មណ្ឌលគិរី៖ ចោរប្រុស ស្រីមួយក្រុម មានគ្នាបីនាក់ ដែលធ្វើសកម្មភាព កាត់ច្រវ៉ាក់ និងកាច់សោ-ក ម៉ូតូ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចរួមដៃគ្នា ចាប់ខ្លួនបក្ខពួករបស់គេ បានជាបន្តបន្ទាប់ ដោយក្រោយពីកម្លាំងអាវុធហត្ថ ចាប់បាន ចោរស្រីម្នាក់ កាលពីថ្ងៃទី១ វិច្ឆិកា ២០១៥ មកទល់នឹងថ្ងៃទី៣ វិច្ឆិកា ២០១៥ នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត សម្រេចក្របួចបានជនសង្ស័យម្នាក់ទៀតហើយ ខណៈបក្ខពួកក្រុមចោរទាំងនេះ ម្នាក់ផ្សេងទៀតកំពុងសម្ងំ លាក់ខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ចនៅឡើយ។
លោក ហេង ម៉ារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ ជិន នី ភេទប្រុស អាយុ២៧ឆ្នាំ ហៅក្រៅថា(ហឺ ) ជនជាតិខ្មែរ បច្ចុប្បន្នមាទីលំនៅ ភូមិព្រៃផ្លង ឃុំស្មោង ខាងត្បូង ស្រុកកំចាញមា ខេត្តព្រៃវែង ។ ហើយបច្ចុប្បន្នជនសង្ស័យរូបនេះ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៣ វិច្ឆិកា ២០១៥នេះ ។ ចំណែកជនសង្ស័យ ដែលគេចខ្លួនម្នាក់ទៀត ដែលគេស្គាល់ថា ឈ្មោះ សុង សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ កំពុងធ្វើការស្រាវជ្រាវបន្ត ។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀត ដែលត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ឃាត់ខ្លួនបាន គឺឈ្មោះ យៀង សេងថៃ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ដោយជនសង្ស័យរូបនេះ គឺត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងម៉ូតូ ២គ្រឿង កាលពីថ្ងៃទី១ វិច្ឆិកា ២០១៥ ក្នុងភូមិពូទ្រូ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។ ជនសង្ស័យស្រីខាងលើនេះដែរ បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៣ វិច្ឆិកា ២០១៥នេះដែរ ។ ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ ដើម្បីប្រគល់ឲ្យម្ចាស់ដើមវិញ ។
សូមរំឭកដែរថា កាលពីយប់ថ្ងៃទី៣០ តុលា ២០១៥ ក្នុងក្រុងសែនមនោរម្យ គឺមានករណីលួចកាច់សោ.កម៉ូតូ ចំនួន២ ករណី ដែលកើតឡើង នៅក្នុងទីតាំងខុសគ្នា ករណីទី១.កើតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រុមចោរបានធ្វើសកម្មភាពកាត់ច្រវ៉ាក់យកម៉ូតូសង់ សេរី២០១៥ ដែលមានម្ចាស់ឈ្មោះ ឌឹម ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ និងករណីទី២.កើតឡើងនៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សឿ គីមសាន ភេ ទស្រី អាយុ៣៩ឆ្នាំ ៕