Tuesday, November 3, 2015

ចាប់ខ្លួន​ជនសង្ស័យ​៩​នាក់ គំរាម​ទារ​ប្រាក់​ពី​សិស្សសាលា

បាត់ដំបង ៖ ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គំរាមកំហែង​ទារប្រាក់​សិស្សសាលា​ដូចគ្នា តាំងពី​អំឡុង​ឆ្នាំ​២០១៤ រហូត​មក​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​។​
​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅក្នុង​វិទ្យាល័យ​អន្លង់​វិល ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ចាប់ពី​ម៉ោង​៨:៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ រហូតដល់​ម៉ោង​១០:៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​បញ្ចប់ ហើយ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​របស់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អន្លង់​វិល និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ក្រោយពី​បាន​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា នួន សាន ដើម្បី​ឃាត់ខ្លួន​មុខសញ្ញា​គំរាមកំហែង​ទារប្រាក់ ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ឪពុក​ជនរងគ្រោះ​។​
​យោងទៅលើ​ពាក្យបណ្ដឹង​របស់​ឈ្មោះ រស់ ឆៃលី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​បញ្ញា ឃុំ​កំបូល​ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជា​អាជីវករ​លក់​សាំង ពាក់ព័ន្ធ​នឹង​ករណី​គំរាម​ទារប្រាក់​កូនប្រុស​របស់​គាត់ ឈ្មោះ លី ឆាយ​តាក់ អាយុ​១៦​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​អន្លង់​វិល ពី​សំណាក់​សិស្សសាលា​ដូចគ្នា ដែល​មាន​គ្នា​ច្រើន ព្រមទាំង​គំរាម​ទារប្រាក់​ប្រចាំថ្ងៃ​ប្រចាំ​ខែ​នោះ បាន​លើកឡើង​ថា ក្នុង​១​ខែៗ​លោក​មាន​ការបាត់បង់​ប្រាក់​ចាប់ពី​៥០០០​ដុល្លារ ទៅ ៦០០០​ដុល្លារ ដោយ​មាន​ចម្ងល់​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​បាន​ឆែក​ហោប៉ៅ​កូនប្រុស​របស់​លោក​ដើម្បី​ចង់​ដឹង​ពី​ការ​បាត់​ប្រាក់​ទាំងនោះ ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​នៅ​ទឹកប្រាក់​ចំនួន​១៥០​ដុល្លារ ដែល​កូនប្រុស​បាន​លាក់​ក្នុង​ហោប៉ៅ​មុនពេល​ចាកចេញ​ពី​ផ្ទះ​ទៅ​សាលារៀន​។ ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ លោក​ក៏​បាន​សួរ​នាំ​ទៅ​កូន​ប្រុស ដោយ​កូនប្រុស​បាន​សារភាពថា គឺ​យក​ទៅ​ប្រគល់​ឲ្យ​សិស្ស​មួយចំនួន​នៅ​ក្នុង​សាលារៀន ដែល​បាន​គំរាម​ទារ​ប្រាក់ ដោយ​សន្យា​មិន​រាយការណ៍​ទៅ​ប៉ា​ម៉ាក់ ពាក់ព័ន្ធ​ទៅនឹង​ករណី ដែល​ខ្លួន​ទិញ​ខ្សែក និង​ខ្សែដៃ​ឲ្យ​នារី​ម្នាក់​ឈ្មោះ គុជ ដា​នី អាយុ​១៦​ឆ្នាំ រស់នៅក្នុង​មណ្ឌល​កុមារកំព្រា​ក្នុង​ស្រុក​សង្កែ​ដូចគ្នា​។​
​ដោយហេតុតែ​ខ្លួន​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា ដែល​ពួកគេ​នឹង​រាយការណ៍​មក​ឪពុកម្តាយ ទើប​ខ្លួន​ចាប់ផ្ដើម​លួច​ប្រាក់ ដែល​បាន​ពី​ការលក់​សាំង​ទៅ​ឲ្យ​ពួកគេ​រាល់​ខែ​ចាប់​តាំងពី​អំឡុង ឆ្នាំ​២០១៤​មកម្ល៉េះ​។​
​ក្នុង​ប្រតិបត្តិការ​នគរបាល​ស្រុក​សង្កែ បាន​ឃាត់ខ្លួន​មុខសញ្ញា និង​បក្ខពួក​បាន​ចំនួន​៩​នាក់ ទី​១.​ឈ្មោះ សុខ លី​ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ​, ទី​២.​ឈ្មោះ ហម ស្ថាបនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល​, ទី​៣.​ឈ្មោះ​យូរ មករា ភេទ​ប្រុស អាយុ​១៦ រស់នៅ​ភូមិ អន្លង់​វិល ឃុំ​អន្លង់​, ទី​៤.​ឈ្មោះ វុន ប៊ុន​រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល​, ទី​៥.​ឈ្មោះ រុណ សួស្តី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល​, ទី​៦.​ឈ្មោះ សត់ សុកន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល​, ទី​៧.​ឈ្មោះ ភី​ន ឆា​នុត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល​, ទី​៨.​ឈ្មោះ ម៉េន ស៊ី​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល និង​ទី​៩.​ឈ្មោះ ហែម ស៊ីណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល​។​
​បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​របស់​ពួកគេ​ទាំង​៩​នាក់​នោះ​រួចមក បច្ចុប្បន្ន​នគរបាល​ស្រុក​សង្កែ កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ពួកគេ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕