Wednesday, November 18, 2015

ប្រមុខ​រាជរដ្ឋាភិបាល ហាម​ពលរដ្ឋ​ខែ្មរ​មិនឲ្យ ជួល ឬ​លក់​ដីស្រែ​ដី​ចំការ ឲ្យ​ពលរដ្ឋ​ប្រទេសជិតខាង​

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​មួយ ធ្វើ​ការហាម​ប្រជា​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​លក់ ឬ​ជួល​ដីស្រែ ឬ​ដី​ចំការ ឬ​ដី​លំនៅឋាន​របស់​ខ្លួន នៅតាម​តំបន់​ព្រំដែន ឲ្យទៅ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ជិតខាង​នោះទេ​។​
​ក្នុង​សារាចរ​ដែល​ចុះហត្ថលេខា ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា នា​ពេល​កន្លងមក​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ជួល​ដីស្រែ​ចំការ ឬ​ដី​លំនៅឋាន របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន ឲ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង ដូចជា វៀតណាម ឡាវ និង​ថៃ ដើម្បី​បង្កបង្កើន​ផល ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ​។​ល​។
​ការជួល​ដី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ មាន​ករណី​ខ្លះ​ពុំ​មាន​រៀបចំ​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ជួល​ឲ្យបាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​ម្ចាស់​ដី​ជា​ជនជាតិ​ខ្មែរ បាត់បង់​នូវ​ផលប្រយោជន៍ នៅពេល​មាន​វិវាទ​កើតមានឡើង​។​
​ម្យ៉ាងវិញទៀត​នៅ​តំបន់​ព្រំដែន ដែល​ពុំ​ទាន់​បានកំណត់​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ផ្លូវការ​រួចរាល់​ជា​ស្ថាពរ ការជួល​ដី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន របស់​ប្រជាពលរដ្ឋ​ខ្មែរ ទៅឲ្យ​ប្រជាពលរដ្ឋ​នៃ ប្រទេសជិតខាង បាន​បង្ក​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​កិច្ចការ របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួន​។​
​ដើម្បី​រក្សា​ការពារ​នូវ​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ដូចជា​ការជួយ​ជំរុញ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល​ដល់​ការងារ​កំណត់​ខណ្ឌសីមា និង​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង សំដៅ​រក្សា​ការពា​ឲ្យបាន​នូវ​បូរណភាព​ទឹកដី និង​អធិតេយ្យភាព​ជាតិ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដែល​ក្នុងនោះ​រួមាន​៖ ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​លក់ ឬ​ជួល​ដីស្រែ​ដីចំការ ឬ​ដី​លំនៅឋាន​នៅ​តាម​តំបន់​ព្រំដែន ឲ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។ ក្នុងករណី​ដែល​មាន​ការជួល​ដី​រួចហើយ តែ​ពុំ​មាន​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ត្រឹមត្រូវ អភិបាលខេត្ត​ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បញ្ឈប់​លែងឲ្យ​មាន​ការជួល​ដី​នោះ ឲ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​តទៅទៀត ដោយ​ដាក់​ឱសានវាទ ក្នុង​រយៈពេល​កំណត់​មួយ​ជាក់លាក់ ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​។​
​ក្នុងករណី​ដែល​មាន​ការជួល​ដី​រួចហើយ តែ​មាន​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ត្រឹមត្រូវ ការជួល​ដី​នោះ​អាច​បន្ត​រហូតដល់​អស់​សុពលភាព​។ បន្ទាប់​ពី​បញ្ចប់​សុពលភាព ហាម​មិន​ឲ្យ​ជួល​ដី​នោះ​បន្ត​ទៅឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ជិតខាង​ទៀតឡើយ​។ អភិបាលខេត្ត​ត្រូវ​ចាត់ឲ្យមានការ​ពិនិត្យ​ឯកសារ ឬ​កិច្ចសន្យា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួល​ដី​នៅ​តាម​តំបន់​ព្រំដែន ឲ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិត​ខាងនា​ពេលកន្លងមក ដើម្បី​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អនុវត្តន៍​តាម​ស្មារតី​ចំណុច​ទី​២ និង​ចំណុច​ទី​៣​ខាងលើ​។ ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ត្រូវ​ដាក់ចេញ​នូវ​វិធានការ និង​យុទ្ធសាស្ត្រ​សមស្រប ដើម្បី​ជួយ​ជំរុញ​ការងារ​បង្កបង្កើនផល និង​ការដាំដុះ​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន ដែល​ជា​ការ​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដី ឲ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​។​
 ទទួលបាន​សារាចរ​នេះ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ដែល​ជាប់​ព្រំដែន មន្ទីរ និង​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ដែល​ជាប់​ព្រំដែន ត្រូវ​ចាត់ចែង​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕