កណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនអន្តោប្រវេសន៍ចំនួន៨នាក់ ក្នុងនោះមានមេខ្យល់ម្នាក់ ដែលបានលួចចូលមកកម្ពុជា ដោយខុសច្បាប់តាមច្រករបៀងព្រែកស្បូវ ដើម្បីមកស៊ីឈ្នួលបេះផ្លែស្វាយឲ្យក្រុមឈ្មួញទិញស្វាយ នៅក្នុងភូមិសាស្ត្រ ឃុំស្វាយប្រទាល។
ប្រតិបត្តការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង គ្រាដែលជនអន្តោប្រវែសន៍ទាំងអស់នេះ កំពុងជិះលើរថយន្តទួរីសមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-5313 ក្នុងគោលបំណងឆ្ពោះទៅបេះផ្លែស្វាយ នៅឯចម្ការមួយកន្លែង ស្ថិតក្នុងឃុំស្វាយប្រទាលដដែលនោះ។
មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ទាំង៨នាក់ ទី១-ឈ្មោះ វៀង យ៉ាំងតាប់ ភេទប្រុស អាយុ ២៩ឆ្នាំ (មានលិខិតឆ្លងដែនចូលមកទេសចរណ៍), ទី២-ឈ្មោះ វៀង យ៉ាំងប៊ិន ភេទប្រុស អាយុ ៣១ឆ្នាំ, ទី៣-ឈ្មោះ វៀង យ៉ាំងវ៉ាង ភេទប្រុស អាយុ ២០ឆ្នាំ, ទី៤-ឈ្មោះ វៀង ទឹងយូ ភេទប្រុស អាយុ ២៥ឆ្នាំ, ទី៥-ឈ្មោះ វៀង យ៉ាំងឡើយ ភេទប្រុស អាយុ ៣០ឆ្នាំ, ទី៦-ឈ្មោះ វៀង យ៉ាំងញឹក ភេទប្រុស អាយុ ១៨ឆ្នាំ, ទី៧-ឈ្មោះ វៀង វ៉ឹកផុង ភេទប្រុស អាយុ ៣៧ឆ្នាំ និងទី៨-ឈ្មោះ វៀង ថៃប៊ិន ភេទប្រុស អាយុ ២៤ឆ្នាំ។ ជនជាតិវៀតណាមទាំង៨នាក់ខាងលើនេះ មានទីលំនៅក្នុងភូមិខាំងប៊ិន ឃុំខាំងប៊ិន ស្រុកអាំងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនជាតិវៀតណាមខាងលើនេះ បានលួចឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់តាមច្រករបៀងព្រែកស្បូវ ស្ថិតក្នុងភូមិព្រែកស្បូង (ភូមិលេខ៩) ឃុំសំពៅពូន ស្រុកកោះធំ នៅវេលាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមរយៈមេខ្យល់ឈ្មោះ វៀង យ៉ាំងតាប់ ដើម្បីមកស៊ីឈ្នួលបេះផ្លែស្វាយឲ្យឈ្មោះ សុង លាងហួរ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង។ ខណៈដែលកំពុងជិះរថយន្តតាមដងផ្លូវ ក៏ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនតែម្តង។
លោកវរសេនីយ៍ឯក តុប សុវណ្ណ ស្នងការរងទទួលការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានថ្លែងថា បន្ទាប់ពីពិនិត្យឃើញថា ជនជាតិវៀតណាមទាំង៨នាក់ខាងលើនេះ ជាជនអន្តោប្រវេសន៍ខុសច្បាប់ កម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំឯកសារចាប់បញ្ជូនពួកគេទាំង៨នាក់ ឲ្យទៅកាន់ប្រទេសកំណើតវិញ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមចក្រទ្វារទ្វេភាគីជ្រៃធំ-ខ្នាតាំងយូរ ដោយអនុវត្តតាមច្បាប់អន្តោប្រវេសន្តរបស់កម្ពុជា ៕