ភ្នំពេញ៖ នៅក្នុងទំព័រFacebook របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានបញ្ជាក់ថាប្រជាពលរដ្ឋ ឬក្រុមអ្នកស្ម័គ្រចិត្តទាំងឡាយណាដែលមានលទ្ឋភាពចង់រៀបចំអុំទូក ក៏ពុំមានការហាមឃាត់ដែរ តែត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពដោយខ្លួនឯង ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសរសេរថា៖ សុវត្ថិភាព និង សុខសន្តិភាព គឺជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ។ ម្យ៉ាងវិញទៀត កម្ពុជាដែលមានឳកាសចូលរួមប្រកួតប្រជែងលើវិស័យកីឡាទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិបាន គឺអាស្រ័យដោយប្រទេសយើងមានសន្តិភាពពេញលេញ។
នៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ រាជរដ្ឋាភិបាលនឹងចាត់ចែងអោយមានការប្រគុំតន្ត្រីអបអរសាទរជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅតាមទីកន្លែងមួយចំនួនដូចជា រមណីយដ្ឋានវត្តភ្នំ សួនច្បារវត្តបទុមវតី និង កោះពេជ្រ ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាម TV និងមានបាញ់កាំជ្រួចអបរអរពិធីបុណ្យទៀតផង។
កម្រិតទឹកទន្លេពេលនេះ ក៏កំពុងស្រកចុះយ៉ាងខ្លាំង ដែលគ្មានសុវត្ថិភាពក្នុងការប្រណាំងទូកជាផ្លូវការ។ ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬក្រុមអ្នកស្ម័គ្រចិត្តទាំងឡាយណាដែលមានលទ្ឋភាពចង់រៀបចំអុំទូក ក៏ពុំមានការហាមឃាត់ដែរ តែត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពដោយខ្លួនឯងអោយបានល្អបំផុត។ យើងសង្ឃឹមថាប្រជាពលរដ្ឋនឹងយោគយល់ចំពោះបញ្ហាសុវត្ថិភាពជាចម្បង ដែលរាជរដ្ឋាភិបាលបានសម្រេចការផ្អាកពិធីបុណ្យអុំទូកជាផ្លូវការឆ្នាំនេះ៕