ក្រចេះ ៖ ស្ត្រីមេម៉ាយម្នាក់ ត្រូវជនដៃដល់ជាឃាតក ស៊ីឈ្នួល បានធ្វើសកម្មភាព ដោយប្រើដែកគាស់ដែកគោល ចាក់សម្លាប់យ៉ាងព្រៃផ្សៃស្លាប់ភ្លាមៗ នៅលើប៉ៅអ៊ីដេក ក្រោមផ្ទះកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសារតែរឿងគំនុំ ជំពាក់លុយចង់ការរវាងស្ត្រី ជាអ្នកជួល និងស្ត្រីរងគ្រោះ ។
សាកសពរបស់ស្ត្រីរងគ្រោះឈ្មោះ ហិន ភាព អាយុ៦១ឆ្នាំ ត្រូវបានឃាតក ដៃដល់ ចាក់សម្លាប់ទៅនិងដែកគាស់ចុងស្រួច បណ្តាលឲ្យដេកស្លាប់លើប៉ៅអីក្រោមផ្ទះ នៅក្នុង ភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ។
យ៉ាងណាក៏ដោយឈាមស្រែកស្បែកហៅ ឃាតក ដៃដល់ដែលបានស៊ីឈ្នួលសម្លាប់ មនុស្ស ក្នុងតម្លៃខ្លួនពីរលានរៀល ព្រមទាំងស្ត្រីម្នាក់ទៀតដែលជាអ្នកជួល ត្រូវបានវែកមុខ ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៥ ក្រោយពីមានការចុះធ្វើការស៊ើបអង្កេតនៅនឹងកន្លែង កើតហេតុ ពីសំណាក់កម្លាំងនគរបាលស្រុកសំបូរ និងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ។
អំពើឃាតកម្មចាក់សម្លាប់នេះត្រូវបានលោក ឈិន សំបូរ អធិការរងព្រហ្មទណ្ឌស្រុក សំបូរដែលបានដឹកនាំកម្លាំងនគរបាលចុះស៊ើបអង្កេត ក្រោយពីកើតហេតុ និងឈានដល់ កំណត់បានលើមុខសញ្ញា បានសន្និដ្ឋានថា មូលហេតុដែលឈានឲ្យមានករណីឃាតកម្ម នេះផ្តើមចេញពីរឿងគំនុំជំពាក់លុយចង់ការ ។
នគរបាលស្រុកសំបូរ បានបង្ហាញអត្តសញ្ញាណថា ជនដៃដល់ជាឃាតក ស៊ីឈ្នួល ឈ្មោះ ឡឹក ចាន់វាសនា ហៅក្លូ អាយុ២៨ឆ្នាំ ជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារ និងក៏ ជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន ចំណែក ឯស្ត្រីដែលនៅពីក្រោយខ្នង និងជាអ្នកជួល ជនដៃដល់ឲ្យសម្លាប់ឈ្មោះ ស៊ុន វ៉ារី ហៅ វិន អាយុ៤៧ឆ្នាំ ជនសង្ស័យប្រុស-ស្រី ទាំងពីរមានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ។
អធិការរងនគរបាលស្រុកសំបូរ លោក ឈិន សំបូរ បានឲ្យដឹងថា កន្លងមកស្ត្រី សង្ស័យឈ្មោះ ស៊ុន វ៉ារី ធ្លាប់បានមកចង់ការលុយ ពីស្ត្រីរងគ្រោះជាច្រើនពាន់ដុល្លារ ហើយក្រោយពីលុយការ និងលុយដើមមានការកើនឡើងជាច្រើនឆ្នាំ មានចំនួនជិត១ម៉ឺនដុល្លារ ស្ត្រីរងគ្រោះក៏បានទៅទារពីស្ត្រីសង្ស័យ ក៏កើតមានជាជម្លោះ ។ បន្ទាប់ពីមានការកើតជា ជម្លោះស្ត្រីសង្ស័យក៏បានទៅជួលជនដៃដល់ឈ្មោះ ឡឹក ចាន់វាសនា ហៅក្លូ ក្នុងតម្លៃពីរលានរៀល ឲ្យទៅសម្លាប់ស្ត្រីរងគ្រោះ ។ បន្ទាប់ពីទទួលលុយពីរលានរៀលពីរស្ត្រីសង្ស័យ ជនដៃដល់បានទៅពឹងជនម្នាក់ទៀត តែជននោះមិនព្រមធ្វើ និងបានស៊ីដាច់លុយអស់ ហើយស្ត្រីសង្ស័យ ក៏ចេះតែទៅទាលុយពីជនដៃដល់ ដែលមិនអនុវត្តបានសម្រេចជាច្រើន លើកច្រើនសារ ស្របពេលដែលជននេះ ក៏ធ្លាប់មានការខឹងនិងស្ត្រីរងគ្រោះ ជាស្ត្រីមេមាយ រូបនេះដោយចោទថា ធ្លាប់លួចមានទំនាក់ទំនងស្នេហា ជាមួយឪពុកខ្លួនទៀតផងនោះ ។
នៅយប់ថ្ងៃកើហេតុ ឈានចូលព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៥ បន្ទាប់ពីជននេះបានបំពុលឆ្កែមួយក្បាល ឲ្យងាប់រួចមកជននេះប្រដាប់ដោយដែកគាស់មានមុខស្រួច បានយកមកចាក់លើស្ត្រីរង គ្រោះ ដែលកំពុងតែដេកនៅលើប៉ៅអ៊ីក្រោមផ្ទះ បណ្តាលឲ្យត្រូវចំលើដើមដោះខាងឆ្វេង ត្រូវស្លាប់ភ្លាមៗ។
លោកឈិន សំបូរ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើហេតុភ្លាមកម្លាំងនគរបាល ស្រុកបានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុ និងក៏បានស្រាវជ្រាវកំណត់លើមុខ សញ្ញា ក៏ឈានទៅដល់ការឃាត់ខ្លួនជនប្រុស ស្រី សង្ស័យទាំងពីរនាក់នេះ។
លោកបញ្ជាក់ថា ជនសង្ស័យប្រុស ស្រី ទាំងពីរនាក់ រួមទាំងវត្ថុតាង ដែកគាស់ដែល ជនដៃដល់បានយកមកធ្វើសកម្មភាពចាក់សម្លាប់ រួចយកទៅកបក្នុងដីនៅចម្ការ គឺត្រូវបាន នគរបាលនាំមកកាន់អធិការស្រុក ដើម្បីធ្វើាករសាកសួរបន្ត ៕