Tuesday, November 3, 2015

កម្ពុជា​ខកខាន​ បណ្តេញ​ជនជាតិ​ចិន​ជាង​១០០​នាក់

​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆកា ឆ្នាំ​២០១៥​នេះ បាន​ខកខាន​ក្នុង​ការបញ្ជូន​ជនជាតិ​ចិន​ឲ្យ​វិលត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​វិញ ដោយសារ​បញ្ហា​មួយចំនួន​ពុំ​ទាន់​រៀបចំ​រួចរាល់ ។​
​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆកា ឆ្នាំ​២០១៥ នគរបាល​ជាន់ខ្ពស់​ម្នាក់​បានឲ្យដឹងថា ជនជាតិ​ចិន​ជាង​១០០​នាក់ ដែល​បាន​ចាប់ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​បណ្ដេញចេញ​ពី​កម្ពុជា នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​នេះ ។​
​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ប្រាប់ឲ្យដឹង​ថា ការខកខាន​ក្នុង​ការបញ្ជូន​ជនជាតិ​ចិន​ទៅកាន់​ប្រទេស​ដើម​វិញ គឺ​ដោយសារ​ឯកសារ​មួយ​ចំនួន​ពុំ​ទាន់​រៀបចំ​រួចរាល់​។ យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា ជនជាតិ​ចិន​ជាង​១០០​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ដើម​វិញ នា​អំឡុង​ថ្ងៃ​ពុធ ឬ ថ្ងៃ​ព្រហស្បតិ៍ ។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ១៦៨​នាក់ នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​បទល្មើស VOIP​ជំរិត​ទារប្រាក់​តាម Internet ។​
​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំងនេះ កំពុងស្ថិត​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រង់ចាំ​ការបណ្ដេញចេញ​ពី​កម្ពុជា ៕