​នាក់​នេះ​។ ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។ លោក លុយ សុ​វណ្ណា​រ័ត្ន បន្តថា នៅ​ល្ងាច​ថ្ងៃ​ដដែល ពួកគេ​ត្រូវបាន​ដោះលែង​វិញ​។ លោក​ចាត់ទុកជា​ភាព​អយុត្តិធម៌​បំផុត ចំពោះ​ការដោះលែង​ជនល្មើស​នេះ​។​
​ក្នុង​រឿង​ដដែល​នេះ លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​និយាយ​ថា លោក​បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ជនល្មើស​២​នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា ករណី​ជះ​ទឹក​អាស៊ីត នៅ​ផ្សារ​ទន្លាប់ ខេត្តតាកែវ ដែល​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ង​រ និង​កូនស្រី​អាយុ​២​ឆ្នាំ រង​របួសស្រាល​។ ជនល្មើស​ទាំង​២​នាក់ បាន​រត់គេចខ្លួន ខណៈ​បច្ចុប្បន្ន​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ លោកស្រី អ៊ិន ម៉ា​និត្យ ជា​អ្នក​ចាត់ការ​បន្ត​តាម​នីតិវិធី តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។ លោក​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ ដេង លក្ខិណា ត្រូវបាន​ចោទប្រកាន់​១​បទល្មើស តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​អាស៊ីតខ្លាំង​។ ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ ដេង មាស ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​អាស៊ីតខ្លាំង និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​
​ដោយឡែក ស្ត្រី​រងគ្រោះ​ឈ្មោះ មួង ស្រីមុំ បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា អ្នកស្រី​មាន​ការឈឺចាប់​ដោយសារ​មុខរបួស​ខ្លាំងណាស់ ចង់​តែ​ឲ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​ឲ្យស្លាប់​តែម្តងទៅ​។ ប៉ុន្តែ​ដោយសារ​អាណិត​កូនតូច ចេះ​តែ​ទ្រាំរ​ស់ទាំង​ឈឺចាប់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ៕​